ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៧ មេសា ២០២០ ផលប៉ះពាល់ដែលបណ្ដាលពីជំងឺកូវីដ ១៩ ទៅលើវិស័យឧស្សាហកម្មទេសចរណ៍កម្ពុជា បានឈានដល់ដំណាក់កាលមួយកាន់តែធ្ងន់ធ្ងរ ក្នុងនោះ ក្រសួងបានបង្ហាញរបាយការណ៍នៃផលប៉ះពាល់ទៅលើវិស័យឧស្សាហកម្មក្នុងនោះការផ្អាកដំណើរការ និងបិទបញ្ចប់អាជីវកម្មតែម្តងនៅទូទាំង ប្រទេសមានចំនួនសរុប ២.៨៦៥ ទីតាំង ស្មើនឹង ២៩,៥៧% នៃទីតាំងអាជីវកម្មទេសចរណ៍សរុបដែលមានប្រមាណ ៩.៦៨៩ ទីតាំង ។
នៅក្នុងរបាយការណ៍ដែលក្រសួងបានបង្ហាញនោះ អាជីវកម្មដែលប៉ះពាល់រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេស ចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកីឡាទេសចរណ៍ជាដើម ដែលបង្កឱ្យមានផល៉ះពាល់ដល់បុគ្គលិកប្រមាណ ៤៦.៣៦៩នាក់ ស្មើនឹង ៤២,៦% នៃបុគ្គលិកសរុបប្រមាណ ១០ម៉ឺន ៨ពាន់ ៨៤៧នាក់ និងមគ្គុទេសក៍ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍ សរុបចំនួន ៩៦នាក់ ស្មើនឹង ១,៥% នៃនឹងចំនួនមគ្គុទេសក៍ទេសចរណ៍សរុបចំនួន ៦.៤១៦ នាក់។
ក្រសួងទេសចរណ៍បានឱ្យដឹងបន្ថែមថា ចំពោះសេវាកម្មសណ្ឋាគារត្រូវបានបិទនៅទូទាំងប្រទេស មានចំនួន ២៨ សណ្ឋាគារ មាន ១៥ពាន់បន្ទប់ ស្មើនឹង ២៧% ។ ចំនួនសណ្ឋាគារ សរុបទូទាំងប្រទេសមានជាង ១ពាន់ទីតាំង ស្មើនឹងជិត៤៩ពាន់បន្ទប់ និងមានបុគ្គលិកប្រមាណ ១៦ពាន់នាក់រងផលប៉ះពាល់ ក្នុងចំណោមបុគ្គលិកសរុបប្រមាណ ៣៩ពាន់នាក់ ស្មើនឹង ៤១% ។
ដោយឡែកចំពោះសេវាកម្មផ្ទះភ្ញៀវ ឬផ្ទះសំណាក់វិញ ដែលបានបិទទ្វារនៅទូទាំងប្រទេស មានចំនួន ៤០៥ទីតាំង មានជាង ៥ពាន់បន្ទប់ ស្មើនឹង ១៥% ធៀបនឹងចំនួនផ្ទះភ្ញៀវសរុបដែលមានចំនួនជាង ២ពាន់ ទីតាំង មានប្រមាណ ៣៥ពាន់បន្ទប់ និងបានប៉ះពាល់ដល់បុគ្គលិកចំនួនជាង ២ពាន់នាក់ ស្មើនឹង ១៩,៥% ធៀបនឹងបុគ្គលិកសរុប ១ម៉ឺននាក់ ហើយចំពោះសេវាកម្មភោជនីយដ្ឋានត្រូវ បានបិទទ្វារមានចំនួន ៣៧១ទីតាំង ក្នុងចំណោម ៣ពាន់ ៤១៥ទីតាំងនៅទូទាំងប្រទេស ដោយបានបង្ក ការប៉ះពាល់ដល់បុគ្គលិកចំនួនជាង៣ពាន់នាក់ ស្មើនឹង ១១,១១% ធៀបនឹងបុគ្គលិកសរុបប្រមាណជិត ២៩ពាន់នាក់នោះ ។
ស្របពេលវិស័យនេះ បានរងផលប៉ះពាល់មុនគេ ពីជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ផងដែរ ដើម្បីស្ដារនិងទប់ទល់ការធ្លាក់ចុះខ្លាំងនៃវិស័យដ៏សំខាន់មួយនេះ ក្នុងនោះ រាជរដ្ឋាភិបាលបានប្រកាសមិនយកពន្ធ លើអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាននៅតាមបណ្ដាខេត្តដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ។ មិនតែប៉ុណ្ណោះ បុគ្គលិកដែលរងផលប៉ះពាល់ការងារដោយសារតែ ការបិទអាជីវកម្ម សណ្ឋាគារក៏ទទួលបាននូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។
គួរបញ្ជាក់ផងដែរ វិស័យទេសចរណ៍ជាវិស័យដ៏សំខាន់មួយ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះវាក៏បានផ្ដល់ការងារដល់កម្មករនិយោជិត៦៣ម៉ឺននាក់ផងដែរ និងផ្ដល់ប្រាក់ចំណូលប្រមាណជិត៥ពាន់លានដុល្លារអាមេរិកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិកាលពីឆ្នាំ ២០១៩កន្លងទៅនេះ ៕