ភ្នំពេញ៖គម្របព្រៃឈើឋិតនៅជាប់នឹងតំបន់ព្រំដែនខេត្តរតនគិរី ក្នុងស្រុកអូរយ៉ាដាវ ជាប់នឹងប្រទេសវៀតណាម ត្រូវបានឧកញ៉ាមានប្រាក់មួយរូបឈូសឆាយព្រៃអស់ប្រមាណជាង ៧ហិកតារបន្ថែមទៀត ដើម្បីយកដី។ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើបារម្ភថា ប្រសិនមន្ត្រីជំនាញមិនទប់ស្កាត់ទេ ព្រៃឈើនិងដីនៅតំបន់នោះ នឹងត្រូវក្លាយជាកម្មសិទ្ធិអ្នកមានប្រាក់ មានអំណាច។
តាម RFA បានផ្សាយឲ្យដឹងថា មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (Adhoc) ខេត្តរតនគិរី នៅថ្ងៃទី២៩ ខែកក្កដា អំពាវនាវសុំឲ្យមន្ត្រីក្រសួងកសិកម្មស៊ើបអង្កេតករណីឈូសឆាយដី តំបន់ព្រៃឈើនេះជាបន្ទាន់ ដើម្បីរកឲ្យឃើញពីហេតុផលនាំឲ្យមានការឈូសឆាយតំបន់គម្របព្រៃរបស់ រដ្ឋនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី បានចុះអង្កេតសេចក្ដីរាយការណ៍ទាក់ទិនបទល្មើសព្រៃឈើនេះ រកឃើញថា ដីព្រៃមួយកន្លែងឋិតនៅខាងកើតជាប់ដីតំបន់សេដ្ឋកិច្ចពិសេសរបស់ ក្រុមហ៊ុន ទ្រី ភាព ក្នុងឃុំសេសាន ត្រូវបានគេឈូសឆាយប្រមាណពីរសប្ដាហ៍កន្លងទៅនេះ។ ជាមួយនោះដែរ ដីព្រៃដែលគេឈូសឆាយមួយចំហៀង ត្រូវបានគេកាយប្រឡាយខណ្ឌធ្វើព្រំដើម្បីហ៊ុមព័ទ្ធយកដីនោះ។
លោក ឆាយ ធី ថ្លែងថា តំបន់នោះជាតំបន់ព្រៃការពារដោយមន្ត្រីព្រៃឈើច្រើនឆ្នាំកន្លងទៅ ហើយតំបន់នេះក៏ជាតំបន់ដែលមន្ត្រីព្រៃឈើមកដកហូតពីអ្នកកាន់កាប់ ដីបានពីកាប់រានព្រៃកាលពីឆ្នាំ២០០៧ កន្លងទៅដែរ៖ «ការឈូសឆាយ នេះយើងស្នើសុំឲ្យមានការស៊ើបអង្កេតពីថ្នាក់ជាតិ ពីក្រសួងកសិកម្ម ពីការុករានដីព្រៃនៅព្រំដែនធ្វើជាកម្មសិទ្ធិឯកជន ព្រោះយើងពិនិត្យឃើញថា ដីព្រៃនេះគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ មិនមែនជាដីកម្មសិទ្ធិរបស់សហគមន៍នោះឡើយ»។
RFA បន្តថា យោងឯកសារថតចម្លងដែលខ្លួនទទួលបានពីអ្នកបញ្ជាគ្រឿងចក្រឈូសដីបង្ហាញថា ព្រៃដែលគេបានឈូសឆាយនេះជាប់ទាក់ទិនទៅនឹងឧកញ៉ាមួយរូបឈ្មោះ ជួន កុល ដែលបានទិញដីពីប្រជាពលរដ្ឋតាំងពីឆ្នាំ២០០៤។ ដីនោះមានទំហំជាង ១៦ម៉ឺនម៉ែត្រការ៉េ ឋិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។ ផ្អែកលើលិខិតទិញលក់នេះ ឧកញ៉ា ជួន កុល បានធ្វើលិខិតស្នើសុំឈូសឆាយដីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥។ ចំណែកអភិបាលខេត្តរតនគិរី លោក ថង សាវុន បានចារឯកភាពលើការស្នើសុំឈូសឆាយដីនោះ។
