បាល់ទាត់៖ក្រុមជម្រើសជាតិជប៉ុននឹងមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃសុក្រទី១៣ ខែវិចិ្ឆកា ឆ្នាំ ២០១៥ដើម្បីត្រៀមខ្លួនប្រកួតក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia នៅពូល E ជុំទី២ ជើងទី២ ប្រចាំទ្វីបអាស៊ី ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមប្រភពគួរឱ្យទុកចិត្តមួយ។
ប្រភពដដែលបន្តថា ក្រុមជម្រើសជាតិជប៉ុន នឹងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥មួយកន្លែង នៅកណ្តាលរាជធានីភ្នំពេញ។ អ្វីដែលជាពិសេសថែមទៀតនោះក្រុមដាវសាម៉ូវ៉ៃខៀវ បាននាំមកនូវសម្ភារៈមួយចំនួនដូចជា ម្ហូបអាហារ រថយន្តផ្ទាល់ខ្លួន ជាពិសេសនោះគឺចុងភៅតែម្តង។ ដំណើរមកកម្ពុជា នេះបន្ទាប់ពីជប៉ុនបញ្ចប់យុទ្ធនាការប្រកួតជាមួយសិង្ហបុរីកាលពីយប់ថ្ងៃព្រហស្បត្តិ៍នេះ។
យ៉ាងណាមិញកាលពីព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា កន្លងទៅនេះ ក្រុមការងារផ្សាយរបស់ទូរទស្សន៍ជប៉ុនក៏បានចុះមកត្រួតពិនិត្យ ពហុកីឡដា្ឋនជាតិ ដែលជាទីកន្លែងប្រកួត ដើម្បីផ្តិតយករូបភាពផ្សាយទូទាំងពិភពលោក ដោយមានការសហការជាមួយទូរទស្សន៍ក្នុងស្រុកBTVផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៥ ខាងមុខ វេលាម៉ោង ៦ និង៣០ នាទីល្ងាច ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវទទួលស្វាគមន៍ក្រុមសាម៉ូរ៉ៃជប៉ុនក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia នៅពូល E ជុំទី២ ជើងទី២ ប្រចាំទ្វីបអាស៊ី នៅលើទីលានស្មៅសប្បនិម្មិតក្នុងកីឡដ្ឋានជាតិអូឡាំពិក៕