បាល់ទាត់៖យោងតាមប្រភពពីសារព័ត៌មាន AFP បានចុះផ្សាយថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Karim Benzema និងជាខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid ត្រូវបានឃុំខ្លួន១យប់ បន្ទាប់ពីចូលខ្លួនទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលិសកាលពីព្រឹកថ្ងៃពុធម្សិលមិញ។
ប្រភពបញ្ជាក់ថា កីឡាករវ័យ២៧ឆ្នាំរូបនេះត្រូវបានប៉ូលិសបារាំងឃាត់ខ្លួនពេញ១យប់ ដោយជាប់ចោទពីបទរៀបចំផែនការគំរាមមិត្តរួមក្រុមជម្រើសជាតិ បារាំងរបស់គេ Mathieu Valbuena ពាក់ព័ន្ធនឹងរឿងវីដេអូសិច។ ទោះជាយ៉ាងណាមេធាវីកីឡាកររូបនេះ លោក Sylvain Cormier បានលើកឡើងថា ទោះ Benzema ត្រូវឃុំខ្លួន ប៉ុន្តែលោកយល់ថា រូបគេមិនមែនជាជនដែលប្រព្រឹត្តដូចការចោទប្រកាន់នេះឡើយ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ សម្រាប់ Benzema ដែលរងការចោទប្រកាន់ពីប៉ូលិស។ កាលឆ្នាំមុន ខ្សែប្រយុទ្ធក្រុមស្ដេចសរូបនេះ និង Franck Ribery របស់ក្រុម Bayern Munich ក៏ត្រូវប៉ូលិសហៅចូលប៉ុស្តិ៍ រឿងរួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុផងដែរ៕