បាល់ទាត់៖ខ្សែប្រយុទ្ធ Jamie Vardy របស់ក្លឹបកញ្ជ្រោងពក្រៃ Leicester បានជាប់ឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១៦នៅអង់គ្លេសដោយសមាគមអ្នកសរសេរព័ត៌មានកីឡាករបាល់ទាត់ (FWA)។ Vardy បាននិយាយថា “វាជាកិត្តិយសធំធេងណាស់ដែលទទួលបានពានដ៏ថ្លៃថ្លានេះហើយមានឈ្មោះក្នុងបញ្ជីអ្នកទទួលពានដែលរួមទាំងកីឡាករឆ្នើមៗមួយចំនួនទៀត។
Vardy ទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងចំណោមអ្នកកាសែត២៩០នាក់គឺនាំមុខមិត្តរួមក្រុម Riyad Mahrez និងកីឡាករ N`Golo Kante។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះរកបាន២៤គ្រាប់សម្រាប់ក្លឹប Leicester និងប្រទេសអង់គ្លេសនៅរដូវកាលនេះ ហើយ Leicester កាន់តែខិតទៅរកការគ្រងតំណែងជើងឯកក្របខណ្ឌព្រីមីញ៉េលីក។
Vardy នឹងទទួលពានកិត្តិយស FWA នេះដែលបានចាប់ផ្តើមផ្តល់ជូនកី ឡាករតាំងពីឆ្នាំ១៩៤៨ នៅកម្មវិធីជប់លៀងអាហារពេលល្ងាចមួយក្នុងទីក្រុង ឡុងដ៍នៅថ្ងៃទី១២ខែឧសភា។ កីឡាករដទៃទៀតដែលទទួលបានសំឡេងគាំទ្រពីសមាជិក FWA មានដូចជាខ្សែប្រយុទ្ធ Harry Kane របស់ Tottenham ខ្សែ បម្រើ Dimitri Payet របស់ក្លឹប West Ham ខ្សែប្រយុទ្ធ Sergio Aguero និង Kevin De Bruyne របស់ City និងខ្សែបម្រើ Dele Alli របស់ Spurs៕