ព្រៃកោងកាងជិត៦ម៉ឺនហិកតាកំពុងជួយបង្កើតប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2020 ក+ ក-

ភ្នំពេញ ៖ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីព្រៃកោង កាង សរុបចំនួនជិត៦ម៉ឺនហិចតា កំពុងជួយបង្កើតប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ និង ជួយដល់ប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អប្រសើរ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា។

ក្នុងឱកាសចុះពិនិត្យដំណើរការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលិត ផលជាច្រើនទៀតក្នុង សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រ ទឹកដីខេត្តកោះកុង កាលពីម្សិលម៉ិញ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួង បរិស្ថាន បានបញ្ជាក់ថា «ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ី ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ ជា រនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទី យ៉ាង សំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជា ប្រភព ធនធានសមុទ្រដ៏សម្បូណ៌បែប។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ព្រៃកោង កាងក្នុងខេត្តកោះកុងពិសេសតំបន់ពាមក្រសោប បានចូលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ ជា កន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជ ដែលជាប្រភពធនធានសមុទ្រសំបូរបែប ដូច ជា ផ្តល់ផលវារីវប្បកម្មពីខេត្តកោះកុងមាន ១ម៉ឺន ៥១០០តោន/១ឆ្នាំ។

ផលនេសាទសមុទ្ររបស់ខេត្តកោះកុងពិសេសពីតំបន់ពាមក្រសោបមានចំនួន១ម៉ឺន ១៦៨០ តោន កាលពីឆ្នាំ២០១៩ កន្លងទៅ។ លើសពីនេះ តំបន់ព្រៃកោងកាងជាប្រភពដ៏សំខាន់ នៃការបង្កើត ប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ ដូចជា ការនេសាទ និងអេកូទេសចរណ៍។ អ្នកនាំ ពាក្យក្រសួងបរិសថា បញ្ជាក់ថា ខេត្តកោះកុងជាខេត្ត ដែលមានព្រៃកោងកាងច្រើនជាងគេ ក្នុង ចំណោមខេត្តជាប់មាត់សមុទ្រទាំង ៤ របស់កម្ពុជា។

សូមជម្រាបថា កម្ពុជា មានផ្ទៃដីព្រៃកោងកាង សរុបចំនួន ៥៨ ៨០០ហិកតា ដែលក្នុងនោះនៅខេត្តកែបមានទំហំ ១ ០០៥ហិកតា ខេត្តកំពតមានទំហំ ១ ៩៦៦ ហិកតា ខេត្តព្រះសីហនុមានទំហំ ៩ ៣៥២ ហិកតា និងខេត្តកោះកុងមានទំហំ ៤៦ ៥២៩ ហិកតា ។ ព្រៃកោងកាងជាប្រភេទព្រៃដុះលូតលាស់នៅតាមតំបន់ឆ្នេរទឹកភ្លាវ ក្រោមឥទ្ធិពលទឹកជោ នាច ពីសមុទ្រ និងជាទីប្រសព្វជាមួយទឹកសាប ដែលមានប្រភពពីតំបន់ឆ្នេរដីគោក។ ព្រៃកោងកាង ជា សម្បត្តិធម្មជាតិមហាសាលសម្រាប់មនុស្សជាតិទូទៅ ពិសេសប្រជាជនដែលរស់នៅ និងប្រកប មុខរបរអ្នកនេសាទតំបន់សមុទ្រ៕