បទពិសោធឆ្លងកាត់ការព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យខ្មែរ-សូវៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2020 ក+ ក-

ភ្នំពេញ ៖ ជាមន្ត្រីរាជការវ័យ ៣៩ ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធនិងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំដែលបានឆ្លងកាត់ការព្យាបាលជំងឺកូវីដ ១៩ រយៈពេល ៣ សប្តាហ៍ នៅមន្ទីរពេទ្យខ្មែរ-សូវៀត។    

(អគារមួយនៃមន្ទីរពេទ្យ ខ្មែរ សូវៀត)

១) ការឆ្លង និងអាការដំបូង

ករណីរបស់ខ្ញុំ គឺឆ្លងពីការពីចូលរួមសិក្ខាសាលាអន្តរជាតិនៅបារាំង ដែលមានអ្នកចូលរួមប្រហែល ៣០ នាក់ ហើយសិក្ខាសាលា បានផ្អាកភ្លាមៗក្រោយបានដឹងថា ជនជាតិហ្វីលីពីនម្នាក់កើតជំងឺនេះ។ សិក្ខាកាមផ្សេងទៀត បានទាមទារធ្វើតេស្ត តែបារាំងមិនព្រមធ្វើឲ្យដោយសំអាងថា គ្មានអាការ។ សិក្ខាកាមបរទេស ២ រូបផ្សេងទៀតក៏បានប្រាប់យើងថា ពួកគាត់បានធ្វើតេស្តវិជ្ជមានដែរបន្ទាប់ពីទៅដល់ប្រទេសវិញ។

មកដល់ប្រទេសវិញ ជាវិធានការបង្ការ ខ្ញុំបានជួលខុនដូនៅដាច់ដោយឡែកពីគ្រួសារឲ្យបានគ្រប់ ១៤ ថ្ងៃ ១ ថ្ងៃក្រោយមក ពោលគឺ ៧ ថ្ងៃក្រោយពីខ្ញុំបានប្រាស្រ័យទាក់ទងជាមួយអ្នកមានផ្ទុកវីរុសទើបខ្ញុំមានអាការប្លែក ដកដង្ហើមញាប់ រាក ប៉ុន្តែមិនក្តៅខ្លួន។ ថ្ងៃទី ២ នៅរាកទៀត ទោះមិនមានញ៉ាំអ្វីខុស ហើយស្រៀវស្រាញ តឹងក និងឡើងកម្តៅ។ គេងយប់ក្តៅរងា ហើយបែកញើស ឆាប់អស់កម្លាំង ចុករោយស្រពន់។ ខ្ញុំក៏ស្នើសុំការពិនិត្យនៅពេទ្យសូវៀត ហើយគេយកដងវែងដូចសំឡីត្បារត្រចៀក រុកចូលច្រមុះ និងបំពង់កខ្ញុំ ហើយយកសំណាករបស់ខ្ញុំទៅពិនិត្យ។

ក្រោយដឹងលទ្ធផលថាវិជ្ជមាន ដើម្បីរក្សាការសម្ងាត់ និងអត្តសញ្ញាណអ្នកជំងឺផង និងដើម្បីការពារសុខភាពសាធារណៈផង គេបានសាកសួរគ្រប់ចំណុចថា តើខ្ញុំបានជួបនរណា ទៅញ៉ាំបាយហាងណា។ល។ បន្ទប់ជួលខុនដូរបស់ខ្ញុំ ត្រូវបានគេស្ទេរីលសម្លាប់មេរោគ ហើយអ្នកសម្អាតបន្ទប់ក៏ត្រូវដាក់ក្នុងការតាមដាន។

