លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញសំណេះសំណាលការងារពាហិរសាសនា នៅក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ពិធីសំណេះសំណាល ការងារពាហិរសាសនា ក្នុងខេត្តបាត់ដំបង កាលពី រសៀលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៥នៅសាកលវិទ្យាល័យបាត់ដំបងUBBក្រោម អធិបតីភាពលោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ វត្តមានរបស់លោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបង ពិធីនេះរៀបចំដោយ មន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបង និងកិច្ច សហការ រវាងមន្ទីរធម្មការខេត្ត គណៈអីម៉ាំខេត្ត គណៈគ្រប់ព្រះវិហារ ស្នាក់ការថ្វាយបង្គំ គ្រីស្តសាសនា ព្រះសហគមន៍កាតូលិក សាសនាមហាយានចិន វៀតណាម និងសាខា សហគមន៍សាសនាបាហៃបាត់ដំបង និងមានបរិស័ទមកពីគ្រប់ ពាហិរសាសនាក្នុងខេត្ត បាត់ដំបង ចូលរួម សរុប ៦៦៨រូប ។
លោក គុណ សម្បត្តិមុនីរតន៍ បានគូសបញ្ជាក់ថា៖ ពិធីសំណេះសំណាល ការងារ ពាហិរសាសនា ក្នុងខេត្តបាត់ដំបងថ្ងៃនេះ គឺជាការបង្ហាញឲ្យឃើញ ច្បាស់អំពីកាយ វិការយកចិត្តទុកដាក់និងការគោរពប្រតិបត្តិ ចំពោះវិស័យសាសនា ពីថ្នាក់ដឹកនាំក្រសួង ធម្មការ រដ្ឋបាលខេត្ត ជាពិសេសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតសម្តេចតេជោសែនដែលបានស្តារឡើងវិញដោយបាតដៃទទេចាប់ពីចំណុចសូន្យរហូតដល់មានការរីកចំរើនលើគ្រប់វិស័យជាពិសេសវិស័យសាសនា នាពេលបច្ចុប្បន្ន។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ ជាការពិតណាស់ ការរីកចំរើនរបស់ វិស័យសាសនា បានរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់អប់រំ ចរិយាធម៌ សីលធម៌សង្គម និងកសាងសមិទ្ធផលផ្សេងៗជូនសង្គមជាតិ។ លោក ច័ន្ទ សុផល បានសង្កត់ធ្ងន់ទៀតថាការពង្រឹងតួនាទីភារកិច្ចនិងការប្រតិបត្តិធម៌វិន័យ របស់ បរិស័ទពាហិរសាសនា ទៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ គឺក្នុងគោលបំណងរឹតចំណងមិត្តភាព រវាង សាសនានិងសាសនា រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងពីអនុសាសន៍ សំខាន់ៗ ៣ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសំណេះ សំណាល នេះថា៖ ការងារពាហិរសាសនា ខេត្តបាត់ដំបង គឺដើម្បីរក្សាសង្គមមួយប្រកប ដោយសុខសន្តិភាព និងវឌ្ឍនភាព។
ទី១.ការគោរពកិច្ចសហប្រតិបត្តិការសាមគ្គីភាពជិត ស្និទ្ធស្មោះត្រង់ដោយឈរលើគោល ការណ៍ គោរពគ្នាចេះអធ្យាស្រ័យគ្នា យោគយល់គ្នា គ្រប់កាលៈទេសៈទាំងអស់ ដើម្បី សាមគ្គីភាព និងសុខុដុមរមនា នៃសង្គមជាតិ។
ទី២. គោរពនិងប្រតិបត្តិនៃសាសនារបស់ខ្លួន ដោយសារភ្ជាប់ការគោរពសិទ្ធិអ្នកកាន់ សាសនាដ៏ទៃ ត្រូវប្រកាន់ខ្ជាប់ នូវ ធម៌អហឹង្សា និងមេត្តាករុណាសន្តោសប្រណី។
ទី៣. ត្រូវគោរពសិទ្ធិសេរីភាពនិងជំនឿសាសនារបស់បុគ្គលគឺជាចំណែកនៃជំនឿ សាសនានីមួយៗ ដល់ការវិភាគស្វែងយល់ ផ្លូវត្រូវ សម្រាប់សុភមង្គល នៃសង្គមជាតិ ទាំងមូល ៕.ដោយ៖ប៉ែន សុផល