ភ្លើង​គប់​កីឡា​អូឡាំពិក​រដូវក្តៅ​ដង្ហែ​មកដល់​ប្រទេស​ប្រេ​ស៊ី​លហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2016 ក+ ក-

​ក្រុង​រី​យ៉ូ​៖​ភ្លើង​គប់​ដែលជា​សញ្ញា​បើកសម្ពោធ​ការប្រកួត​កីឡា​អូឡាំពិក​ពិភពលោក ឆ្នាំ​២០១៦​ដែល​ប្រទេស​ប្រេ​ស​ស៊ី​ល​ធ្វើជា​ម្ចាស់​នោះ​ត្រូវបាន​ដង្ហែ​មកដល់​ទីកន្លែង​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ចាកចេញ​ពី​ទីក្រុង Geneva ប្រទេស​ស្វី​ស នា​រសៀល​ថ្ងៃទី​៣ ខែឧសភា​។​
​យោងតាម​សារព័ត៌មាន BBC បាន​ផ្សាយ​ថា ភ្លើង​គប់ ត្រូវបាន​ដង្ហែ​តាម​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង Geneva នៃ​ប្រទេស​ស្វី​ស មកកាន់​ទីក្រុង Brasilia របស់​ប្រេ​ស៊ី​ល ដែលមាន​ការទទួល​ស្វាគមន៍​ពី​ប្រធានាធិបតី Dilma Rousseff រួមជាមួយ អត្ត​ព​លិ​ក​ចំនួន ១២០០០​នាក់​ផងដែរ ដែល​ត្រូវ​ចាប់ផ្តើម​ធ្វើការ​ដង្ហែ​ជុំវិញ​ទីក្រុង​ចំនួន ៣០០​នៅ ទូទាំងប្រទេស ប្រេ​ស៊ី​ល​ក្នុង​រយៈពេល​៩៥​ថ្ងៃ មុន​ការប្រកួត​កីឡា​អូឡាំពិក ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥ ដល់​ថ្ងៃទី​២១ ខែសីហា ខាងមុខ​។​
​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក រដូវក្តៅ លើក​ទី​៣១ ឆ្នាំ​២០១៦ នេះ នឹងមាន​អត្ត​ព​លិ​ក​សរុប​ចំនួន ១០៥០០​នាក់ មកពី ២០៦​ប្រទេស​ចូលរួម​ប្រកួត​ដណ្តើម​មេដាយ​ទៅលើ ២៨​ប្រភេទ​កីឡា នៅ​ទីតាំង​ចំនួន​៣៣​កន្លែង​ទូទាំងប្រទេស ប្រេ​ស៊ី​ល ជាមួយនឹង​ប្រភេទ​កីឡាបាល់ទាត់​ចាប់ផ្តើម​មុនគេ នា​ថ្ងៃទី​៣ សីហា​៕

13119792_1725173321055519_4999615915357425465_o13147876_1725173324388852_9017609607697988190_o