២) ថ្នាំព្យាបាល

ថ្នាំសំខាន់ជាងគេគឺ Kaletra ដែលគេប្រើសម្រាប់ទប់ទល់នឹងវីរុស HIV ។ ថ្នាំនេះខ្លាំងអាចធ្វើទុក្ខក្រពះ ពិបាកគេង។ នៅថ្ងៃទី៣ ពេទ្យបានឲ្យថ្នាំថ្មីបន្ថែមទៀតគឺ Chloroquine ដែលជាថ្នាំគ្រុនចាញ់ ដើម្បីកុំឲ្យវីរុសរីករាលដាលវាយលុកដល់សួត។ ថ្នាំទាំង២មុខនេះ មិនមែនជាថ្នាំព្យាបាលទេ គឺគ្រាន់តែជាថ្នាំទប់ទល់កុំឲ្យមេរោគរីករាលដាលប៉ុណ្ណោះ។ ក្រៅពីនេះ គឺឲ្យថ្នាំអាស្រ័យលើអាការ បើក្តៅខ្លួនដាក់ Doliprane បើរាកដាក់ថ្នាំរាក។

អ្នកជំងឺដែលមានអាការស្រាល គឺពេទ្យឱ្យប្រើតែ Kaletra ទេ តែខ្ញុំនិងបុរសជនជាតិបារាំង ដែលមានបញ្ហាផ្លូវដង្ហើម ពេទ្យតម្រូវឱ្យប្រើថ្នាំ Chloroquine ថែមទៀត។ ពេទ្យឱ្យខ្ញុំប្រើថ្នាំ Chloroquine ១០ ថ្ងៃ ដើម្បីឱ្យផុតដំណាក់កាលគ្រោះថ្នាក់ នៃការរលាកសួត។ អាការនៃការរលាកសួតគឺមាន ៣ ព្រមគ្នា គឺក្តៅខ្លួនជាប្រចាំ ក្អក និងពិបាកដកដង្ហើម។ តែខ្ញុំពុំមានអាការក្តៅខ្លួនជាប្រចាំនោះទេ។

៣) អាការប្រចាំថ្ងៃ និងស្ថានភាពជំងឺ

អ្នកជំងឺពេលនោះ មានប្តីប្រពន្ធវ័យចំណាស់ជនជាតិអង់គ្លេស បុរសជនជាតិបែលហ្ស៊ិក និងបុរសជនជាតិបារាំង ២ នាក់ និងបងប្អូនខ្មែរអ៊ិស្លាម ៤ នាក់។ អាការ និងរោគសញ្ញាគឺមិនដូចគ្នាទេ។ ក្នុងចំណោមអ្នកជំងឺទាំង ១០ នាក់ មានតែខ្ញុំ និងបុរសជនជាតិបារាំងប៉ុណ្ណោះ ដែលមានបញ្ហាផ្លូវដង្ហើម ឯអ្នកផ្សេងទៀតហាក់ពុំមានអាការអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ពួកគាត់មានតែក្តៅខ្លួនបន្តិចបន្តួច ឬពិបាកគេង ឬធ្វើទុក្ខក្រពះដោយសារថ្នាំប៉ុណ្ណោះ។

អាការជំងឺមានឡើងមានចុះ។ បន្ទាប់ពីចូលសម្រាកព្យាបាល អាការរបស់ខ្ញុំគឺតឹងក ហាក់ដូចជាមានសត្វល្អិតនៅរមាស់ក្នុងបំពង់ក។ ខ្ញុំពុំមានប្រវត្តិឈឺផ្លូវដង្ហើមពីមុនមកទេ។ សំឡេងខ្ញុំ ចាប់ផ្តើមស្អក ហើយក្អករាល់ពេលដែលខ្ញុំហាមាត់និយាយ។ អាចដកដង្ហើមចេញបាន តែមានការពិបាកក្នុងការដកដង្ហើមចូល។ បើដកចូលខ្លាំង នឹងក្អក ឬដូចចង់ថប់ដង្ហើម។ គេងរាបស្មើធម្មតាពិបាកដកដង្ហើម ទាល់តែដាក់គ្រែរាងបញ្ឈរបន្តិច ហើយគេងផ្អៀងក៏ពិបាកដកដង្ហើមដែរ។ ដោយសារឥទ្ធិពលថ្នាំផង ដោយសារមេរោគវាយលុកផងជួនកាលធ្វើទុក្ខក្រពះពិបាកញ៉ាំ ជួនកាលពិបាកគេង ជួនទៅពេលគេងក្តៅត្រជាក់ បែកញើស។ ប៉ុន្តែពេទ្យមិនមានឱ្យតមអ្វីទេ ម្ហូបអ្វីក៏ញ៉ាំបានដែរ ឱ្យតែឃ្លាន។

