ហ្សឺណែវ ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅថា WHO គួរតែទទួលបានលទ្ធផលឆាប់ៗនេះពីការសាកល្បងព្យាបាលដែលខ្លួនកំពុងរៀបចំធ្វើឡើងលើថ្នាំដែលអាចមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ COVID-19។
លោកបានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយដោយសម្ដៅលើការសិក្សាព្យាបាលដែលភ្នាក់ងារ UN កំពុងរៀបចំធ្វើឡើងថា “អ្នកជំងឺជិត ៥,៥០០ នាក់នៅក្នុងប្រទេសចំនួន ៣៩ មកទល់ពេលនេះត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងព្យាបាលដែលមានឈ្មោះថាសាមគ្គីភាព”។ លោកបាននិយាយថា “យើងរំពឹងឃើញលទ្ធផលបណ្តោះអាសន្នក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ”។
ការសាកល្បងព្យាបាល “សាមគ្គីភាព” បានចាប់ផ្តើមជា ៥ ផ្នែកដោយពិនិត្យមើលវិធីសាស្ត្រនៃការព្យាបាលដែលអាចកើតមានចំពោះជំងឺ COVID-19 ដូចជា ការថែទាំតាមស្តង់ដារ ថ្នាំ Remdesivir ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ ថ្នាំ Hydroxychloroquine ថ្នាំជំងឺអេដស៍ Lopinavir/Ritonavir និងថ្នាំ Lopanivir/Ritonavir ផ្សំជាមួយថ្នាំ Interferon។
កាលពីដើមខែនេះវាបានបញ្ឈប់ការធ្វើតេស្តថ្នាំ Hydroxychloroquine បន្ទាប់ពីការសិក្សាបានបង្ហាញថា វាមិនមានអត្ថប្រយោជន៍ចំពោះអ្នកដែលមានជំងឺនេះទេ ប៉ុន្តែការងារជាច្រើនទៀតនៅតែត្រូវការដើម្បីមើលថាតើវាអាចមានប្រសិទ្ធភាពជាថ្នាំបង្ការដែរឬយ៉ាងណា។
លោក Mike Ryan ប្រធានកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា វាជាការមិនសមហេតុផលនោះទេក្នុងការទស្សទាយនៅពេលដែលវ៉ាក់សាំងអាចត្រូវបានត្រៀមខ្លួនប្រឆាំងនឹងជំងឺ COVID-19 ដែលបានសម្លាប់មនុស្សជាងកន្លះលាននាក់។
លោកបានប្រាប់សមាគមន៍អ្នកសារព័ត៌មាន ACANU របស់ UN ក្នុងទីក្រុងហ្សឺណែវថា ខណៈពេលដែលបេក្ខជនតេស្តវ៉ាក់សាំងអាចបង្ហាញពីប្រសិទ្ធភាពរបស់វានៅចុងឆ្នាំសំណួរគឺថាតើវាអាចត្រូវបានផលិតឲ្យបានឆាប់តាមរបៀបណា។ ឥឡូវនេះមិនមានវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះនោះទេ ខណៈពេលដែលបេក្ខជនដែលសក្តានុពលចំនួន ១៨ នាក់កំពុងត្រូវបានធ្វើតេស្តលើមនុស្ស។
មន្ត្រីអង្គការសុខភាពពិភពលោកបានការពារការឆ្លើយតបរបស់ពួកគេចំពោះវីរុសដែលបានកើតឡើងនៅក្នុងប្រទេសចិនកាលពីឆ្នាំមុនដោយនិយាយថា ពួកគេត្រូវបានជំរុញដោយវិទ្យាសាស្ត្រនៅពេលវាបានអភិវឌ្ឍ។ លោក Ryan បាននិយាយថា អ្វីដែលលោកសោកស្តាយគឺបណ្តាញផ្គត់ផ្គង់សកលបានរងផលប៉ះពាល់ និងកង្វះខាតឧបករណ៍ការពាររបស់បុគ្គលិកពេទ្យ។ លោកបាននិយាយថា “ខ្ញុំសោកស្តាយដែលមិនមានសិទ្ធិប្រើប្រាស់ឧបករណ៍ COVID ដោយយុត្តិធម៌។ ខ្ញុំសោកស្តាយដែលប្រទេសខ្លះមានច្រើនជាងប្រទេសដទៃទៀត ហើយខ្ញុំសោកស្តាយដែលកម្មករជួរមុខបានស្លាប់ដោយសារបញ្ហានោះ”៕