ភ្នំពេញ៖លោក ឈាង វុន ប្រធានគណៈកម្ម ការកិច្ចការបរទេស សហ ប្រតិបត្តិការអន្តរ ជាតិ ឃោសនាការ និងព័ត៌មាន ឬហៅថា គណៈកម្មការទី៥រដ្ឋសភាប្រកាសរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត (Cyber Crime Law or Internet Law) ឲ្យបាននៅក្នុងសភាអាណត្តិទី៥នេះ។
ប្រធានគណៈកម្មការទី៥រដ្ឋសភា ថ្លែងនៅក្នុងសន្និសីទកាសែតថ្ងៃទី២៥ កញ្ញា ថា ច្បាប់ស្ដីពីការគ្រប់គ្រងអ៊ីនធឺណិត មានភាពចាំបាច់ដើម្បីទប់ស្កាត់បទល្មើសសង្គម និងរាំងស្កាត់ការផ្សាយព័ត៌មានគ្មានការពិតតាមអ៊ីនធឺណិត។
លោក ឈាង វុន លើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកមានច្បាប់គ្រប់គ្រងអ៊ីនធឺណិតនេះជាយូរ មកហើយ និងលោកយល់ថា ច្បាប់នេះមានសារប្រយោជន៍ក្នុងការទប់ស្កាត់ការផ្សាយព័ត៌មាន អាសអាភាស ប៉ះពាល់យុវវ័យក្នុងសង្គម។
លោក ឈាង វុន៖ «ស្រុកណាក៏មានច្បាប់នេះដែរ គ្រាន់តែថា យើងសរសេរយ៉ាងម៉េចអោយត្រឹមត្រូវ។ ឧបមាថាឥឡូវនេះ គេសរសេរស្អីមួយល្អ អាពាក្យសរសេរល្អនេះមិនបានន័យថា គេសរសេរមានន័យអាក្រក់ទេ អាគេទិតៀននេះក៏ល្អដែរ។ អានេះយើងត្រូវកោតសរសើរគេ។ ត្រូវលើកសរសើរអ្នកសរសេរហ្នឹង។ ក៏ប៉ុន្តែបើគេនិយាយពីរឿងជ្រូក រឿងអី យីពិបាកទទួលដែរណា ខ្ញុំមានកូនតូចៗមានចៅដែរហ្នឹង។ ទទួលយកម៉េចបាន អារឿងអ៊ីចឹងៗ អានេះត្រូវមានច្បាប់គ្រប់គ្រងហើយ។ យើងបង្ហោះព័ត៌មានផ្ដេសផ្ដាស ដូចជា យករូបថ្នាក់ដឹកនាំម្នាក់ យកខ្លួនឆ្កែ ក្បាលមនុស្សទៅដាក់ អានេះមិនមែនព័ត៌មានទេ។ ត្រូវចែកឲ្យដាច់ស្អីហៅថាព័ត៌មាន ស្អីមិនមែនព័ត៌មាន»។
បច្ចុប្បន្ន ប្រទេសកម្ពុជា គ្មានច្បាប់គ្រប់គ្រងអ៊ីនធឺណិតទេ ហើយបទល្មើសដែលកើតឡើងទាក់ទងការប្រើប្រព័ន្ធអ៊ីនធឺណិត ដូចជាការជំរិតយកប្រាក់ បានកើតមានជាច្រើនករណី ជាពិសេសមានជនជាតិចិន ប្រព្រឹត្តបទល្មើសនេះនៅកម្ពុជា។ លោក ឈាង វុន មានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជា គ្មានច្បាប់គ្រប់គ្រងអ៊ីនធឺណិតនេះហើយ នៅពេលមានបទល្មើសកើតឡើង អាជ្ញាធរ និងចៅក្រមតុលាការ បានប្រើក្រមព្រហ្មទណ្ឌ ដើម្បីផ្ដន្ទាទោសជនល្មើសទៅវិញ។