ចំពោះកម្លាំងកំហែង ពេលខ្លះមានកម្លាំង ពេលខ្លះក៏ខ្សោយកម្លាំង។ អ្នកជំងឺផ្សេងទៀតដូចគ្នាដែរ។

នៅថ្ងៃទី១០ ពេលព្រឹកខ្ញុំហាក់មានអារម្មណ៍ស្រឡះបំពង់ក។ ពេលនោះខ្ញុំអរខ្លាំងណាស់។ តែពេលរសៀលស្រាប់តែឈឺកឡើងវិញ។ ហេតុតែចង់ឆាប់ជា ថ្ងៃនោះ ខ្ញុំខំប្រឹងញ៉ាំច្រើន ឈរហាលថ្ងៃ ៣០ នាទីព្រឹក ៣០ នាទីល្ងាច។ ដល់ប្រឹងជ្រុលពេកខ្ញុំបែរជាបាក់កម្លាំង ហើយស្ថានភាពធ្លាក់ចុះស្រិប។ ខ្ញុំពិបាកដកដង្ហើមទាល់តែប្រើអុកស៊ីហ្សែនជំនួយ ហើយអស់កម្លាំងល្ហិតល្ហៃ ទាល់តែព្យួរសេរ៉ូមទើបមានកម្លាំងឡើងវិញ។ នេះ គឺជាថ្ងៃដែលដុនដាបបំផុតសម្រាប់ខ្ញុំ។ បន្ទាប់ពីថ្ងៃនោះមក ខ្ញុំចាប់ផ្តើមថ្មមសុខភាពឡើងវិញ មិនបង្ខំញ៉ាំលើសកម្រិត ឬហាត់ប្រាណលើសកម្លាំង។

ខ្ញុំខិតខំស្តាប់អ្វីដែលរាងកាយទាមទារ។ ខ្ញុំខំញ៉ាំតិចៗតែច្រើនដង ហើយញ៉ាំនេះញ៉ាំនោះឱ្យមានអ្វីនៅក្នុងក្រពះជានិច្ច ដើម្បីរក្សាកម្លាំងជាប្រចាំ។ ព្យាយាមញ៉ាំទឹកច្រើនណាស់ ហាក់បីដូចជាការសម្អាតបំពង់ក។ នៅពេលដែលយើងមានសុខភាពខ្សោយ ហើយនៅពេលមានសម្ពាធឈាមទាប ពេលខ្លះយើងអាចយល់សប្តិអាក្រក់។ មិនមែនតែខ្ញុំទេ ជនបរទេសទាំងនោះក៏និយាយដូចគ្នាដែរ។

ការរក្សាសុខភាព និងកម្លាំងឱ្យមានលំនឹងល្អ គឺមានសារៈសំខាន់។ មិនអាចបង្ខំតាមចិត្តដែលចង់ជានោះទេ។

៤) ការធ្វើតេស្តតាមដានមេរោគ

ដំបូងពេទ្យបានប្រាប់ថា ធ្វើតេស្ត ៣ ថ្ងៃម្តង ហើយបើអវិជ្ជមានយកទៅដាក់កន្លែងផ្សេងតែម្តង ដើម្បីត្រៀមទទួលអ្នកវិជ្ជមានផ្សេងទៀត។ ក្រោយមក គេដូរគោលការណ៍មកពិនិត្យ ២ ថ្ងៃម្តងវិញ។ ក្រោយពេលដែលធ្វើតេស្តអវិជ្ជមាន ២ ដងជាប់គ្នា ទើបគេអនុញ្ញាតឱ្យចេញពីពេទ្យ ហើយក៏នៅបន្តតាមដានសុខភាព ២ សប្តាហ៍បន្តទៀត។ ក្នុងរយៈពេល ២ សប្តាហ៍នេះ ក៏ត្រូវធ្វើតេស្តម្តង ឬ ២ ដងទៀត ដើម្បីឱ្យប្រាកដថា លែងមានវីរុស។

