បាល់ទាត់៖នៅវេលាម៉ោង៣ល្ងាចនេះក្រុមជម្រើសជាតិកម្ពុជានឹងប៉ះក្រុមលេខ២លីកកំពូលវៀតណម ក្នុងការប្រកួតពានរង្វាន់មិត្តភាព 2015 Yunnan, Asean International Football Open Tournament បន្ទាប់ពីយកឈ្នះក្រុមលីកលំដាប់ទី៣របស់ប្រទេសចិន និងក្រុម Lao Champa របស់ប្រទេសឡាវ។
ក្រុម Hanio T&T និងក្រុមជម្រើសជាតិកម្ពុជាសុទ្ធតែប្រកួតកាលពីថ្ងៃអាទិត្យម្សិលមិញ ដូចគ្នា មុនបន្តប្រកួតនៅថ្ងៃនេះទៀត ដោយមិនបានសម្រាកឡើយ។ ពានរង្វាន់ 2015 Yunnan, Asean International Football Open Tournament មានក្រុមចំនួន៩ ចូលរួមមានប្រទេសមីយ៉ាន់ម៉ា, បង់ក្លាដេស និងព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជូនក្រុមជម្រើសជាតិទៅចូលរួម។ ចំណែកប្រទេសចិន, ឡាវ និងប្រទេសវៀតណាម បញ្ជូនក្រុមតំណាងទៅចូលរួមប៉ុណ្ណោះ។ ឡាវតំណាងដោយក្រុម Lao Champa ឯវៀតណាមតំណាងដោយក្រុម Hà Nội T&T និងប្រទេសចិនមាន៤ក្រុមចូលរួម។
ក្រុមជម្រើសជាតិកម្ពុជាបានទទួលជ័យជម្នះ ២ប្រកួតហើយ ដោយយកឈ្នះក្រុម Baotou Nanjiao FC របស់ប្រទេសចិន ៣-១ កាលពីថ្ងៃទី២០ និងបន្តលត់ក្រុម Lao Champa របស់ប្រទេសឡាវ ២១-០ កាលពីថ្ងៃអាទិត្យម្សិលមិញ។ គិតមកត្រឹមពេលនេះ ខ្សែប្រយុទ្ធវ័យក្មេង ប្រាក់ មុន្នីឧត្តម រកបាន ១១គ្រាប់ម្នាក់ឯង។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាបានទៅចូលរួមកម្មវិធីនេះ ដោយគ្មានវត្តមានកីឡាករមកពីក្លិបកំពូលទាំង៤ គឺបឹងកេតអង្គរ, ភ្នំពេញក្រោន, ណាហ្គាវើល, និង ខេមបូឌានថាយហ្គឺរ ដោយសារជាប់ប្រកួតវគ្គផ្ដាច់ព្រ័ត្រ និងដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅលីកកំពូលកម្ពុជា។ កម្មវិធីប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី២០ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា៕