ភ្នំពេញ ÷ ក្នុងពេលជំងឺកូវីដ១៩ កំពុងសាយភាយកាន់តែខ្លាំងនៅលើពិភពលោក បានជំរុញអោយប្រទេសបញ្ជាទិញធំៗ ផលិតផលវាយនភ័ណ្ឌពីកម្ពុជា បានស្នើមកកាន់ភាគីកម្ពុជា ពីការផ្អាកការដឹកជញ្ជូនទំនិញទៅកាន់ប្រទេសមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ ១៩ ។ ការផ្អាកនូវការបញ្ជាទិញនេះ អាចនឹងរងផលប៉ះពាល់មួយចំនួនទៅដល់កម្មករ កម្មការិនី ដែលកំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងផងដែរ ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា អោយដឹងថា ទីផ្សារបញ្ជាទិញមួយចំនួន បានស្នើឲ្យមានការផ្អាកដឹកជញ្ជូនទំនិញទៅកាន់ទៅទីនោះ គឺសំដៅទៅលើទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប ដែលពេលនេះទីផ្សារធំទាំងពីរ កំពុងទទួលរងនូវផលប៉ះពាល់ពីកូវីដ-១៩យ៉ាងខ្លាំង ។
លោកបន្តថា បញ្ហាប្រឈមនឹងការរាលដាលនៃវីរុសកូវីដ-១៩ នៅដើមឆ្នាំ២០២០នេះ រោងចក្រមួយចំនួនបានប្រកាសព្យួរការងារដោយសារខ្វះវត្ថុធាតុដើម ដោយផ្តល់ប្រាក់ឈ្នួលសរុបដល់កម្មករ និយោជិតចំនួន៦០% ភ្ជាប់នឹងលក្ខខណ្ឌ តម្រូវឲ្យកម្មករត្រូវចូលរួមបណ្តុះបណ្តាលជំនាញបន្ថែម។ ក៏ប៉ុន្តែកាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូនវត្ថុធាតុដើមជាច្រើននាវាមកកម្ពុជា ជាហេតុធ្វើឲ្យសង្វាក់ផលិតកម្មនៃវិស័យកាត់ដេរ បានដំណើរការឡើងវិញ ។
បើតាមលោកប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីព ចលនាកម្មករកម្ពុជា បានអោយដឹងថា ការផ្អាកការបញ្ជាទិញពីអ្នកបញ្ជាទិញនៅក្រៅប្រទេសវាជារឿងល្អទៅវិញនៅពេលនេះ ដើម្បីអោយថៅកែរោងចក្រអនុញ្ញាតអោយកម្មករ កម្មការិនីបានឈប់សម្រាក ដើម្បីថែទាំងសុខាភាពរបស់ពួកគេ ក្នុងពេលជំងឺកូវីដ១៩កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ។ បើសិនជាអ្នកបញ្ជាទិញនៅតែបន្តបញ្ជាទិញ អ្នកផលិតនៅតែបន្តផលិត ហើយកម្មករ កម្មការិនី នៅតែបន្តបំពេញការងារ ដូច្នេះហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅតែខ្ពស់ ដោយសារតែកម្មករ កម្មការិនី ធ្វើការជាបណ្ដុំក្នុងកន្លែងតែមួយ ។
លោកបន្តថា ការផ្អាក ការបញ្ជាទិញពីអ្នកក្រៅប្រទេសពិតណាស់វានឹងត្រូវប៉ះពាល់ដល់វិស័យនេះ ក៏ប៉ុន្តែគឺ បណ្ដាលមកពីជំងឺហើយគេក៏មិនចង់អោយមានការចរាចរណ៍ទំនិញចេញចូលប្រទេសគេដែរ គេក៏ត្រូវការរក្សាសុវត្ថិភាពប្រទេសគេដូចគ្នា ។ ក្នុងដំណាក់កាលដែល កម្មករ កម្មការិនី អត់មានការងារធ្វើ ភាគី ថៅកែ គួរតែផ្ដល់ប្រាក់កម្រៃ ក្នុងកម្រិតណាមួយដើម្បីជួយពួកគេដោះស្រាយបញ្ហាជីវភាព ហើយធនាគារជាតិក៏គួរតែរកដំណោះស្រាយណាមួយជួយដល់ពួកគេ ដែលជំពាក់ធនាគារ ឬមីក្រូហិរញ្ញវត្ថុកន្លងមក ។
លោកបន្ថែមថា ការទប់ស្កាត់ជំងឺកូវីដ ១៩ នៅពេលនេះ គឺវាសំខាន់ណាស់ ដែលត្រូវគិតគូរ ព្រោះសូម្បីតែមន្ត្រី រាជការនៅតាមស្ថាប័ននានា ក៏ត្រូវបានប្រកាសអោយមានការប្រុងប្រយ័ត្ន និងចេញវិធានការការពារអោយបានម៉ត់ចត់ផងដែរ ហើយក៏មានមន្ត្រីរាជការមួយចំនួន ត្រូវបានអនុញ្ញាតអោយធ្វើការពីផ្ទះមកផងដែរ ដើម្បីទប់ស្កាត់ការជួបជុំ និងការឆ្លងរាលដាលជំងឺកូវីដនេះ ។
លោកបញ្ជាក់ថា ពេលនេះ មានរោងចក្រមួយចំនួនបានផ្អាក ការងារតាំងពីជំងឺកូវីដ១៩កើតឡើងដំបូង នៅក្នុងប្រទេសចិន ព្រោះតែមិនមានសម្ភារៈគ្រប់គ្រាន់សម្រាប់ដំណើរការក្នុងការផលិត ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់ដំណើរការវិញនៅឡើយទេ ។
គួរបញ្ជាក់ផងដែរថា វិស័យកាត់ដេរកម្ពុជា បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ៧០ម៉ឺននាក់ និងប្រាក់ចំណូលប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋដោយប្រយោលប្រមាណ២លាននាក់បន្ថែមទៀត ។ វិស័យនេះ បានជួបបញ្ហាចាប់តាំងពីចុងខែមករា ឆ្នាំ ២០២០មកម្ល៉េះ ពោលគឺចាប់តាំងពីប្រទេសចិនបានផ្ទុះជំងឺកូវីដ១៩ ព្រោះ វត្ថុធាតុដើមសម្រាប់បម្រើក្នុងវិស័យឧស្សហកម្មកាត់ដេរកម្ពុជា ភាគច្រើនយកពីប្រទេសចិន ហើយក្នុងពេលប្រទេសចិនជួបបញ្ហាពីជំងឺកូវីដ បណ្ដារោងចក្រផលិតវត្ថុធាតុដើម ផ្គត់ផ្គង់នៅកម្ពុជាក៏ត្រូវបានផ្អាក តែនៅពេលវត្ថុធាតុដើមមកដល់វិញ ដល់ពេលពិភពលោកជួបបញ្ហាកូវីដ១៩ម្ដង និងបានប្រកាសផ្អាកការដឹកជញ្ជូនមួយរយៈ ៕