លទ្ធផលតេស្តអវិជ្ជមាន២ដងជាប់គ្នា គឺមិនមែនមានភ្លាមៗនោះទេ។ បើមើលអ្នកជំងឺជុំវិញខ្ញុំ បូកទាំងខ្លួនខ្ញុំផង គឺពួកយើងត្រូវការពេលវេលាប្រហែល៣សបា្តហ៍ ទម្រាំវីរុសទាំងនោះរលាយបាត់ទៅវិញ ដោយខ្លួនឯង អាស្រ័យទៅតាមភាពខ្លាំង និងភាពស៊ាំនៃប្រព័ន្ធការពាររាងកាយយើង និងរយៈពេលនៃការឆ្លងវីរុស។ អ្នកខ្លះអាចជាលឿន ឬយូរជាងនេះ ពោលគឺមិនអាចកំណត់ពេលវេលាជាក់លាក់នោះទេ។

៥) ការគ្រប់គ្រងសតិអារម្មណ៍

ដូចរៀបរាប់ខាងលើ លទ្ធផលតេស្តអវិជ្ជមាន ២ ដងជាប់គ្នា គឺមិនងាយនោះទេ ព្រោះពេលខ្លះអវិជ្ជមានម្តងហើយ តែធ្វើតេស្តលើកក្រោយវិជ្ជមានវិញ គឺជារឿងធម្មតា សម្រាប់អ្នកជំងឺកូវីដ។ ដូច្នេះ ការធាក់ថយបែបនេះ ពេលខ្លះធ្វើឱ្យអ្នកជំងឺស្ត្រេសខ្លាំង។ ជនបរទេស ដែលបារម្ភខ្លាចអត់យន្តហោះត្រឡប់ទៅស្រុកវិញ គឺពួកគាត់អន្ទះអន្ទែងខ្លាំងណាស់។ ស្ត្រីចំណាស់ជនជាតិអង់គ្លេសយំរាល់ថ្ងៃ។ បុរសជនជាតិបែលហ្ស៊ិកស្រែកអាឡេអាឡូ ដោយមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ បុរសជនជាតិបារាំងដែលគ្មានបញ្ហាសុខភាពអីសោះ ក៏អាចក្លាយទៅជាប្រកាច់ដកដង្ហើមមិនដល់គ្នាសារការភ័យខ្លាច និងបារម្ភហួសហេតុដែរ។

ខ្ញុំក៏បានសួរពួកគាត់ថា តើមានប្រយោជន៍អ្វី ដែលកម្ពុជាត្រូវទុកអ្នកឯងនៅពេទ្យ ប្រសិនបើអ្នកឯងជាសះស្បើយពីជំងឺនោះ? ខ្ញុំថា បើនៅបារាំងគ្រាន់តែសុំគេធ្វើតេស្ត ក៏គេមិនធ្វើឱ្យផង។ ពួកគាត់ក៏ស្ងាត់មាត់។ ខ្ញុំមិនបាននិយាយបញ្ចប់ឃ្លាទេថា កម្ពុជាមើលពួកគាត់ដោយមិនគិតកម្រៃអ្វីទាំងអស់ ហើយកម្ពុជាក៏ត្រូវការមើលថែប្រជាជនខ្លួនឯងដែរ។

