លោក ផៃ ស៊ីផា​ន៖ប្រជាធិបតេយ្យនៅ កម្ពុជាមិនមែនថិតក្នុងដៃបុគ្គល សម រង្ស៊ី ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2015 ក+ ក-

ភ្នំ​ពេ​ញ៖រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​តប​ទៅនឹង​សេចក្ដីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដោយ​ចាត់ទុក​ការ​ថ្លែង​នោះ​ថា ជាការ​គ្មាន​ពិសោធ​ចំពោះ​រឿង​កម្ពុជា​។​

​លោក ផៃ ស៊ី​ផាន មន្ត្រី​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ថា លោក​មិន​ជឿ​លើ​ពាក្យសម្ដី​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺ​អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) ដែលថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​ឈានដល់​ចំណុចកំពូល​ដ៏​គ្រោះថ្នាក់​នោះទេ ៖ «​លោកស្រី​ហ្នឹង មិនមាន​ការពិសោធន៍​ចំពោះ​រឿង​កម្ពុជា​ទេ​។

យើង​ឃើញ​ហើយ​ថា អង្គការសហប្រជាជាតិ ដែល​ឲ្យ​លោកស្រី​ជា​អ្នកតំណាង គ្រាន់តែ​ជា​អ្នកសម្របសម្រួល​ទេ ក៏ប៉ុន្តែ​យើង​ជឿថា លោកស្រី​នៅតែ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា មិន​ចង់ឃើញ​ជា​វប្បធម៌​មួយ​ថា អនាគត​របស់​កម្ពុជា ឋិត​នៅ​កណ្ដាប់ដៃ​របស់​បុគ្គល​ណាមួយ​ឡើយ គឺ​ឋិត​នៅក្នុង​ស្ថាប័ន​ជាតិ និង​នីតិរដ្ឋ ច្បាប់ទម្លាប់​នេះឯង​។ ដូច្នេះ ការបាត់ សម រង្ស៊ី ពីស​ភា គឺ​ឆ្លើយតប​អ្វី​ទៅជា​ការរំលោភច្បាប់​រប​ស់​ទណ្ឌិត សម រង្ស៊ី ទៅលើ​ការវិវាទ​បុគ្គល និង​បុគ្គល​សុទ្ធសាធ អត់​មាន​ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ​។ រីឯ​គណបក្សប្រឆាំង​នៅ​កម្ពុជា មិនមែន​ឋិត​នៅតែ​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ គឺ​យើង​មាន​គណបក្ស​ដទៃទៀត ដែល​បង្កើត​ជាច្រើន​បន្ថែ​ម​ទៀត ហើយ​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នៅតែ​បន្ត ដូចជា​ថ្មីៗ​នេះ ឯកឧត្ដម កឹម សុខា លោក​បាន​ចាត់​ការងារ​ជា​កាតព្វកិច្ច​របស់​សមា​ជិ​ក​របស់លោក​ហ្នឹង​ឲ្យ​ដំណើរ ការ​ក្នុង​ការពន្យល់​អំពី​នយោបាយ​របស់​គណបក្ស​»​។​

​ការឆ្លើយតប​នេះ គឺ​បន្ទាប់ពី​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៤ វិច្ឆិកា ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​មួយ​របស់​អ្នករាយការណ៍​ពិសេស គឺ​អ្នកស្រី រ៉ូ​ណា ស្មី​ត​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះ អ្នកស្រី រ៉ូ​ណា ស្មី​ត សរសេរថា ការចាត់វិធានការ​បំបាក់​ផ្នែក​នយោបាយ​នៅ​កម្ពុជា កំពុង​ឈានដល់​ចំណុចកំពូល​ដ៏​គ្រោះថ្នាក់ ហើយ​អ្នកជំនាញការ​សិទ្ធិមនុស្ស​សហប្រជាជាតិ ដាស់តឿន ដោយសារតែ​បញ្ហា​នេះ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សិទ្ធិមនុស្ស​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

