ភាពតានតឹងកើនឡើងនៅឧបទ្វីបកូរ៉េ ខណៈសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2026 ក+ ក-

កូរ៉េខាងជើងបានប្រកាសថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាការហាត់សមធ្វើសង្គ្រាម នុយក្លេអ៊ែរ ដែលមានគោលដៅប្រឆាំងនឹងខ្លួន  ។ហើយកូរ៉េខាងជើងបានប្តេជ្ញាចិត្តពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបប្រឆាំងនឹងនុយក្លេអ៊ែររបស់សត្រូវ  ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េ  ។

លោក គីម ជុងស៊ិក អនុប្រធាននាយកដ្ឋាននៃគណបក្សពលករ បានថ្លែងកាលពីថ្ងៃទី២ ខែវិច្ឆិកាថា ការធ្វើសមយុទ្ធ Iron Mace បានបង្ហាញថាសហរដ្ឋអាមេរិក នៅតែប្រកាន់ខ្ជាប់នូវ «មហិច្ឆតាដ៏ព្រៃផ្សៃក្នុងការបង្ក្រាបកូរ៉េខាងជើង ដោយប្រើអាវុធនុយក្លេអ៊ែរ»  ។ ហើយការគំរាមកំហែងបែបនេះ កំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ  ។

លោកបានបន្ថែមថា សមយុទ្ធ Iron Mace និងសកម្មភាពយោធារួមគ្នាផ្សេងទៀត ដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានគូសបញ្ជាក់ពីភាពចាំបាច់ សម្រាប់កូរ៉េខាងជើង ក្នុងការបង្កើនកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ក្នុងល្បឿនលឿនជាងមុន  ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានរៀបចំសមយុទ្ធ Iron Mace ដែលជាការសមយុទ្ធមួយ មានគោលដៅបញ្ចូលគ្នានូវសមត្ថភាពនុយក្លេអ៊ែររបស់សហរដ្ឋ អាមេរិក ជាមួយនឹងកងកម្លាំងរបស់កូរ៉េខាងត្បូងដែលមានស្រាប់ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា  ។