ឃើញតេស្តអវិជ្ជមានហើយវិជ្ជមានឡើងវិញរបស់ពួកគាត់ ខ្ញុំក៏ប្រាប់ខ្លួនឯងថា ខ្ញុំមិនខ្វល់ពីលទ្ធផលបណ្តោះអាសន្ននោះទេ គឺខ្ញុំចង់ស្តាប់តែលទ្ធផលអវិជ្ជមាន ២ ដងប៉ុណ្ណោះ។ ពេលដែលដឹងថា សុខភាពខ្លួនឯងមិនស្រួល ខ្ញុំសឹងតែមិនចង់ធ្វើតេស្តផង។ សំខាន់បំផុតនោះ គឺមិនមែនអន្ទះសាចង់ប្រញាប់ចេញពីពេទ្យនោះទេ។ ត្រូវគិតថា យូរប៉ុនណាក៏ត្រូវទ្រាំដែរ ត្រូវនៅឱ្យទាល់តែជាសះស្បើយ ដើម្បីខ្លួនយើង ដើម្បីគ្រួសារ និងសង្គម។

បងប្អូនខ្មែរអ៊ិស្លាម មានការគ្រប់គ្រងអារម្មណ៍បានល្អ តាមរយៈទម្លាប់បន់ស្រន់ជាប្រចាំរបស់ពួកគាត់។

ពួកបរទេសមានការរអ៊ូរទាំច្រើន ហើយត្អូញថា មិនមានគេមកសម្អាតអនាម័យ។ អ្នកជំងឺខ្មែរយើងមិនរអ៊ូច្រើនទេ ហើយមានការគ្រប់គ្រងអារម្មណ៍ខ្លួនបានល្អ។ ពេលទំនេរខ្មែរយើងយកអំបោស និងក្រណាត់មកជូតសម្អាត ធ្វើអនាម័យបន្ទប់សម្រាកព្យាបាល និងបន្ទប់ទឹក ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា។ ដល់ឃើញខ្មែរធ្វើបែបនេះ ពួកបរទេសនោះ ក៏ចាប់ផ្តើមធ្វើតាមដែរ។ ពួកគេក៏គួរតែយល់ដែរថា នេះមិនមែនជាសណ្ឋាគារនោះទេ ហើយបុគ្គលិកក៏មិនមែនចេះតែចេញចូលមកបម្រើយើងគ្រប់តែពេលនោះដែរ។ បុគ្គលិកក៏មានការភ័យខ្លាចការឆ្លងជំងឺនេះដែរ។

៦) អគារព្យាបាល

នៅក្នុងមន្ទីរពេទ្យ អ្នកជំងឺកូវីដត្រូវបានដាក់ក្នុងអគារដាច់ដោយឡែក ដែលជាបរិវេណបិទជិត ហើយគ្មាននរណាអាចចូលបានទេ។ បរិវេណអគារចែកចេញជា ៤ ផ្នែក៖ បន្ទប់អ្នកជំងឺ បន្ទប់គ្រូពេទ្យ បន្ទប់សម្លាប់មេរោគ និងរានហាលសម្រាប់អ្នកជំងឺស្រូបខ្យល់អាកាស និងហាត់ប្រាណ។ បន្ទប់សម្លាប់មេរោគគឺនៅចន្លោះកណ្តាលបន្ទប់គ្រូពេទ្យ និងអ្នកជំងឺ។ ពេលគ្រូពេទ្យចេញចូល ពួកគាត់ត្រូវពាក់ខោអាវការពារពីក្បាលដល់ចុងជើង ហើយចូលទៅក្នុងបន្ទប់នោះបាញ់ទឹកអាល់កុលទាំងពេលចូល ហើយចេញមកវិញ។

