ភ្នំពេញ ៖ យោងតាមខ្លឹមសារនៃទោសបញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ស្ដីពីការដាក់ប្រទេសក្នុងភាពអាសន្ន ដែលអានដោយលោក ប៉ែន បញ្ញា ប្រធានគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានចែងពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ថា ៖ ដោយមិនគិតដល់ បទល្មើសព្រហ្មទណ្ឌដទៃទៀតអំពើដោយចេតនារារាំង ឬបង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០លានរៀល។ ចំពោះ អំពើរារាំងដល់កិច្ចប្រតិបត្តិការ ពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ កាលបើអំពើនេះនាំឲ្យមានចលាចលជាសាធារណៈ ឬ ប៉ះពាល់ដល់សន្តិសុខជាតិ។
សេចក្តីព្រាងច្បាប់នេះ ក៏បានចែងអំពីបទមិនគោរពវិធានការពេលប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ផងដែរ ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមបញ្ញត្តិនៃមាត្រា៥ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល ។
ជាមួយគ្នានោះដែរ ខ្លឹមសារនៃព្រាងច្បាប់នេះ ក៏បានចែងពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរ បស់នីតិបុគ្គល ថា នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា ៤២(ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងនៃច្បាប់នេះ។ នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១រយលានរៀល ទៅ ១ពាន់លានរៀល ព្រមទាំងទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា ១៦៨ នៃក្រមព្រហ្មទណ្ឌ។ នីតីបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែង ក្នុងមាត្រា៤២ នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា ៨ខែច្បាប់នេះ។ នីតិ បុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០លានរៀលទៅ ៥០០លានរៀល ព្រមទាំងទោស បន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា១៦៨ នៃក្រមព្រហ្មទណ្ឌ៕