អ្នកស្រី រ៉ូ​ណា ស្មី​ត កត់សម្គាល់​ដោយ​ក្ដី​ព្រួយបារម្ភ​អំពី​ស្ថានការណ៍​តានតឹង​រវាង​គណបក្ស នយោបាយ​ប្រឆាំង និង​គណបក្សកាន់អំណាច ឧប្បត្តិហេតុ​ហិង្សា ការបំភិតបំភ័យ​បុគ្គល​មួយចំនួន ការប្រើប្រាស់​ភាសា​ប្រទូសរ៉ាយ​ដាក់គ្នា​នៅក្នុង​កិច្ចសន្ទនា​នយោបាយ​។ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​រូបនេះ កំពុង​ឃ្លាំមើល​ស្ថានការណ៍​នៅ​កម្ពុជា ចាប់តាំងពី​ពេល​វាយដំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅខាងមុខ​រដ្ឋសភា ការទម្លាក់ លោក កឹម សុខា ពី​តួនាទី​អនុប្រធានរដ្ឋសភា និង​ចុងក្រោយ គឺ​ដក​អភ័យឯកសិទ្ធិសភា​ពី លោក សម រង្ស៊ី និង​ចេញ​ដីកាចាប់ខ្លួន​ពីបទ​ក្លែង​ឯកសារ​សាធារណៈ ការ​ញុះញង់​ឲ្យ​មាន​ភាពចលាចល​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​។​

​ឆ្លើយតប​បញ្ហា​ទាំងនេះ មន្ត្រី​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ថ្លែងថា រាជរដ្ឋាភិបាល​នៅតែ​ឲ្យ​តម្លៃ​លើ​នីតិរដ្ឋ ដោយ​មិន​ឲ្យ​មាន​អ្នកណាម្នាក់​លើ​ច្បាប់ ហើយ​រឿង​នយោបាយ គឺ​កម្ពុជា កំពុង​កសាង​លទ្ធិប្រជាធិបតេយ្យ​៖ «​យើង​យល់ឃើញថា លទ្ធិប្រជាធិបតេយ្យ​រប​ស់​កម្ពុជា គឺ​មិនមែន​ឋិត​នៅក្នុង​បាតដៃ​របស់​ឯកឧត្ដម សម រង្ស៊ី ជា​បុគ្គល​នោះទេ គឺ​ឋិត​នៅលើ​គោលការណ៍ ឋិត​នៅលើ​នីតិរដ្ឋ និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ការទទួលខុសត្រូវ​ចំពោះ​រដ្ឋធម្មនុញ្ញ​។ ដូច្នេះ លទ្ធិប្រជាធិបតេយ្យ គឺជា​គោលបំណង​របស់​ប្រជាពលរដ្ឋ​ខ្មែរ មិនមែន​ក្រោម​គំនាប​របស់​បុគ្គល សម រង្ស៊ី នោះទេ គឺ​ឋិត​នៅក្នុង​របប​សេរី​ពហុបក្ស​។ អាហ្នឹង​ជា​លទ្ធិប្រជាធិបតេយ្យ​រប​ស់​កម្ពុជា​»​។​

​លោក​មានប្រសាសន៍​ទៀតថា ការ​លូកលាន់​របស់​អង្គការសហប្រជាជាតិ ដោយ​មិន​យល់​ច្បាប់ និង​វប្បធម៌​របស់​កម្ពុជា ជាការ​លំបាក និង​មាន​សោកនាដកម្ម ដូចដែល​អង្គការសហប្រជាជាតិ ទទួលស្គាល់​របប ប៉ុល ពត ហើយ អ៊ុនតាក់ (UNTAC) ធ្លាប់​បរាជ័យ​ក្នុងការ​រៀបចំ​សន្តិភាព​នៅ​កម្ពុជា​៕​gvbhmmm

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) (​ឆ្វេង​ទី​២) ជួប​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ដីធ្លី នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​១៨ កញ្ញា ឆ្នាំ​២០១៥។ប្រ​ភ​ព៖​RFA