ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋានឱ្យចុះចាត់វិធានការ ដោយដាក់ពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការការចម្លងមេរោគកូវីដ១៩ (COVID-19)។
ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរធ្វើការនៅថៃ បានសម្រុកនាំគ្នាចាកចេញពីប្រទេសថៃ ត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។
សារសំឡែងណែនាំទៅកាន់ថ្នាក់ដឹកនាំនៅតាមបណ្តាខេត្ត ជាពិសេសខេត្តជាប់ព្រំដែនថៃកាលយប់មិញ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះ «ឥឡូវខ្ញុំស្នើអ៊ីចេះខេត្តសាម៉ីនីមួយៗណែនាំទៅមូលដ្ឋានភូមិឃុំហ្នឹង ស្រុកហ្នឹងឱ្យផ្តល់ព័ត៌មាន។ បានន័យថា ប្រជាជនទើបមកពីថៃផ្តល់ព័ត៌មានមក ដើម្បីឱ្យគ្រូពេទ្យពិនិត្យ ហើយបើសង្ស័យយ៉ាងម៉េចទុកឱ្យគាត់នៅដោយឡែកសិន កុំឱ្យប៉ះពាល់ជាមួយអ្នកដទៃនៅក្នុងផ្ទះគាត់ណុង។ សូម្បីតែគ្រួសារក៏កុំឱ្យប៉ះដែរ។ ល្អមែនទែនគាត់មកអ៊ីចឹងមែន ឱ្យគាត់នៅក្នុងផ្ទះគាត់ណុង១៤ថ្ងៃ ហើយបើមានអីសង្ស័យយកកំហាក យកអីមកធ្វើតេស្តធ្វើអី»។
សម្តេចណែនាំបន្តថា «ណែនាំពួកគាត់នៅក្នុងផ្ទះមែន តែនៅដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារជំងឺរាតត្បាតនេះ។ បើមានសញ្ញាអីយកមកពិនិត្យឱ្យបានច្បាស់លាស់»។
ចំណែកលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យ បានអំពាវនាវដល់ប្រជាពលរដ្ឋទើបត្រឡប់មកពីបរទេស កុំប្រញាប់ស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ដោយរង់ចាំឱ្យបានរយៈពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលជំងឺបង្កដោយមេរោគកូវីដ១៩ (COVID-19)។
លោក ហេង សួរ បានអំពាវនាវនៅលើទំព័រ Facebook យ៉ាងដូច្នេះ «បងប្អូនដែលទើបមកពីខេត្តឆ្ងាយ ឬបរទេស មេត្តាកុំអាលស្និទ្ធស្នាលជាមួយក្រុមគ្រួសារពេក! សូមរង់ចាំ១៤ថ្ងៃសិន ប្រសិនជាអ្នកស្រឡាញ់គ្រួសារអ្នក»។
ពាក់ព័ន្ធនឹងពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃនេះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួង លោកស្រី ឱ វណ្ណឌីន បានចេញមកអំពាវនាវផងដែរ ដល់អ្នកត្រឡប់មកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដោយមិនត្រូវមានទំនាក់ទំនងជាមួយក្រុមគ្រួសារនោះទេ។ បន្ថែមពីលើនោះ ត្រូវអនុវត្តន៍តាមវិធានអនាម័យទាំងឡាយដែលដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការចម្លងមេរោគកូវីដ១៩។ បន្ថែមពីលើនោះត្រូវអនុវត្តន៍តាមវិធានអនាម័យទាំងឡាយ ដែលដាក់ចេញដោយក្រសួង ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ មានអ្នកឆ្លងកើនឡើងជិត៦០០នាក់។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃ បាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញ ដោយមិនដឹងពីមូលហេតុនោះឡើយ។ តាមច្រកព្រំដែននៃខេត្តជាប់ប្រទេសថៃដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ត្រូវបានគេរាយការណ៍ថា មានពលរដ្ឋខ្មែរច្រើនជាងពាន់នាក់បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ។
ការត្រឡប់មកស្រុកយ៉ាងគំហុករបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃនេះ នាំឱ្យមានការព្រួយបារម្ភខ្លាចពួកគេនាំមកទាំងមេរោគកូវីដ មកជាមួយ ខណៈការឆ្លងមេរោគកូវីដ១៩នៅប្រទេសថៃមានការកើនឡើង។ មកដល់ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩រហូតដល់ជិត ៦០០នាក់ហើយ។ ការឆ្លងនេះ មានអត្រាខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