បាត់ដំបង៖ខេត្តបាត់ដំបង គឺជាខេត្តប្រកបដោយសក្តានុពលក្នុងវិស័យកសិកម្ម ហើយក៏ជាខេត្តជង្រុកស្រូវ និងជាឆ្នាំងបាយ សម្រាប់ប្រទេសកម្ពុជាផងដែរ។លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅក្នុងឳកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្សារទំនើប និងផ្សារបន្លែបោះដុំ – ចែកចាយលក់រាយ របស់ ក្រុមហ៊ុន ភូ ពុយ អ៊ិនវ៉េសមេន ខូអិលធីឌី ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ និងវត្តមានលោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ជាអធិបតីផងដែរ។
លោកឧកញ៉ា ភូ ពុយ ប្រធានក្រុមហ៊ុន ភូ ពុយ អ៊ិនវេសមេន ខូអិលធីឌី បានគូសបញ្ជាក់ក្នុងថ្ងៃសម្ពោធផ្សារទំនើបរបស់ខ្លួនថា៖ ស្ថិតក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុន ដែលមានផ្ទៃដីសរុប៣០ហិកតា។ផ្សារទំនើបភូ ពុយ នេះមានទំហំ៦០ម៉ែត្រគុណ១២៨ម៉ែត្រ មានកម្ពស់៤ជាន់និងផ្សារបន្លែ លើផ្ទៃដីសាងសង់ទំហំ២០.០០០ម៉ែត្រក្រឡា។
ជាមួយគ្នានេះ ក្រុមហ៊ុនបានផ្តល់ភាពអនុគ្រោះដល់អាជីវករលក់ដូរក្នុងផ្សារបន្លែ ភូ ពុយ ដោយមិនគិតឈ្នួលតូប ថ្លៃទីតាំងសំរាប់លក់ដូរ ឬក៏ថ្លៃឈ្នួលកន្លែងលក់ក្នុងផ្សារ និងភាស៊ី ក្នុងរយៈពេល៥ឆ្នាំ ដូចគ្នា។ លោកឧកញ៉ា ភូ ពុយ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ការវិនិយោគសាងសង់នូវផ្សារទំនើប និងរៀបចំបង្កើតឲ្យមានផ្សារបន្លែ លក់ដុំនិងលក់រាយ គឺក្នុងគោលបំណងរួមចំណែកជាមួយអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងក្នុងការអភិវឌ្ឍន៍តំបន់មូលដ្ឋានឲ្យក្លាយជាទីតាំងប្រមូលផ្តុំចម្បងមួយសំរាប់ការបោះដុំ និងលក់រាយនូវបន្លែ ផ្លែឈើ ដើម្បីផ្តល់ឳកាសលើកទឹកចិត្តជម្រុញនូវកំណើនកសិករក្នុងការដាំដុះបន្លែនិងអ្នកចម្ការផ្លែឈើផងដែរ ព្រមទាំងបានកែប្រែជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាកសិករ និងអាជីវករឲ្យមានភាពល្អប្រសើរឡើង។
លោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន វាបានជំរុញនូវកំណើនជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ អ្នកចម្ការអាជីវករ និងបងប្អូនប្រជាពលរដ្ឋទូទៅតាមរយៈការរួមចំណែករបស់ក្រុមហ៊ុនផ្សារទំនើប និងផ្សារបន្លែ ភូ ពុយ និងពីការគិតគូយកចិត្តទុកដាក់សហការជ្រោមជ្រែងពីសំណាក់រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ការបង្កើតឲ្យមានផ្សារទំនើបនិងផ្សារបន្លែ នៅទីនេះ គឺនៅពេលដែលកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ឆាប់ៗខាងមុខ ទាំងទីតាំងព្រមទាំងបរិវេណផ្សារទំនើបនិងផ្សារបន្លែ ភូ ពុយ ពិតជារួមចំណែកដ៏មានសារៈសំខាន់ក្នុងការដើរតួជាអន្តរការី ជាទីតាំងប្រមូលផ្តុំកណ្តាលមួយ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម-អាជីវកម្មជាមួយប្រទេសថៃ នូវលំហូរទំនិញតាមច្រកប៉ោយប៉ែតមកកាន់ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ភ្នំពេញ និងបណ្តាខេត្តភាគខាងកើតមួយចំនួន។ ទីផ្សារមួយនេះ វានឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលបោះដុំ លក់រាយនូវផលិតផលគ្រប់ប្រភេទនិងគ្រប់មុខ ក្នុងការធ្វើពាណិជ្ជកម្ម-អាជីវកម្មទាំងក្នុងខេត្ត ក៏ដូចជាបណ្តាខេត្តភូមិភាគ និងជាមួយប្រទេសថៃ ផងដែរ៕ដោយ៖ប ប