ភ្នំពេញ ៖ ដោយសារតែជំងឺកូវីដ១៩ បានបន្តរាលដាលនៅបណ្ដាប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជាផងដែរនោះ បានធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លាំង និងជាប្រវត្តិសាស្ត្រមិនធ្លាប់មានតាំងពីឆ្នាំ ១៩៩៤មក ។ នេះបើតាមការព្យាករណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា ។
យោងតាមការព្យាករណ៍នេះបានបង្ហាញថា វិស័យបីដែលរងការប៉ះទង្គិចខ្លាំងជាងគេ គឺដោយសារកូវីដ ១៩ វិស័យទេសចរណ៍, ឧស្សាហកម្មផលិតសម្រាប់នាំចេញ, និងវិស័យសំណង់ មានចំណែកជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃចំនួន ៣៩,៤ភាគរយ នៃការងារសរុប នៅក្នុងឆ្នាំ២០១៩ ។ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចរបស់កម្ពុជាទំនងជានឹងថមថយកំណើនខ្លាំងមែនទែនដែលមិនធ្លាប់មានតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយខ្លាំងធ្លាក់រហូតដល់កម្រិតរវាង -១ភាគរយ ក្នុងសេណារីយោគោល និង -២,៩ ភាគរយ ក្នុងសេណារីយោដែលទាបបំផុត ។
របាយការណ៍ធនាគារពិភពលោកបន្ថែមថា ភាពក្រីក្រអាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ពិសេសក្នុងចំណោមក្រុមគ្រួសារដែលប្រឡូកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ការទិញលក់ដុំនិងរាយ, វិស័យកាត់ដេរ, ផ្នែកសំណង់, ពាណិជ្ជកម្ម, ឬ ក្នុងឧស្សាហកម្មផលិត ក្នុងករណីបើពួកគាត់បាត់បង់ចំណូលអស់ ៥០ភាគរយ ក្នុងរយៈពេលប្រាំមួយខែជាប់គ្នា ។
បើតាមលោកលី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជាបានអោយដឹងថាការរីករាលដានៃជំងឺកូវីដ ១៩នេះ បានធ្វើអោយប៉ះពាល់សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំងក្លា ជាពិសេសបានធ្វើអោយក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ៗទាំងបីរបស់កម្ពុជារងឥទ្ធិពលធ្ងន់ធ្ងរ ដូចជាវិស័យទេសចរណ៍ នាំចេញ និងសំណង់ ។ លោកថា៖« វិស័យទាំងបីបានផ្ដល់ការកំណើនដល់ទៅ៧០ភាគរយនៃកំណើនសេដ្ឋកិច្ចសរុបក្នុងឆ្នាំ ២០១៩កន្លងទៅ ហើយផ្ដល់ការងារដល់ទៅ២០ភាគរយនៃការងារសរុបនៃប្រទេសកម្ពុជា » ។
លោកបន្តថា ដោយសារតែការប៉ះពាល់ទៅលើក្បាលម៉ាស៊ីនសេដ្ឋកិច្ចទាំងបីនេះហើយ ធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ធ្លាក់ចុះជាអវិជ្ជមាន-១ភាគរយ និងមានការព្យការណ៍មួយទៀតជាសេនារីយ៉ូដល់ទៅ-២,៩ភាគរយឯណោះ បើសិនជាផលអាក្រក់នៅបន្តដោយសារជំងឺនេះ ។
សេដ្ឋវិទូរូបនេះ បានបន្តទៀថារដ្ឋាភិបាលត្រូវតែជួយឧបត្ថម្ភដល់អ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាអ្នកដែលធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ វិស័យនាំចេញ អ្នកក្រីក្រ ជាដើម ។ធនាគារពិភពលោកបានព្យាករណ៍នេះ ដោយពិនិត្យមើលសកម្មភាព សេដ្ឋកិច្ចក្នុងខែកុម្ភៈ និងខែមីនា ហើយក៏សម្រេចព្យាករណ៍នៅខែមេសា ។ ការសង្កេតឃើញជាក់ស្ដែងនៅរយៈពេលខែនោះ ឃើញថា ការនាំចេញរបស់កម្ពុជានៅល្អ ។
លោកបន្ថែមថា វិស័យដែលរងប៉ះពាល់ធ្ងន់នោះគឺទេសចរណ៍ ហើយដោយសារតែវិស័យនេះជាវិស័យសំខាន់ដូច្នេះវាបានទាញអោយសេដ្ឋកិច្ចកម្ពុជាថយចុះជាអវិជ្ជមាន ។ ក្នុងរយៈពេលពីរខែមុន ភ្ញៀវទេសចរបរទេសមកកម្ពុជាបានធ្លាក់ចុះដល់ទៅ២៥ភាគរយ ហើយក្នុងខេត្តសៀមរាបវិញទេសចរបរទេសបានធ្លាក់ចុះដល់ទៅ៤០ភាគរយ ។ តែបើក្រលេកទៅមើលខែមេសា ទេសចរដែលមកលេងនៅខេត្តសៀមរាប បានធ្លាក់ចុះរហូតដល់ជាង៩៩ភាគរយ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងមួយមិនធ្លាប់មាន ។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំខ្លាំងណាស់ដែរ ក្នុងស្រោចស្រង់នៃផលប៉ះពាល់នេះ ដោយបានបញ្ចេញថវិកាជាតិ ដើម្បីជួយដល់វិស័យដែលរងផលប៉ះពាល់ដូចជាកាត់ដេរ និងវិស័យទេសចរណ៍ ក្នុងនោះដែររដ្ឋាភិបាលក៏បានជួយបន្ធូរបន្ថយនូវការបង់ពន្ធសម្រាប់វិស័យសណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋាននៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងផងដែរ ៕