Pacquiao នឹង​ឡើង​សង្វៀន​ប្រកួត​នៅ​ឆ្នាំក្រោយ​មុន​ចូលនិវត្តន៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2015 ក+ ក-

ប្រដាល់​៖​សេចក្ដីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao នឹងត្រូវ​ឡើង​សង្វៀន​ប្រកួត​ជា​លើកចុងក្រោយ​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់មក​គាត់​នឹង​បញ្ចប់​អាជីព​មួយ​នេះហើយ​ងាក​ទៅ​ប្រឡូក​ក្នុង​ឆាកនយោបាយ​របស់​ប្រទេស​ហ្វីលីពីន​។
​ លោក Bob Arum អ្នករៀបចំ​កម្មវិធី​ប្រកួត​បាន​ឲ្យ​ដឹងថា Manny Pacquiao នឹង​ចូល​និវត្ត​ពី​អាជីព​ជា​អ្នក​ប្រដាល់សកល​ក្រោយ​បញ្ចប់​ការប្រកួត​ដែល​បានគ្រោង​ទុក​ក្នុង​វ័យ​៣៦​ឆ្នាំ ដើម្បី​ចូលរួម​ក្នុង​ឆាកនយោបាយ​ប្រទេស​ហ្វីលីពីន​។​
​ យោងតាម​សារព័ត៌មាន espn.com បាន​ចុះផ្សាយ​ថា គូប​ដិ​បក្ស​របស់ Pacquiao មិនទាន់​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ប្រដាល់​រូប​ណា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹងថា​មាន​អ្នក​ប្រដាល់​ជាច្រើន​ដូចជា Kell Brook, Timothy Bradley, Juan Manuel Marquez និង Terence Crawford ក្នុងនោះ​ក៏មាន​អ្នក​ប្រដាល់​សញ្ជាតិ​អង់គ្លេស Amir Khan ដែល​អាច​នឹង​ទៅ​ប៉ះ​ជាមួយ Pacquiao ផងដែរ​។
​ Pacquiao និយាយថា ៖ នៅ​ពាក់កណ្ដាល​ខែឧសភា​នឹងមាន​ការបោះឆ្នោត ដូច្នេះ​ខ្ញុំ​អាច​នឹង​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​របស់​ហ្វីលីពីន ហើយ​ប្រសិនបើ​ខ្ញុំ​ជាប់​មែន ខ្ញុំ​មិនអាច​ចូលរួម​ក្នុងការ​ប្រកួត​ប្រដាល់​ទៀតឡើយ ពីព្រោះ​ខ្ញុំ​ត្រូវការ​ផ្ដោត​សំខាន់​ទៅលើ​ការងារ​ក្នុង​ព្រឹទ្ធសភា ហើយ​ខ្ញុំ​ត្រូវតែមាន​ការចូលរួម​ដើម្បី​បម្រើ​ការងារ​មួយ​នេះ​» ។​
​ គួរ​បញ្ជាក់ថា Pacquiao មិនបាន​ឡើង​សង្វៀន​ប្រកួត​ចាប់តាំងពី​រង​បរាជ័យ​ក្រោម​ស្នាដៃ​អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក Floyd Mayweather កាលពី​ខែឧសភា បន្ទាប់ពី​មានការ​សម្រេច​ជា​ឯកច្ឆ័ន្ទ​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល​ទាំងបី​៕

art15.2