ភ្នំពេញ ៖ ទោះបីជាពិភពលោកទាំងមូលកំពុងព្រួយបារម្ភនិងកំពុងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ក្ដី តែតម្រូវការប្រើប្រាស់កង់នៅតែកើនឡើងដដែល ជាក់ស្ដែងក្នុងរយៈពេល៤ខែដំបូង ពោលគឺចាប់ពីខែមករា ដល់ខែ មេសា ២០២០ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអឺរ៉ុបជាង៤៧៥ពាន់គ្រឿង ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ។
យោងតាមរបាយការណ៍ដដែលនេះបានអោយដឹងថា អឺរ៉ុបជាទីផ្សារធំសម្រាប់ការនាំចេញកង់របស់កម្ពុជា ហើយបើគិតជាទឹកប្រាក់នាំចេញក្នុងរយៈពេល៤ខែនេះ មានសរុបប្រមាណ១១១លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនឃើញថាមានកំណើនប្រមាណ២ភាគរយ ។
តាមរបាយការណ៍ក៏បានបង្ហាញដែរថា ប្រទេសអាឡឺម៉ង់គឺជាអ្នកនាំចូលធំជាងគេសម្រាប់ផលិតផលកង់របស់កម្ពុជា ក្នុងនោះរយៈពេល៤ខែដើមឆ្នាំអាឡឺម៉ង់នាំចូលកង់បីកម្ពុជាចំនួន ១៦០ពាន់៧៦៤គ្រឿង គិតជាទឹកប្រាក់មានប្រមាណ៣៩លានដុល្លារអាមេរិក ។បន្ទាប់ពីអាឡឺម៉ង់ប្រទេសប៊ែលហ្ស៊ិចក៏ជាអ្នកនាំចូលធំដែរដែលមានបរិមាណ៦៧ពាន់៥៤៨គ្រឿងគិតជាទឹកប្រាក់ចំនួនជាង២២លានដុល្លារអាមេរិក និងប្រទេសលំដាប់ទី៣ដែលនាំកង់ពីកម្ពុជានោះ គឺចក្រភពអង់គ្លេស ដែលបាននាំកង់បីកម្ពុជាហើយរយៈពេល៤ខែកន្លងទៅនេះ អង់គ្លេសនាំចូលកង់ពីកម្ពុជាគិតជាទឹកប្រាក់ប្រមាណ១៤លានដុល្លារអាមេរិក។
លោកស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអោយដឹងថា បើទោះបីជាពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលទប់ស្កាត់កូវីដ១៩ក្ដីតែការនាំចេញកង់នៅតែមានកំណើនជាវិជ្ជមាន ទោះក្នុងកម្រិតតិចតួចក្ដី ។កត្តាមួយចំនួន ដែលធ្វើឱ្យការនាំចេញកង់របស់កម្ពុជា នៅតែបន្តកើនឡើងដោយសារតែកន្លងមករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដាក់សំណើរទៅកាន់អ្នកបញ្ជាទិញនៅក្រៅប្រទេស កុំលប់កិច្ចសន្យាបញ្ជាទិញទំនិញពីកម្ពុជា ព្រោះថាទោះស្ថិតក្នុងស្ថានភាពបែបនេះក្ដី ក៏កម្ពុជានៅតែមានលទ្ធភាពផ្គត់ផ្គង់ទំនិញតាមកិច្ចសន្យាដដែល ។ មួយវិញទៀត តម្រូវការទោចក្រយាននៅលើទីផ្សារក៏មិនមានថមថយដែរ ក្នុងពេលកូវីដ១៩រាលដាលនេះ ព្រោះទោចក្រយានជាទំនិញមិនរណបនឹងរដូវកាលដូចសម្លៀកបំពាក់និងស្បែកជើងឡើយ ។
លោកបន្តថា បើក្រលេកទៅមើលរបាយការណ៍នៃការនាំចេញកន្លងទៅនេះ យើងសង្ឃឹមថាត្រីមាសខាងមុខ ការនាំចេញនៅតែមានកំណើនតែក្នុងកម្រិតតិចតួចប៉ុណ្ណោះ ។
ក្រៅពីផលិតផលកង់ ការនាំចេញផលិតផលផ្សេងទៀតរបស់កម្ពុជាក៏មានការកើនឡើងដែរ ជាក់ស្ដែងការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារបរទេសនៅតែមានកំណើនខ្ពស់និងកើនឡើងគួរអោយកត់សម្គាល់ផងដែរទោះបីកម្ពុជាបានរឹតបន្តឹងនិងហាមការនាំចេញអង្ករសនិងស្រូវក្ដី ។ការណ៍នេះបានបង្ហាញថាតម្រូវការនៅលើទីផ្សារអន្តរជាតិហាក់មានកំណើនខ្ពស់ជាងធម្មតា ។តែយ៉ាងណាក្ដី ការនាំចេញផលិតផលមួយចំនួនទៀតរបស់កម្ពុជាក៏មានការថយចុះផងដែរជាពិសេសផលិតផលក្នុងវិស័យវាយនភណ្ឌ ។
គួរបញ្ជាក់ផងដែរថា ដោយសារតែជំងឺកូវីដ១៩រាលដាលខ្លាំងនៅបណ្ដាប្រទេសធំៗមួយចំនួន បានធ្វើអោយប្រទេសទាំងនោះត្រូវបង្ខំចិត្តស្នើសុំផ្អាកការនាំចូលទំនិញពីកម្ពុជានិងពីប្រទេសមួយចំនួនទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ។ កត្តានេះធ្វើអោយខ្សែច្រវ៉ាក់ផលិតកម្មមួយចំនួននៅកម្ពុជាជួបប្រទះនឹងបញ្ហា ដោយមានរោងចក្រខ្លះត្រូវបិទទ្វារនិងខ្លះទៀតស្នើសុំព្យួរការងារមួយរយៈ ដែលធ្វើអោយកម្មករ កម្មការិនីរាប់ម៉ឺននាក់បាត់បង់ការងារ និងកំពុងជួបបញ្ហាសេដ្ឋកិច្ចគ្រួសារផងដែរ ៕