ប្រដាល់៖ការប្រកួតក្បាច់គុនចម្រុះ(MMA)ដែលមានឈ្មោះថា ONE: KINGDOM OF KHMER ជាលើកទី២នឹងត្រូវចាប់ផ្ដើមបើកការប្រកួត នាយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ នៅរោងមហោស្រពកោះពេជ្រ ដែលមានកីឡាករ កីឡាការិនីកម្ពុជានិងកីឡាករបរទេស ជួបប្រកួតគ្នាសងសឹក និងលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិជាច្រើនគូទៀត។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសមាគមន៍ក្បាច់គុនចម្រុះកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងក្នុងសន្និសីទកាសែត ONE: KINGDOM OF KHMER គណៈកម្មការរៀបចំការប្រកួតក៏ដូចជាកីឡាករ កីឡាការិនីទាំងអស់ ត្រូវតែពិនិត្យឲ្យបានហ្មត់ចត់ក្នុងការចាប់ គូការវិនិច្ឆ័យ កាត់ក្ដីឲ្យបានត្រឹមត្រូវពិតប្រាកដ ហើយចំពោះកីឡាករ កីឡាការិនី ប្រកួតត្រូវមានសេចក្ដីថ្លៃថ្នូរ គោរពឲ្យបានតាមគោលការណ៍ Fair Play ពោលបើឈ្នះ គឺឈ្នះដោយជំនាញបច្ចេកទេស ហើយបើចាញ់ ក៏ចាញ់ដោយបច្ចេកទេសពិតៗ កុំឲ្យគេមើលញើញថាស៊ីឡាកខុសទំនងនោះ។
នាយកប្រតិបត្តិរបស់ ONE Championship លោក Victor Cui បានថ្លែងថា ក្នុងការប្រកួតកម្រិតពិភពលោកជាលើកទី២នៅកម្ពុជានេះ ONE នឹងធ្វើការផ្គូរផ្គងឲ្យអ្នកប្រយុទ្ធកម្ពុជាប៉ះជាមួយនឹងកីឡាករ កម្ពុជា សងសឹកក៏ដូចជាកីឡាការិនីជាច្រើន ប្រកួតលក្ខណៈមិត្តភាពជាតិ ហើយក៏មានការប្រកួតដ៏រំភើបរវាងកីឡាករបរទេស និងបរទេសក្នុងកម្រិតគូឯក និងគូឯករងក្នុងព្រឹត្តិការណ៍នោះផងដែរ។
កីឡាករដែលត្រូវជួបគ្នាក្នុងព្រឹត្តិការណ៍ ONE: KINGDOM OF KHMER នេះមាន ចាន់ រតនា ត្រូវឡើងប្រកួតសងសឹក ក៏ដូចជាជម្រះបញ្ជីក្នុងសង្វៀនដាក់ទ្រុងជាមួយនឹងកីឡាករ សំអាង ឌុន ក្នុងទម្ងន់៦៥,៨គីឡូក្រាម ក្រោយពីរូបគេបានរងបរាជ័យទាំងចម្រូងចម្រាសក្នុងព្រឹត្តិការណ៍ ONE: Rise of the Kingdom រដូវកាលទីមួយកន្លងមក។
ចំណែកកីឡាករ ចាន់ ហេង នឹងត្រូវជួបជាមួយនឹងកីឡាករជើងថ្មីរបស់ឥណ្ឌូនេស៊ី Mario Satya Wirawan។ រីឯកីឡាករមាស ម៉ើ នឹងត្រូវបង្ហាញខ្លួនជាលើកទី២ ក្នុងសង្វៀនដាក់ទ្រុងរបស់ ONE ក្នុងទម្ងន់៦១,២គីឡូក្រាម ដើម្បីជួបជាមួយនឹងជើងខ្លាំងរបស់ម៉ាឡេស៊ី Chan Sam Art ខណៈដែលកីឡាការិនី សំ ថារ័ត្ន របស់កម្ពុជា នឹងត្រូវជួបជាមួយអ្នកប្រយុទ្ធមកពីឥណ្ឌា Jeet Toshដែលមកប្រកួតនៅកម្ពុជាលើកដំបូង។ ដោយឡែកកីឡាការិនី វី ស្រីឆាយ ដែលបានបង្ហាញខ្លួនជាលើកទី១ ក្នុងកម្មវិធី ONE: Rise of the Kingdom កាលពីឆ្នាំមុននោះ នឹងត្រូវជួបមិត្តរួមជាតិរបស់ខ្លួនគឺកីឡាការិនី អេ យ៉ានុត ហើយក៏មានការប្រកួតរវាងកីឡាករបរទេសដូចគ្នាក្នុងកម្រិតគូឯក និងគូឯករងទៀតផង៕