កីឡាករ កែវ រំចង់ កំពុងត្រៀមខ្លួនឆ្លងដែនទៅប្រទេសវៀតណាម ដើម្បីចូលរួមប្រកួតជាមួយជើងខ្លាំងមហាកម្លាំងថៃ Iquezang Kor Rungthanakeat ដែលធ្លាប់យកឈ្នះកីឡាករជួរមុខកម្ពុជា ពេជ្រ សីហា និង វង្ស ណយ ក្នុងកម្មវិធី Thai Fight នាថ្ងៃទី២៤ ចុងខែតុលាខាងមុខ។
តាមការគ្រោងទុក កែវ រំចង់ នឹងត្រូវឡើងសង្វៀន Thai Fight ក្នុងជំនួបលើកដំបូងជាមួយកីឡាករពោរពេញដោយបទពិសោធន៍ Iquezang Kor Rungthanakeat នៅក្នុងប្រទេសវៀតណាម នៅថ្ងៃទី២៤ ខែតុលាខាងមុខ។
បច្ចុប្បន្ន កែវ រំចង់ កំពុងហាត់ត្រៀមយ៉ាងសកម្មដើម្បីសងសឹកជូនកីឡាកររួមជាតិ ហើយថ្ងៃទី០២ ខែតុលាខាងមុខ រូបគេនឹងជួបប្រកួតសាកកម្លាំងជាមួយកីឡាករថៃនៅសង្វៀនបាយ័ន មុនចេញទៅប្រទេសវៀតណាម។ កីឡាកររូបនេះបានបញ្ជាក់ទៀតថា ការចាកចេញទៅប្រទេសវៀតណាម ខាងភាគីថៃជាអ្នករៀបចំទាំងអស់ ប៉ុន្តែមិនទាន់ដឹងថ្ងៃចេញដំណើរច្បាស់លាស់នៅឡើយទេ។
គួរបញ្ជាក់ថា គូប្រកួតរបស់ កែវ រំចង់ កីឡាករ Iquezang ត្រូវចាត់ទុកថា ជាអ្នកប្រដាល់ខ្លាំងម្នាក់លើសង្វៀន Thai Fight ព្រោះការប្រកួតរបស់គេម្តងៗសម្រុកចូលវាយគ្មានត្រាប្រណី ឡើយ។ កីឡាករថៃម្នាក់នេះធ្លាប់ផ្ដួលជើងខ្លាំងប្រើកែង វង្ស ណយ ក្នុងទឹកទីបីកាលចុងឆ្នាំ២០១៣ និងយកឈ្នះអ្នកលេងកណ្ដាប់ដៃ ពេជ្រ សីហា កាលពីខែមេសាកន្លងទៅនេះផងដែរ៕
កែវ រំចង់ នឹងប៉ះ Iquezang ក្នុងកម្មវិធី Thai Fight ចុងខែក្រោយ