បាល់ទាត់៖ក្រុមបាល់ទាត់ អាយុក្រោម១៦ឆ្នាំកម្ពុជាបានបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូល B ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះ U-16 ទីម័រខាងកើត ៣-០យប់មិញ។
U-16 កម្ពុជា បានបើកការនាំមុខ U-16 ទីម័រខាងកើត ត្រឹមចាប់ផ្តើមលេងបាន៥នាទីក្នុងវគ្គទី១ ដោយបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ស៊ុតបានសម្រេចដោយកីឡាករប្រធានក្រុម យ៉ាវ សាហ្វី ដោយសារតែកីឡាករខ្សែការពារទីម័រ ធ្វើឲ្យមានកំហុសនៅក្នុងប្រអប់គ្រោះថ្នាក់។ ចំណែកគ្រាប់ទី២ និងទី៣ស៊ុតបញ្ចូលទីដោយកីឡាករ ម៉ៅ ពិសិដ្ឋ នៅនាទីទី៥៥ និងនាទីទី៥៩ ក្នុងវគ្គទី២ ដែលនេះជាជ័យជំនះទី៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់យុវជនអាស៊ាន AFF U-16 Youth Championship 2016 នៅកម្ពុជា។
គួរបញ្ជាក់ថា កម្ពុជា ត្រូវជួបវៀតណាម ដែលឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងពូល A និងអូស្ត្រាលី ត្រូវជួបក្រុមការពារតំណែងជើងឯក ថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មុនពេលវគ្គផ្តាច់ព្រ័ត្រ និងទាត់យកចំណាត់ថ្នាក់លេខ៣ ធ្វើឡើងនៅថ្ងៃទី២៣ កក្កដាចុងសប្តាហ៍នេះ៕