បាល់ទាត់៖ក្រុមបាល់ទាត់បឹងកេតអង្គរដែលតំណាងឲ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ពានរង្វាន់អនុតំបន់ទន្លេមេគង្គ TOYOTA Mekong Club ឆ្នាំ២០១៥ នេះ បានយកឈ្នះក្រុមម្ចាស់ផ្ទះ Lao Toyota FC ២-០ ដាច់ក្នុងវគ្គជម្រុះជុំទី១ កាលពីម្សិលមិញនៅកីឡដ្ឋាន Anouvong ។
គ្រាប់ទី១របស់បឹងកេតធ្វើបានដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី៤៤ បន្ទាប់ដាក់បញ្ចូលជំនួយខ្សែបម្រើកណ្តាល ឈុន សុធារ័ត្ន បញ្ចប់តង់ទី១ បឹងកេតអង្គរនាំមុខម្ចាស់ផ្ទះ១-០។ ចូលដល់តង់ទី២ ចាន់ វឌ្ឍនាកា បានបន្ថែមគ្រាប់ទី២នៅនាទីទី៨៨ បន្ទាប់ពីទទួលបានបាល់ពីមិត្តរួមក្រុម ហើយញាក់បាល់ដាច់ខ្សែការពារ និងអ្នកចាំទីរបស់ Laos Toyota ដើម្បីទម្លាយសំណាញ់ទីយ៉ាងស្អាត។ ចប់ការប្រកួតបឹងកេតអង្គរបានយកឈ្នះដោយលទ្ធផល ២-០។
គួរបញ្ជាក់ថា ជ័យជម្នះនេះធ្វើឲ្យក្រុមបឹងកេតអង្គរកាន់តែមានសង្ឃឹមច្រើនសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីជួប ក្រុមជើងឯកវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែនៅថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ បឹងកេតអង្គរ ត្រូវភ្ញៀវជាក្រុមជើងឯកមីយ៉ាន់ម៉ានៅពហុកីឡដ្ឋានជាតិ៕