នៅថ្ងៃទី២៩ ខែកក្កដា មិនអាចទាក់ទងឧកញ៉ា ជួន កុល សុំបញ្ជាក់ពីករណីនេះបានទេ។ ក៏ប៉ុន្តែអភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ ទទួលស្គាល់ថា ការឈូសឆាយដីនៅតំបន់នោះមានការឯកភាពពីអាជ្ញាធរខេត្ត ក៏ប៉ុន្តែការឈូសឆាយពិតជាបានប៉ះពាល់ព្រៃឈើមួយចំណែកប្រាកដមែន។
លោកថា បណ្ដាក្រុមហ៊ុនមួយចំនួននៅតំបន់នោះក៏ពាក់ព័ន្ធឈូសឆាយព្រៃយកដី ដូចគ្នា ហេតុនេះលោកទាមទារឲ្យអនុវត្តច្បាប់ដោយស្មើភាពគ្នា៖ «ខ្ញុំ នឹងចុះអនុវត្តបង្កើតគណៈកម្មការមួយចុះស្រាវជ្រាវ។ ប៉ុន្តែក្នុងនាមខ្ញុំជាអាជ្ញាធរដែនដី ខ្ញុំចង់បង្កលក្ខណៈថា ដីនៅព្រំដែននេះជាដីបម្រុងរបស់រដ្ឋ ប៉ុន្តែខ្ញុំចង់ឲ្យឯកជនវិនិយោគ ឬឲ្យក្រុមហ៊ុនវិនិយោគ ចង់ឲ្យប្រជាពលរដ្ឋដែលគាត់គ្រប់គ្រងយូរហើយ ចង់ឲ្យគាត់អភិវឌ្ឍសេដ្ឋកិច្ច»។
ទាក់ទិនបញ្ហានេះដែរ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ លោក ឡេង យុគ មានប្រសាសន៍ថា មន្ត្រីព្រៃឈើមិនទាន់បានចុះអង្កេតករណីនេះនៅឡើយ។ លោកថា ដីតំបន់នោះមានបញ្ហាចម្រូងចម្រាសច្រើនលើកមកហើយ ហេតុនេះមន្ត្រីលោកនឹងចុះទៅស្រាវជ្រាវរឿងនេះបន្តទៀត៖ «កាលមុន អាជ្ញាធរចុះទៅដោះស្រាយថា មានប័ណ្ណកម្មសិទ្ធិវាស់វែង។ ចាំមើលខ្ញុំស៊ើបបន្តទៀតមើល ព្រោះរឿងហ្នឹងវាកើតច្រើនលើកហើយ យើងចុះទៅប៉ុន្មានសាហើយ»។
RFA បន្តថា ទោះជាយ៉ាងនេះក៏ដោយ លោក ឆាយ ធី កត់សំគាល់ថា ការឈូសឆាយដីនៅតំបន់នោះមានភាពមិនប្រក្រតីច្រើន ដូចជាឯកសារផ្ទេរសិទ្ធិកាន់កាប់ដីរបស់លោក ជួន កុល គឺដីនៅឃុំប៉ក់ញ៉ៃ ក៏ប៉ុន្តែដីជាក់ស្ដែងដីដែលលោក ជួន កុល បានឈូស គឺឋិតក្នុងឃុំសេសាន។ ម្យ៉ាងទៀតទីតាំងដីនោះ មន្ត្រីព្រៃឈើមកបានដកហូតទុកជាសម្បត្តិរដ្ឋ តាំងពីឆ្នាំ២០០៧ ដោយសារដីនោះបានមកពីការកាប់រានព្រៃឈើខុសច្បាប់ និងដោយឡែក ការឈូសឆាយដីថ្មីនេះគឺបានឈូសចូលទៅតំបន់ព្រៃឈើបន្ថែមទៀត ដើម្បីពង្រីកយកដីរហូតដល់ ១២ហិកតារ៕
ព្រៃឈើនៅជាប់ព្រំដែនប្រទេសវៀតណាម ក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវឧកញ៉ា ជួន កុល ឈូសឆាយដើម្បីយកដីកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥។