ភ្នំពេញ ៖ បើទោះបីជាកម្ពុជាកំពុងជួបបប្រទះនូវបញ្ហាជំងឹកូវីដ ១៩ ហើយបានរារាំងសកម្មភាពក្នុងវិស័យអាកាសចរណ៍ក្ដី តែការអភិវឌ្ឍន៍ អាកាសយានដ្ឋាននានា ក្នុងប្រទេសកម្ពុជានៅតែបន្តសកម្មភាពដដែលជាក់ស្ដែងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថាព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តសៀមរាប នឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០២៣ខាងមុខនេះ ។
នៅក្នុងជំនួបរវាងរដ្ឋមន្ត្រី ទទួលបន្ទុកលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយលោក លូ វៃ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការជិតស្និតរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិន ដោយប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយ ប្រទសចិនតែមួយ និងជាពិសេសបើទោះបី ក្នុងពេលប្រទេសចិនកំពុងមានជម្ងឺ COVID19 ក្តី រដ្ឋាភិបាលប្រទេសចិនបានទទួលនូវការធ្វើទស្សកិច្ចផ្លូវការ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ចំពោះសកម្មភាពនិងផែនការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកា សចរស៊ីវិល តែងតែគាំទ្រយ៉ាងពេញទំហឹង និងជម្រុញដំណើរសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅតាមផែនការដែលបានកំណត់ ។
លោក លូ វៃ (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) បានអោយដឹងថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។ ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន ។
លោកម៉ៅ ហាវណ្ណាល់ បានជម្រុញ និងឯកភាពឱ្យ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារ បញ្ហប្រឈម រកដំនោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី ២៥ ប្រចាំខែ ដើម្បី ពិនិត្យ លើវន្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន។
បើតាមមន្ត្រី អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សេរីវុត្ថា បានអោយដឹងផងដែរថា រហូតមកដល់ពេលនេះ សកម្មភាពចរាចរណ៍តាមផ្លូវអាកាសធ្លាក់ចុះស្ទើរតែទាំងស្រុង ក៏ប៉ុន្តែកម្ពុជាមិនបានបិទ សកម្មភាពទាំងស្រុងនោះទេ ។ ក្រុមហ៊ុនអាកាសចរណ៍ នានាដែលចង់ហោះហើរមកកាន់កម្ពុជានៅតែអាចចុះចតបានដដែល ។
លោកបន្តថា ទោះបីជាសកម្មភាពតាមអាកាសយានដ្ឋាននានានៅក្នុងប្រទេសកម្ពុជា ហាក់មានសភាពស្ងប់ស្ងាត់ក្ដី ក៏ប៉ុន្តែគម្រោងសាងសង់ព្រលាយន្តហោះនានា ដូចជានៅខេត្តព្រះសីហនុ និងខេត្តសៀមរាប នៅតែបន្តសកម្មភាពដដែល ព្រោះការអភិវឌ្ឍនេះ ដើម្បីត្រៀមទុកនៅពេលចប់ស្ថានភាពកូវីដ១៩ កម្ពុជានឹងអាចមានសមត្ថភាពទទួលជើងហោះហើរពីគោលដៅជាច្រើនជុំវិញពិភពលោក ៕
លោកបន្ថែមថា តាមពិតទៅ គម្រោងនេះ កាលពីមុនវាមានបញ្ហា ផ្ទៃក្នុងនិង ខាងក្រៅមួយចំនួន ដូចជា ទំនាស់ពាណិជ្ជកម្មរវាង ចិននិង អាមេរិក ទើប បណ្ដាលអោយគម្រោងនោះ យឺតយ៉ាវ ។ មានន័យថាគម្រោងនេះ បានចាប់ផ្ដើមតាំងពី ២០១៧ ម្ល៉េះ ក៏ប៉ុន្តែសកម្មភាព សាងសង់ គឺយឺតយ៉ាវតាមផែនការ មែន ។ ប៉ុន្តែ ក្នុង ឆ្នាំ ២០២០ នេះ ខាងក្រុមហ៊ុនសាងសង់ បានកំណត់យក ថ្ងៃទី ១៥ខែ មីនា ២០២០ ជា ថ្ងៃនៃការ ចាប់ផ្ដើមថ្មី និង សម្រុកអភិវឌ្ឍន៍ តែម្ដង ។
តាមប្រសាសន៍លោកស៊ីន ចាន់សេរីវុត្ថា ថាគម្រោងនេះ កំណត់ យក ៣ឆ្នាំ អោយហើយរួចរាល់ គឺ នៅថ្ងៃទី ១៥ខែមីនា ២០២៣ ជាថ្ងៃបង្ហើយ នៃគម្រោងទាំងសាងសង់ទាំងមូល ៕