Klose ប្រកាស​ចូលនិវត្តន៍​​ក្រោយ​ចប់​កុងត្រា​ជាមួយ Lazio
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 November, 2016 ក+ ក-

បាល់ទាត់​៖​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុ​ជម្រើសជាតិ​អាល្លឺម៉ង់​កីឡាករ Miroslav Klose បានប្រកាស​ចូលនិវត្តន៍ ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ហើយ​ក្រោយ​ចប់​កុងត្រា​ជាមួយ​ក្រុម Lazio រដូវ​កាល​២០១៥-១៦​។​
​កីឡាករ​វ័យ​៣៨​ឆ្នាំ​រូបនេះ​បាន​សម្រេចចិត្ត​ចូលនិវត្តន៍ ព្យួរ​ស្បែកជើង​តែម្ដង ហើយ​រូបគេ​នឹង​ទៅធ្វើ​ការ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក Joachim Low និង​អ្នកចាត់ការ​កីឡា Hansi Flick ក្នុង​គោលបំណង ដើម្បី​សិក្សា​រៀនសូត្រ​ចង់​ក្លាយជា​គ្រូបង្វឹក នាពេល​អនាគត​។​
Klose បង្ហាញខ្លួន​ឲ្យ​អាល្លឺម៉ង់ សរុប​១៣៧​ប្រកួត ស៊ុត​បាន ៧១​គ្រាប់ ច្រើន​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​អាល្លឺម៉ង់ និង​ជួយ​ឲ្យ​អាល្លឺម៉ង់ លើក​ពាន World Cup 2014, ទទួលបាន​ជើងឯក​រង World Cup 2002​។ ជាពិសេស​វីរបុរស​ក្រុម​អាល្លឺម៉ង់​រូបនេះ គឺជា Top Scorer ក្នុង​ប្រវត្តិសាស្ត្រ World Cup ផងដែរ ដោយ​ស៊ុត​សរុប​បាន ១៦​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៤​សម័យកាល និង​លើ Ronaldo វីរបុរស​ប្រេ​ស៊ី​ល​១​គ្រាប់​។​
​គួរ​បញ្ជាក់ថា Klose ចាប់ផ្ដើម​អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូង ជាមួយ​ក្រុម Homburg និង​ធ្លាប់​លេង​ឲ្យ​ក្រុម Kaiserslautern, Werder Bremen, Bayern Munich និង Lazio ផងដែរ​៕

football-lazio-miroslav-klose_3289728