បន្ទប់អ្នកជំងឺមានតែ ១ នៅរួមគ្នា មានគ្រែ ១។ គ្រូពេទ្យពន្យល់ថា បន្ទប់នេះ មានការរចនាតាមបច្ចេកទេសសម្រាប់ប្រភេទជំងឺឆ្លង មានកង្ហារខ្យល់ចេញចូល មានភ្លើងកាំរស្មី UV សម្លាប់មេរោគ មានពេទ្យប្រចាំការ មើលតាមកាមេរ៉ា និងអាចឆ្លើយឆ្លងតាមទូរស័ព្ទពេលមានតម្រូវការអ្វីមួយ។ ក្នុង ១ ថ្ងៃ បុគ្គលិកគេចូលមក ៣ លើក ដើម្បីតាមដានសុខភាព ផ្តល់ថ្នាំ ផ្តល់ម្ហូបអាហារ និងសម្អាតអនាម័យ។

៧) វិធានការបង្ការទប់ស្កាត់ និងការប្រុងប្រៀបសម្រាប់អាសន្នធំ

បើពិនិត្យលើចំណាត់ការរបស់ក្រសួងសុខាភិបាលក្នុងការតាមដានស្វែងរកអ្នកជំងឺកម្ពុជាបានចាត់វិធានការត្រឹមត្រូវ។ យើងបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការសុខភាពពិភពលោក (WHO)។ ខ្មែរយើងឆែកករណីសង្ស័យបានច្រើន ហើយអត់គិតលុយទៀត។ បើនៅបារាំង គេមិនធ្វើតេស្តឲ្យផង ហើយក៏មិនមាននរណាមកសួរនាំអ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដែរ។ ចំណែកកម្ពុជាវិញ គឺខាងក្រសួងសួរខ្ទេចសួរខ្ទី ទៅជួបនរណាខ្លះ តាមសួរអ្នកជួបហ្នឹងទៀត មានអាការអីអត់។ សូម្បីតែអ្នកសម្អាតបន្ទប់ខុនដូខ្ញុំ ក៏គេដាក់ក្នុងការតាមដាន១៤ថ្ងៃដែរ។ មើលរបៀបក្រសួងខិតខំប្រមែប្រមូលខ្មែរអ៊ិស្លាម តាមរកអ្នកមានវីរុស គឺមានការដេញដោលសាកសួរច្រើនណាស់ ឆ្លងខេត្ត ឆ្លងក្រុង។ នេះគឺជាចំណាត់ការដ៏ល្អ ក្នុងការទប់ស្កាត់ និងបង្ការការរាតត្បាតជំងឺ។ ក្រសួងធ្វើការតាមដានល្អិតល្អន់ និងអត់ធ្មត់ណាស់។

ករណីខ្លះ ស្តាប់ទៅដូចតាមចាប់អ៊ីចឹង ព្រោះអ្នកជំងឺគាត់គេចមិនចង់ចូលពេទ្យ។

ការលះបង់របស់បុគ្គលិកពេទ្យ នៅសមរភូមិជួរមុខគឺខ្ពស់ណាស់។ ក្នុងអំឡុងពេលមើលថែអ្នកជំងឺ ពួកគាត់មិនអាចជួបគ្រួសារបានទេ ហើយពេលចប់រយៈពេលមួយដែលត្រូវដូរវេន ពួកគាត់ត្រូវគេដាក់ដាច់ដោយឡែក ១៤ ថ្ងៃ ដើម្បីតាមដានសុខភាព មុនពេលអាចទៅរួមរស់ដោយប្រក្រតីជាមួយក្រុមគ្រួសារគាត់វិញ។

បញ្ហារបស់យើងសព្វថ្ងៃ គឺនៅត្រង់ថា យើងខ្វះបុគ្គលិកពេទ្យ និងទីតាំងព្យាបាលមានស្តង់ដាបច្ចេកទេស និងមានអនាម័យ។ ទោះបីជាមន្ទីរពេទ្យសូវៀតមានស្តង់ដាខ្ពស់ក្តី តែការរៀបចំគឺមិនបានត្រៀមសម្រាប់ករណីធ្ងន់ធ្ងរនោះទេ។ ឧទាហរណ៍ ខ្ញុំមានបញ្ហាសួត ប៉ុន្តែនៅក្នុងបន្ទប់ព្យាបាលមិនមានឧបករណ៍ថតសួត ហើយគេក៏មិនអាចយកខ្ញុំទៅថតសួតនៅអគារផ្សេងបានដែរ។ បន្ទប់ព្យាបាលក៏គួរមានអគារផ្សេងដែលអាចដាក់អ្នកជំងឺដែលមានអាការធ្ងន់ធ្ងរឱ្យនៅដាច់ដោយឡែកដែរ។

