ភ្នំពេញ៖សមាជិកសភាអឺរ៉ុបបានបោះឆ្នោតសម្រេចស្នើឲ្យមានការពិចារណាក្នុងការលុបចោលជំនួយជិត៤៥០លានដុល្លារ ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទៀត។ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានថ្លែងថា ការចេញសេចក្តីថ្លែងការណ៍របស់ខ្លួន “ Non binding resolution” គឺជាការសម្តែងមតិជាផ្លូវការរបស់សមាជិក សភា តែមិនមែនជាការកំហិតបង្ខំ ជាច្បាប់ នៃការអនុវត្តរបស់រដ្ឋាភិបាលរៀងៗខ្លួនរបស់គេនោះឡើយ។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា សភាអឺរ៉ុបបានចេញសេចក្តីសម្រេចដំណោះ ស្រាយបញ្ហានយោបាយនៅកម្ពុជាដោយជំរុញរដ្ឋាភិបាលលប់ចោលដីកាតាមចាប់ខ្លួនលោក សម រង្ស៊ី ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា គឺក្រោយមួយថ្ងៃនៃការចេញសេចក្តីសម្រេចដំណោះស្រាយនោះសមាជិកសភាអឺរ៉ុបភាគច្រើនបានស្នើឲ្យមានការពិចារណាលប់ជំនួយដល់កម្ពុជា ចំនួន៤៣៥លានដុល្លារអាមេរិកដែលជំនួយនេះគ្រោង ជួយកម្ពុជាក្នុងការអភិវឌ្ឍពីឆ្នាំ២០១៤ដល់២០២០។
លោក សាមិន្ទ ចម្រើនជ័យ សាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ មានប្រសាសន៍ថាក្នុងស្ថានភាពបច្ចុប្បន្នសារព្រមានរបស់សភាអឺរ៉ុបមានឥទ្ធិពលលើកម្ពុជាព្រោះរដ្ឋាភិបាលបច្ចុប្បន្ននៅត្រូវការជំនួយនិង ត្រូវការទីផ្សាររបស់អឺរ៉ុបសម្រាប់លក់ទំនិញ។ លោកបន្តថា៖ “រដ្ឋាភិបាលអាចនឹងបន្ទន់ជំហរលើដំណោះស្រាយណាមួយទាក់ទងទៅនិងជំនួយ ទី២ទាក់ទងទៅនិងការវិនិយោគឬការនាំចេញទៅសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបគឺជាទីផ្សារធំសម្រាប់កម្ពុជា បើកម្ពុជាបាត់ទីផ្សារអឺរ៉ុបណឹងចិនពិបាកជំនួសណាស់ព្រោះចិនមែនទែនមិន មែនជាប្រទេសផ្តល់លក្ខខណ្ឌនាំចូលល្អប្រសើរដូចសភាអឺរ៉ុប”។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋ មន្ត្រី បានលើកឡើងនៅព្រលប់ថ្ងៃទី២៧ វិច្ឆិកា នេះថា កិច្ចសហការរបស់សហគមអ៊ឺរ៉ុប គឺជាទិសដៅប្រសើរក្នុងកិច្ចពង្រឹងប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ដែលជាជម្រើសរបស់កម្ពុជា គឺមិនមែន ជាការធ្វើអាណានិគមនយោបាយ ឬបំបិទសិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋកម្ពុជាឡើយ។ អាស្រ័យដូចនេះ ការសម្រេចនេះ គឺជាការបង្ខំឲ្យកម្ពុជាដើរប្រាស់ចាកពីផ្លូវនៃការអភិវឌ្ឍន៍ ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៃសណ្តាប់ធ្នាប់នយោបាយ ដែលអាចបង្កឲ្យមានភាពវឹកវរក្នុងសង្គមជាយថាហេតុ”។
លោក ផៃ ស៊ីផាន បន្តថា “រីឯការព្រមានជាមួយប្រាក់ជំនួយមកកាន់កម្ពុជានោះ គឺជាការប្រាស់ចាកពីកិច្ចសហប្រតិបត្តិការដៃគូអភិវឌ្ឍន៍ គឺមិនមែនបង្ខំឲ្យកម្ពុជាលក់អធិបតេយ្យរបស់ខ្លួន ឬឆន្ទៈនយោបាយកម្ពុជានោះឡើយ ហើយកម្ពុជាមានសិទ្ធិស្វ័យសម្រេចជានិច្ចកាល និងកាតព្វកិច្ចជាម្ចាស់ស្រុកក្នុងការទទួលខុសត្រូវនៅលើជោគវាសនា របស់ខ្លួនផ្ទាល់។ ជីវិតប្រជាពលរដ្ឋកម្ពុជាបានចំណាយជាទន់ជាច្រើន ក្នុងការរំដោះជាតិខ្លួនដើម្បីឯករាជ្យ សន្តិភាព និងសិទ្ធិស្វ័យសម្រេចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ អ.ស.ប”៕ដោយ៖ខេមរា