សមាគមបាល់ទាត់អង់គ្លេស FA បានអះអាងថា អ្នកចាត់ការទូទៅរបស់ក្លិបតោខៀវ Chelsea លោក Jose Mourinho នឹងប្រឈមមុខការដាក់ពាក្យបណ្តឹងរពីអ្នកគ្រូពេទ្យរបស់ក្លិបមួយនេះ គឺអ្នកស្រី Eva Carneiro បន្ទាប់ពីអ្នកចាត់ការរូបនោះបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅលើ អ្នកស្រីកាលពីខែមុន។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail បានឲ្យដឹងថា លោក Jose Mourinho បានរិះគន់អ្នកស្រី Eva Carneiro សម្រាប់ការព្យាបាលយឺតយ៉ាវលើខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ិក Eden Hazard ខណៈពេលដែលក្លិបមួយនេះនៅសល់តែសមាជិក១០នាក់ បន្ទាប់ពីអ្នកចាំទី Thibaut Courtois ទទួលបានកាតក្រហមនៅតង់ទីពីរ អំឡុងពេលដែលក្លិបតោខៀវ Chelsea ជួបជាមួយក្លិបក្ងានព្រៃ Swansea កាលពីខែមុន ហើយបន្ទាប់ពីព្យាបាលរួចហើយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានហាមមិនអ្នកគ្រូពេទ្យ Eva Carneiro អង្គុយលើកៅអីដូចធម្មតាឡើយ។
គួរបញ្ជាក់ថា អ្នកគ្រូពេទ្យ Eva Carnerio ត្រូវបានតែងតាំងឡើងដោយអតីតអ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea គឺលោក Andre Villas-Boas នៅក្នុងឆ្នាំ២០១១៕
អ្នកគ្រូពេទ្យ Eva Carneiroដាក់ពាក្យបណ្តឹងលោក Jose Mourinho