បុគ្គលិកពេទ្យហាក់ពុំទាន់មានទឹកដៃស្មើគ្នានៅឡើយ។ពេទ្យខ្លះយកសំណាកឡើងឈាមច្រមុះអ្នកជំងឺ ពេទ្យខ្លះពុំទាន់ស្ទាត់ក្នុងការយកសំណាកតាមបំពង់ក ពេទ្យខ្លះដោតម្ជុរខុសសរសៃ។ល។ តែនេះគ្រាន់តែជាករណីតិចតួចប៉ុណ្ណោះ។ យ៉ាងណាក្តី គួរមានការហាត់សមទាំងនៅក្នុងក្រុង និងតាមទីជនបទ ដើម្បីត្រៀមបម្រុងពេលមានគ្រោះអាសន្នធំ ដែលត្រូវការបុគ្គលិកពេទ្យច្រើន បូករួមទាំងបុគ្គលិកបម្រុងដើម្បីការពារពលរដ្ឋផង និងបុគ្គលិកពេទ្យផង។ នៅពេលដែលមានការហ្វឹកហ្វឺនច្បាស់ ពួកគាត់នឹងមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការធ្វើការងារដោយស្មើដៃគ្នា ហើយពលរដ្ឋក៏មានទំនុកចិត្តដែរ។

ក្តីបារម្ភធំបំផុតនោះ គឺស្តង់ដាបច្ចេកទេស និងកម្រិតអនាម័យកន្លែងព្យាបាលនៅទីជនបទ។ នេះពិតជាមិនមែនជារឿងសាមញ្ញនោះទេ ហើយទាមទារឱ្យមានការត្រៀមខ្លួន តាមសេណារីយោ តាមដំណាក់កាលផ្សេងៗ និងការរៀបចំបំពាក់aបរិក្ខារបច្ចេកទេស ដោយមានផែនការល្អិតល្អន់ជាមុន។

“មិនអីទេនិយម” គឺជាគ្រោះថ្នាក់ ហើយ “ស្លន់ស្លោនិយម” ហាក់បីដូចជាពិភពលោកនេះ រលាយរលត់ ក៏គ្រោះថ្នាក់ដូចគ្នា។ ដូច្នេះ យើងត្រូវប្រឈមនឹងការពិតថា ការរាតត្បាត នៃជំងឺកូវីដ គឺមានហានិភ័យខ្ពស់ ហើយទន្ទឹមនឹងនេះ យើងក៏ត្រូវមានផែនការត្រៀមល្អិតល្អន់ដើម្បីចៀសវាងភាពស្លន់ស្លោ ពេលអាសន្នធំមកដល់។

ការត្រៀមទាំងឡាយ គឺត្រូវមានការសហការទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ។ ពលរដ្ឋគ្រប់រូបត្រូវដឹងថា ជំងឺនេះ គឺអាចព្យាបាលជាសះស្បើយ ហើយករណីមធ្យម និងធ្ងន់មានតិចតួចណាស់។ ពលរដ្ឋត្រូវមានទំនុកចិត្តលើសមត្ថភាពព្យាបាលរបស់ពេទ្យខ្មែរ។ ពលរដ្ឋត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរ ក្នុងការគ្រប់គ្រង និងតាមដានសុខភាពផ្ទាល់ខ្លួន មិនត្រូវឆោឡោ ស្តាប់តាមព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះទេ៕
(មន្ត្រីរាជការខ្មែរនៅរាជធានីភ្នំពេញ)