ភ្នំពេញ ៖ វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជាក្នុងរយៈពេលថ្មីៗនេះកាន់តែមានភាពអាក្រក់ឡើង ដោយសារតែស្ថានភាពកូវីដ ១៩នៅក្រៅប្រទេសនៅតែចោទជាបញ្ហា ធ្វើអោយការបញ្ជាទិញពីប្រទេសធំៗមួយចំនួនលើផលិតផលសម្លៀកបំពាក់និងស្បែកជើងកាន់តែតិចៗទៀត ដែលធ្វើហេតុធ្វើអោយហានិភ័យនៃការផ្អាកដំណើរការផលិតកាន់តែខ្ពស់ ។
យោងតាមការព្យាករពីខាងសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជា បានអោយដឹងថានៅក្នុងត្រីមាសទី២ នៃឆ្នាំ ២០២០នេះវិស័យនេះនឹងបាត់បង់អ្នកបញ្ជាទិញពី៥០ទៅ៦០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ។
លោក ប៊េន កៅ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងហៅកាត់ថា GMAC បានអោយដឹងថា ហាងលក់រាយល្បីៗនៅសហភាពអឺរ៉ុប និងអាមេរិកខាងត្បូង បានបង្ខំចិត្តផ្អាកឬលុបចោលការបញ្ជាទិញ ដោយសារតែវិបត្តិហិរញ្ញវត្ថុ ពីព្រោះតែការរីករាលដានៃកូវីដ១៩ ។
លោកថា៖«យើងព្យាករណ៍ថា ផលិតផលម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរដែលផលិតផនៅកម្ពុជា នឹងអាចបាត់បង់ការបញ្ជាទិញពី៥០ទៅ៦០ភាគរយ ក្នុងត្រីមាសទី២ឆ្នាំ ២០២០នេះ បើធៀបនឹងចំនួនអ្នកបញ្ជាទិញក្នុងត្រីមាសទី២ឆ្នាំ ២០១៩ » ។
លោកប៊េនបន្តថា សមាគមព្យាករណ៍ថាវិស័យនេះអាចនឹងប្រសើរបន្តិចវិញនៅមុនឆ្នាំ ២០២១ ប៉ុន្តែក្នុងពេលដែលវិស័យនេះ ថយចុះគួរអោយកត់សម្គាល់នេះ ពលរដ្ឋកម្ពុជារាប់រយពាន់នាក់នឹងមានហានិភ័យខ្ពស់ក្នុងការបាត់បង់ការងារ ហើយពលរដ្ឋរាប់លាននាក់នឹងត្រលប់ទៅរកភាពក្រីក្រវិញ ។
បើតាមរបាយការណ៍របស់សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង កម្ពុជា បានបង្ហាញផងដែរថា គិតមកដល់បច្ចុប្បន្ននេះ មានរោងចក្រប្រមាណ២៥០រោងចក្រហើយបានផ្អាកសកម្មភាពផលិតដោយសារតែកូវីដ១៩ ដោយក្នុងនោះមានកម្មករកម្មការិនីប្រមាណ១៣ម៉ឺននាក់ហើយក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងត្រូវបានព្យួរការងារ ដែលភាគច្រើនគឺជាស្ត្រី ។យ៉ាងណាក៏ដោយនៅថ្ងៃខាងមុខ បើសិនស្ថានភាពនៅតែមិនអំណោយផល ហានិភ័យនៃការបាត់បង់ការងាររបស់ពលរដ្ឋកម្ពុជា នឹងមានចំនួនកាន់តែកើនឡើង នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ។
សូមបញ្ជាក់ថា ធនាគារពិភពលោកក៏បានបង្ហាញពីការធ្លាក់ចុះនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាពិសេសផលិតផលវាយនភណ្ឌដែលបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុបនិងអាមេរិកបានធ្លាក់ចុះ ។
លោកលី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា បាននិយាយថាវិស័យកាត់ដេរគឺជាវិស័យមួយធំដែលគាំទ្រដល់ការនាំចេញរបស់កម្ពុជា ដូចជាការនាំចេញសម្លៀកបំពាក់ស្បែកជើង និងសម្ភារៈធ្វើដំណើរ ហើយវិស័យនេះ ចាប់ផ្ដើមទទួលឥទ្ធិពលអវិជ្ជមានពីការរាលដាលនៃជំងឺកូវីដ១៩នៅពេលថ្មីៗចុងក្រោយនេះ ដែលធ្វើអោយរោងចក្រកាន់តែច្រើនចាបផ្ដើមបិទទ្វារ និងកម្មកកាន់តែច្រើនចាប់ផ្ដើមបាត់បង់ការងារធ្វើ ។
យ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានជួយសម្រួលបន្ទុកមួយចំនួនដល់កម្មករនិយោជិតដែលបាត់បង់ការងារផងដែរ នៅក្នុងវិស័យឧស្សាហកកម្មកាត់ដេរ ដោយក្រសួងបានប្រកាសដល់កម្មករ និយោជិតនៅតាមក្រុមហ៊ុនដែលបានដាក់ព្យួរការងារទៅទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈធនាគារឯកទេសវីង ហើយទឹកប្រាក់នោះក៏មានបរិមាណទៅតាមចំនួនថ្ងៃដែលបានព្យួរការងាររបស់ក្រុមហ៊ុនខ្លួនធ្វើការផងដែរ៕