បាល់ទាត់៖យោងតាមការអះអាងរបស់ម្ចាស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain លោក Nasser Al-Khelaifi ថា អ្នកចាត់ការទូទៅលោក Laurent Blanc នឹងបន្តដឹកនាំក្លិបមួយនេះរហូតដល់រដូវកាលក្រោយ។
សេចក្ដីរាយការណ៍កាលពីដើមសប្ដាហ៍នេះបានឲ្យដឹងថា អ្នកចាត់ទូទៅក្លិប Paris Saint-Germain សញ្ជាតិបារាំង វ័យ៥០ឆ្នាំរូបនេះកំពុងតែមានការរង្គោះរង្គើ និងស្ថិតក្រោមសម្ភាធមួយដែលអាចនឹងត្រូវបានក្លិបបណ្ដេញចេញ បន្ទាប់ពីដឹកនាំក្លិប Paris Saint-Germain មិនបានឆ្លងផុតវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទាត់ UEFA Champions League ដោយទទួលរងបរាជ័យក្រោមថ្វីជើងរបស់ក្លិបមេឃខៀវ Manchester City ដោយសរុបទាំងពីរជើងគឺ ៣-២។
លោក Nasser Al-Khelaifi បានអះអាងថា ក្លិបម្ចាស់ជើងឯករបស់ក្របខ័ណ្ឌបារាំង Ligue 1 រដូវកាលនេះនៅតែបន្តការជឿទុកចិត្តលើអតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester Utd ឲ្យដឹកនាំក្លិប Paris Saint-Germain បន្តទៀតទៅតាមការកំណត់។
គួរបញ្ជាក់ថា អ្នកចាត់ការ Laurent Blanc បានផ្លាស់មកដឹកនាំក្លិប Paris Saint-Germain កាលពីឆ្នាំ២០១៣ បន្ទាប់ពីរូបលោកបានដើរចេញពីការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិបារាំង ដោយសារតែមិនទទួលបានជោគជ័យ៕