បាល់ទាត់៖អតីតខ្សែបម្រើស្លាបក្រុម Manchester United កីឡាករ Nani ត្រូវបានរាយការណ៍ថាក្លិបយក្សអ៊ីតាលី Inter Milan រៀបចំបញ្ជីរឈ្មោះក្នុងការទិញយកកីឡាកររូបនេះមកកាន់ ក្របខ័ណ្ឌអ៊ីតាលី Serie A នៅពេលរដូវក្តៅខាងមុខនេះ។
ខ្សែបម្រើសា្លបសញ្ជាតិព័រទុយហ្គាល់វ័យ២៩ឆ្នាំរូបនេះ បានផ្លាស់ចេញពីកីឡាដ្ឋាន Old Trafford មកកាន់ក្រុម Fenerbahce ដោយបានស៊ុតបាល់បញ្ចូលទីបាន១០គ្រាប់ និងជួយបញ្ជូនបាល់ឲ្យដៃគូបានចំនួន ប្រាំបីលើកសម្រាប់ក្រុមទួរគីមួយនេះ។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Tuttosport បានឲ្យដឹងថា លោក គ្រួបង្វឹករបស់ក្រុម Inter Milan លោក Roberto Mancini កំពុងតែសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ចំពោះកីឡាកររូបនេះនៅពេលដែល ក្លិបមាន ផែនការរុះរើរចនាសម្ព័ន្ធរបស់ក្លិបនៅរដូវកាលក្រោយ ។ របាយការណ៍នេះបានបន្ថែមថា កីឡាករវ័យ២៩ឆ្នាំរូបនេះនឹងត្រូវបានបើកចំហចំពោះការរំពឹងទុកនៃការផ្លាស់ប្តូរទៅកាន់ទឹកដី San Siro វិញ។
គួរបញ្ជាក់ថា កិច្ចសន្យារបស់កីឡាកររូបនេះនៅពហុកីឡដ្ឋាន Sukru Saracoglu មិនផុតកំណត់រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០១៧-១៨ ឯងណោះ៕