លោក ឈាង វុន៖ «ប៉ុន្តែច្បាប់ព្រហ្មទណ្ឌនេះនិយាយអត់ចំ CYBER CRIME នេះទេ។ បទឧក្រិដ្ឋពីអ៊ីនធឺណិតនេះទេ។ អ៊ីចឹងហើយបានជានៅទីក្រុងហ្សឺណែវ គេមានបង្កើតអង្គការមួយហៅថា អាយធីយូ (ITU) ហើយគាត់ទទួលខុសត្រូវលើសកលលោកតែម្តង។ គាត់បានអញ្ជើញខ្ញុំទៅ ហើយគាត់ថា ឯកឧត្តមជាអ្នកទទួលខុសត្រូវខាងគណៈកម្មការព័ត៌មានរបស់រដ្ឋសភា ដូច្នេះឯកឧត្តមត្រូវជំរុញយ៉ាងណាឲ្យបង្កើតច្បាប់នេះជាបន្ទាន់ គឺការគ្មានច្បាប់គ្រប់គ្រងនេះហើយ ដែលធ្វើឲ្យសង្គមខូចទៅថ្ងៃក្រោយ ហើយយុវជនយើងអត់មានអនាគត។ នៅក្នុងអ៊ីនធឺណិត កុនកូនជ្រូកមានពាសវាលពាសកាល នៅស្រុកគេអត់បានទេអាហ្នឹង»។
គម្រោងរៀបចំឲ្យមានច្បាប់ស្ដីពីគ្រប់គ្រងអ៊ីនធឺណិតនេះ តែងតែមានការជំទាស់ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល ដោយសារច្បាប់នេះអាចប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការទទួលព័ត៌មាន។
ប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកមិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរៀបចំច្បាប់ស្ដីពីការគ្រប់គ្រង អ៊ីនធឺណិតនេះទេ ពីព្រោះនៅប្រទេសកម្ពុជា មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ មានចែងអំពីការផ្ដន្ទាទោសអ្នកប្រព្រឹត្តិបទល្មើសតាមអ៊ីនធឺណិតបាន ហើយ៖ «ហើយបើយើងមើលពីខ្លឹមសារនោះ គឺយើងមានការព្រួយបារម្ភមែនទែន។ វាអាចទាក់ទងជាមួយសេរីភាពបញ្ចេញមតិដែរ។ ហើយអាចមានការជំរុញឲ្យមានការភ័យខ្លាចដល់យុវជនយើង ដែលថ្មីៗទើបទទួលបានសេរីភាពក្នុងការបញ្ចេញមតិតាមអ៊ីនធឺណិត។ ហើយបើតាមច្បាប់ព្រហ្មទណ្ឌវិញ អ្វីដែលខុសច្បាប់ ប្រទេសកម្ពុជា យើង គឺមានចែងក្នុងច្បាប់ព្រហ្មទណ្ឌទៅហើយ។ បើច្បាប់ព្រហ្មទណ្ឌចែងហើយ យើងមិនចាំបាច់មានច្បាប់ពិសេស ដែលផ្ដោតទៅលើការសម្ដែងមតិតាមអ៊ីនធឺណិតទេ»។
ការប្រើប្រាស់អ៊ីនធឺណិតកំពុងពេញនិយមនៅប្រទេសកម្ពុជា ហើយដោយសារប្រជាពលរដ្ឋ ជាពិសេសយុវវ័យ និយមប្រើបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (facebook) ជាដើម ដើម្បីចែកចាយព័ត៌មាននេះហើយ ដែលធ្វើឲ្យការបោះឆ្នោតមានការប្រែប្រួលលទ្ធផល គឺគណបក្សប្រឆាំងបានទទួលអាសនៈ៥៥នៅក្នុងអាសនៈ១២៣របស់រដ្ឋសភា៕ប្រភពៈrfa
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ឬហៅថា គណៈកម្មការទី៥រដ្ឋសភា ថ្លែងនៅក្នុងសន្និសីទកាសែតនារដ្ឋសភា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤។