បាល់ទាត់៖សហព័ន្ធបាលទាត់អង់គ្លេស(FA) បានដាក់ពិន័យទៅលើលោក Jose Mourinho អ្នកចាត់ការទូទៅ Manchester United ជា ប្រាក់ ៥៨០០០ផោន និងពិន័យមិនឲ្យ ឈរបញ្ជាកូនក្រុម១ប្រកួតដោយករណីពីរផ្សេងគ្នា។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវ FA ដាក់ពិន័យករណីទី១ គឺលោក ឆ្លងផុតពីគំនូសហាមឃាត់ក្នុងអំឡុងការប្រកួតស្មើគ្នា ជាមួយ Burnley កាលពីថ្ងៃសៅរ៍ ហើយភ្លាមៗរូបលោកត្រូវអាជ្ញាកណ្ដាល Mark Clattenburg បណ្ដេញឲ្យទៅអង្គុយខាងលើជាមួយតំបន់អ្នកគាំទ្រ និងត្រូវបង់ប្រាក់ពិន័យ៨០០០ ផោនផងដែរ។ចំណែកករណីទី២ត្រូវបង់ប្រាក់ ៥០០០០ ផោនចំពោះការនិយាយប៉ះពាល់អាជ្ញាកណ្ដាល Anthony Taylor មុនការប្រកួតរវាង Manchester United និង Liverpool កាលពីថ្ងៃទី១៧ ខែតុលា។
យ៉ាងណាមិញ Mourinho នឹងអវត្តមានមិនអាចឈរបញ្ជាក្រុមសម្រាប់ការប្រកួតប៉ះ Swansea នៅថ្ងៃអាទិត្យនេះ៕