ភ្នំពេញ៖នៅលើគណនីហ្វេសប៊ុករបស់លោកផៃ ស៊ីផាន បានសរសេរ ថា តាមដំណឹងដែលលោកទទួលបានពីអ្នកស្រុកវាល វែង គឺលោក ឈុត វុទ្ធី ជាអ្នកជួញឈើដ៏ឆ្នើមម្នាក់ ហើយក៏ជាព្រានប្រម៉ាញ់សត្វដ៏កំពូលម្នាក់ផងដែរ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងការភ្ញាក់ផ្អើល ឬអាម៉ាស់បន្ទាប់ពីមានការលើកឡើងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលបានកោតសរសើរ និងចាត់ទុកលោក ឈុត វុទ្ធី ជាសកម្មជនព្រៃឈើដ៏ឆ្នើម “ Great Man ” រួចមក។
គេបានឃើញនៅរសៀលថ្ងៃទី២៦កញ្ញានេះ លើទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន បានសរសេរ ថា «គោរពជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្ត FBFs ខ្ញុំមានសេចក្តីភ្ញាក់ផ្អើល ឬអាម៉ាស់ចំពោះការលើកឡើងរបស់លោកប្រធានធិបតីសហរដ្ឋអាមេរិកនៅក្នុងករណីលោក ឈុត វុទ្ធី ដែលគេ និងលោកប្រធានាធិបតី សហរដ្ឋអាមេរិកជឿជាក់ថា ជាសកម្មជនព្រៃឈើ ដែលលោកប្រធានាធិបតីប្រកាសថា ជាបុគ្គលឆ្នើម “ Great Man »។លោក ផៃ ស៊ីផាន បន្តថា “ដោយឡែកពីការទទួលមរណភាពរបស់លោក ព័ត៌មានដែលខ្ញុំទទួលបានពីសហគមន៍វាលវែង និងប្រជាពលរដ្ឋវាលវែងផងដែរ គេបានប្រាប់ខ្ញុំថា លោក ឈុត វុទ្ធី ជាអ្នកជួញឈើដ៏ឆ្នើមម្នាក់ និងក៏ជាអ្នកព្រានប្រម៉ាញ់សត្វ ដ៏កំពូលម្នាក់ផងដែរ ” ។
លោក ផៃ ស៊ីផាន បន្តថា “បើសិនជារឿងនេះពិតមែននោះ គឺជាការសោកស្តាយយ៉ាងខ្លាំង ចំពោះពាក្យសម្តីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានលើកស្ទួយឈ្មោះ លោក ឈុត វុទ្ធី ជាបុគ្គលឆ្នើម “ Great Man ” របស់សហរដ្ឋអាមេរិក អាចធ្វើឲ្យពិភពលោកយល់ច្រលំចំពោះពាក្យប្រឌិតដ៏ឧត្តុងឧត្តមនេះ។ បើយោងទៅតាមសម្តីរបស់អ្នកវាលវែងវិញ គេអាចហៅថា គាត់ជាមនុស្សប្រម៉ាញ់សត្វដ៏ឆ្នើម “ Great Hunter ” និងជាអ្នកជួញឈើដ៏កំពូលម្នាក់ផងដែរ “ Great Log Trader ”។
អត្ថបទនោះបានសរសេរបន្ថែមថា “ពិភពលោកបានចាញ់បោកស្ត្រីម្នាក់ ជាប្រធានអង្គការការពារស្ត្រី អស់លុយរាប់លានដុល្លារ ពីការឆបោក និងប្រឌិតរបស់ស្ត្រីម្នាក់នេះ។ ការខាតបង់មិនត្រឹមតែប្រាក់ដុល្លារប៉ុណ្ណោះទេ គឺរួមទាំងកេរ្តិ៍ឈ្មោះរបស់កម្ពុជាផងដែរ។ សូមមេត្តាជួយស្វែងរកព័ត៌មានពិត និងជម្រាបលោកប្រធានាធិបតី ជាពិសេសក្រុមប្រឹក្សា និងអ្នកផ្តល់ព័ត៌មាននៅសេតវិមាន។ អរគុណ”។
គេនៅចាំបានថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ លោក ឈុត វុទ្ធី ជាប្រធានអង្គការការពារព្រៃឈើ បានជូនដំណើរស្ត្រីអ្នកកាសែតពីរនាក់របស់កាសែត The Cambodia Daily គឺកញ្ញា ផន បុប្ផា អាយុ២៧ ឆ្នាំ និងកញ្ញា Plokhii ជនជាតិកាណាដា អាយុ ២៧ ឆ្នាំ តាមឡានឡង់គ្រីស័រ ពណ៌ឈាមជ្រូកដ៏ចាស់របស់លោក ឈុត វុទ្ធី ពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង តាមជួរភ្នំក្រវាញ។ ទៅដល់ក្រុមហ៊ុន Timber Green ក៏កើតមានជម្លោះជាមួយប៉េអឹម និងទាហានដែលយាមក្រុមហ៊ុន ហើយលោក ឈុត វុទ្ធី ក៏ត្រូវប៉េអឹម បាញ់សម្លាប់លើឡានរបស់លោក។
បន្ទាប់មកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ តុលាការសាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន Timber Green ក្រោមបទចោទប្រកាន់ពីបទ “មនុស្សឃាត ដោយអចេតនា” ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ប៉េអឹមខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្រោយមកទៀត គណៈកម្មការចម្រុះអន្តរក្រសួងរបស់រដ្ឋាភិបាល បានប្រកាសលទ្ធផលរបាយការណ៍ស៊ើបអង្កេត កាលពីថ្ងៃទី៥ឧសភា ឆ្នាំ២០១២ ដោយបង្ហាញថា ប៉េអឹម អ៊ិន រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ធី ក្រោយពីប៉ះទង្គិចពាក្យសំដីគ្នាក្នុងថ្ងៃកើតហេតុនៅរសៀលថ្ងៃទី២៦មេសា ឆ្នាំ២០១២។
ទោះជាយ៉ាងនេះក្តី ក៏ពេលនោះមានអង្គការសង្គមស៊ីវិល និងមហាជនមួយចំនួននៅតែមានការស្រពិច ស្រពិលនឹងរបាយការណ៍ស៊ើបអង្កេតករណីសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ស្លាប់។
បើសិនជាលោក ឈុត វុទ្ធី ធ្លាប់បានប្រព្រឹត្តដូចទៅនឹងការលើកឡើងរបស់លោក ផៃ ស៊ីផាន មែននោះ នឹងធ្វើឲ្យអ្នកដែលធ្លាប់គាំទ្រសកម្មភាពរបស់លោកឈុត វុទ្ធី ខកចិត្ត៕
លោក ឈុត វុទ្ធី ជាសកម្មជនព្រៃឈើ (រូបថតកាលនៅរស់)