ភ្នំពេញ ៖ រចនាសម្ព័ន្ធនៃមន្ទីរសុខាភិបាលខេត្ត រាជធានីបច្ចុប្បន្ន ត្រូវបានផ្ទេរទៅឲ្យស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ត ចាប់ពីឆ្នាំ២០២០ នេះតទៅ។ រាជរដ្ឋាភិបាល ផ្ទេរថវិកាចំនួនជាង១៦៦លានដុល្លារ ទៅកាន់រដ្ឋបាលខេត្ត រាជធានី ដើម្បីដំណើរការអភិវឌ្ឍមូលដ្ឋានដោយខ្លួនឯង(ស្វយ័តភាព)។
នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត នាព្រឹកថ្ងៃពុធនេះ សម្តេចក្រឡាហោម ស ខេង រដ្ឋ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)បានបញ្ជាក់ថា ការផ្ទេការគ្រប់គ្រងបែបវិមជ្ឈការពីក្រសួងសុខាភិបាល ទៅឲ្យខេត្ត រាជធានី គ្រប់គ្រងដោយផ្ទាល់នៅពេលនេះ ធ្វើឲ្យមន្ទីរពេទ្យបង្អែកខេត្តចំនួន២៥ ការរិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន១០៣ មន្ទីរពេទ្យបង្អែកស្រុក ក្រុងចំនួន៩២ មណ្ឌលសុខភាពចំនួន១២២១ និងប៉ុស្តិ៍សុខភាពចំនួន១២៧ ត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត រាជធានី។
ក្រសួងសុខាភិបាល ក៏បានផ្ទេរបុគ្គលិកចំនួន ២០១២៤នាក់ ក្នុងនោះមានគ្រូពេទ្យចំនួនជាង ១៧ ០០០នាក់ បុគ្គលិករដ្ឋបាលជិត៣ពាន់នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួនជិត៣ពាន់ដែរ។ ក្រៅពីនេះ ថវិកាចំនួន១៦៦,៥លានដុល្លារ ក៏ត្រូវបានផ្ទេរទៅកាន់រដ្ឋបាលខេត្ត រាជធានីដូចគ្នាដែរ។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា លេខាធិការដ្ឋាន គ.ជ.អ.ប. ត្រូវបន្តសម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងមុខងារសេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្តឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០នេះ។ សម្ដេចក្រឡាហោម បានណែនាំឲ្យក្រុមប្រឹក្សា និង រដ្ឋបាលរាជធានី ខេត្តត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានមនុស្ស និងថវិកា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ប្រកបដោយតម្លាភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធី ដែលបានកំណត់ ដើម្បីលើកកម្ពស់គុណភាពនិងបរិមាណនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម បានគូសបញ្ជាក់បន្ថែមដែរថា រាជរដ្ឋាភិបាល នឹងបន្តសិក្សាអភិវឌ្ឍន៍រៀបចំរាជធានីភ្នំពេញ ឱ្យក្លាយទៅជារដ្ឋបាលពិសេសមួយ ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រងតាមបច្ចេកទេសព័ត៌មានទំនើប ដើម្បីធានាដល់ការគ្រប់គ្រង ការចាត់ចែងនិងការផុ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនដែលកំពុងមានការកើនឡើង។ រាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការក៏កំពុងសិក្សាលើជម្រើសនានា ដើម្បីកំណត់នូវសក្តានុពលនៃ ខេត្ត ឬក្រុង មួយចំនួនដែលអាចរៀបចំឱ្យក្លាយទៅជារដ្ឋបាលស្វយ័តសម្រាប់ពេលអនាគតផងដែរ៕