គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach រំពឹងថា នឹងត្រូវចំណាយថវិកាអស់ប្រមាណ ៨០០លានដុល្លារសម្រាប់ការរៀបចំរបស់ស្ថាប័នមួយនេះក្នុងការពន្យារពេលព្រឹត្តិការណ៍ប្រកួតកីឡារអូឡាំពិកឆ្នាំ ២០២០ ទីក្រុងតូក្យូ ដែលត្រូវទៅធ្វើនៅឆ្នាំក្រោយវិញ។
កាលពីខែមីនាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងរដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តពន្យារពេលព្រឹត្តិការណ៍នេះដែលគ្រោងនឹងចាប់ផ្ដើមក្នុងខែកក្កដាឆ្នាំនេះ ដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩។
លោក Bach បានថ្លែងនៅក្នុងសន្និសីទមួយក្រោយចប់ការប្រជុំក្រុមប្រឹក្សាប្រតិបត្តិថា “យើងនឹងត្រូវរ៉ាប់រងចំណាយប្រមាណ៨០០លានដុល្លារអាមេរិកសម្រាប់បន្ទុករបស់យើងក្នុងការពន្យារពេលព្រឹត្តិការណ៍មួយនេះ”។ លោកបានបញ្ជាក់ថា ទឹកប្រាក់ចំនួន ៦៥០ លានដុល្លារអាមេរិកនឹងត្រូវរៀបចំឡើងសម្រាប់ព្រឹត្តិការណ៍កីឡានៅឆ្នាំក្រោយនិង១៥០ លានដុល្លារទៀតដើម្បីគាំទ្រសហព័ន្ធអន្តរជាតិនិងគណៈកម្មាធិការជាតិអូឡាំពិក៕