ភ្នំពេញ៖ក្រុមការងារ បច្ចេកទេសនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបគ្នាកាលពីថ្ងៃអង្គារម្សិលមិញ។ ប៉ុន្តែកិច្ចប្រជុំដែលជាសេនាធិការមុនកិច្ចប្រជុំកំពូលនោះ មិនអាចទំលុះទំលាយបញ្ហាដែលនៅសេសសល់បានទេ។ ហើយសម្រាប់កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ទី១ តុលាខាងមុខគឺនៅមានការខ្វែងគំនិតគ្នាជាច្រើន។
តាម RFI បានរាយការណ៍កាលពីម្សិលម៉ិញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅតែមានជំហរផ្ទុយគ្នាលើរបៀបវារៈនៃកិច្ចប្រជុំកំពូលថ្ងៃទី១ តុលា។ ថ្ងៃទី១ តុលាដែលកិច្ចប្រជុំនឹងលើកយករបៀបវារៈស្តីពីច្បាប់បោះឆ្នោតដែលនៅសេសសល់ចំនួន៥ចំណុច និងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាចង់ឱ្យច្បាប់បោះឆ្នោតថ្មី ត្រូវបន្ថយរយៈពេលនៃការឃោសនាបោះឆ្នោតពី១៥ ថ្ងៃមកត្រឹម១០ថ្ងៃ ដោយឡែកការដង្ហែក្បួនវិញ មិនអនុញ្ញាតឱ្យដង្ហែឆ្លងពីឃុំ១ ទៅឃុំផ្សេងទៀតនោះទេ។ ប៉ុន្តែចំណុចនេះ គណបក្សសង្គ្រោះជាតិមិនព្រម។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សបានសង្កត់ធ្ងន់ថា ច្បាប់បោះឆ្នោតឃុំសង្កាត់នេះគួរតែគោរពតាមច្បាប់ចាស់ដែលមាន ស្រាប់ មិនគួរកែប្រែហើយកាត់បន្ថយរយៈពេល និងមិនឱ្យហែឆ្លងកាត់ឃុំយ៉ាងដូចនេះទេ។ ប៉ុន្តែលោក សុខ ឥសាន បានពន្យល់ថា ការដង្ហែឆ្លងកាត់ឃុំ គឺអាចបង្កការលំបាក់ដល់ការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាព។
ដោយឡែកការវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាវិញ ក៏នៅមិនទាន់ត្រូវគ្នាមួយចំនួនដែរ នោះគឺ ការចែងតួនាទីនិងភារៈកិច្ចរបស់សមាជិកសភា ការបើកទូលាយឯកសាររបស់សភា និងការកោះហៅរដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីមកបំភ្លឺជាដើម។ ក្នុងនោះក៏មាន ការចូលស្បថកាន់ដំណែងរបស់សមាជិកសភាផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនៃគណបក្សទាំងពីរកាលពីថ្ងៃ អង្គារទី២៩ កញ្ញាបានជួបគ្នាប្រមាណជាង១ម៉ោងកន្លះដែលបានពិភាក្សាស្តីពី បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ប៉ុន្តែគណបក្សទាំងពីរនៅមិនអាចទម្លុះទម្លាយការងារដែលនៅសេសសល់បាននោះទេ។
យ៉ាងណាក៏ដោយ ក្រុមការងារនៃគណបក្សទាំងពីរ នឹងដាក់ចំណុចដែលនៅសេសសល់ទាំងអស់ ដូចជាបញ្ហានៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាដាក់ជូនក្នុងរបៀបវារៈថ្ងៃប្រជុំ កំពូលថ្ងៃទី១ តុលា បើទោះបីជាខ្វែងគំនិតគ្នាក៏ដោយ។ គណបក្សកាន់អំណាច បានបញ្ជាក់ថា បើមេដឹកនាំគណបក្សទាំងពីរមិនអាចទម្លុះទម្លាយក្នុងថ្ងៃជំនួបរបៀបវារៈដែលនៅសេសសល់នឹងត្រូវដាក់បញ្ចូលទៅក្នុងការប្រជុំរបស់សភា ពេញអង្គដើម្បីសម្រេច៕
ជំនួបរវាងលោក កឹម សុខា និងលោក ស ខេង កាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០១៥(រូបថតៈRFI)