បាល់ទាត់៖សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកចាំទីដៃស្អិត David de Gea អាចនឹងចាកចេញពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅខាងមុខនេះ ប្រសិនអ្នកចាត់ការទូទៅនាបច្ចុប្បន្នលោក Louis van Gaal នៅតែបន្តជាគ្រូបង្វឹកនោះ។
អ្នកចាំទីសញ្ជាតិអេស្ប៉ាញវ័យ២៥ឆ្នាំរូបនេះ កំពុងតែរងសម្ពាធយ៉ាងខ្លាំងក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បើទោះជាបានចុះកុងត្រារយៈពេលបួនឆ្នាំដើម្បីបន្តនៅកាលពីរដូវកាលមុនក៏ដោយ។
យោងតាមប្រភពព័ត៌មានពីទឹកដី Old Trafford បាននិយាយថា De Gea ដែល Real Madrid ចង់បាននោះ នឹងប្រើប្រាស់គ្រប់វិធីដើម្បីចាកចេញពីក្លឹបនារដូវកាលក្រោយនេះ។
គួរបញ្ជាក់ថា ក្លឹបបិសាចក្រហមអាចនឹងមានបញ្ហាធំប្រសិន De Gea ចាកចេញពីក្រុម ព្រោះអ្នកចាំទីរូបនេះបានជួយសង្គ្រោះគ្រាប់បាល់ជាច្រើនឲ្យ និងជួយឲ្យបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ FA Cup ទៀតផង៕