គណៈកម្មការ​ទី​១០​រដ្ឋសភា​គ្រោង​ កោះហៅ​អាជ្ញាធរ​អប្សរា​មក​បំភ្លឺ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2015 ក+ ក-

ភ្នំ​ពេ​ញះ​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា ទទួលបន្ទុក​អង្កេត និង​ប្រឆាំង​អំពើពុករលួយ គ្រោង​នឹង​កោះហៅ​អាជ្ញាធរ​អប្សរា មក​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា ឬក៏​ចុះទៅ​អង្កេត​មើល​ជាក់ស្តែង​ដល់​កន្លែង ពី​ចំណូល​នានា​របស់​អាជ្ញាធរ​អប្សរា​។ នៅពេលនេះ ក្រុមការងារ​សភា កំពុង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​មក​ពិនិត្យ​ជាមុនសិន​។​

ក្រោយពី​រកឃើញថា ប្រាក់ចំណូល​របស់​អាជ្ញា​ធរ​អប្សរា​បាន​ពី​ភ្ញៀវទេសចរ នៅតែមាន​ភាពមិនប្រក្រតី គណៈកម្មការ​ទី​១០​រដ្ឋសភា គ្រោង​ចុះទៅពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​ការងារ​របស់​អាជ្ញាធរ​អប្សរា ឬក៏​កោះអញ្ជើញ​ក្រុមការងារ​នេះ​មក​ឆ្លើយបំភ្លឺ​នៅ​មន្ទីរ​រដ្ឋសភា នៅ​ខែមីនា ខាងមុខ​។​

ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃទី​៣១ ខែមករា ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ មានប្រសាសន៍ថា នៅពេលនេះ​លោក​មាន​ឯកសារ​មួយចំនួន​ក្នុង​ដៃ ដែល​មិនទាន់​ឆ្លើយតប​ទៅនឹង​របាយការណ៍​ស្ដីពី​ចំណូល​របស់​អាជ្ញាធរ អប្សរា​។ លោក​បន្តថា ទោះ​អាជ្ញាធរ​អប្សរា​មិន​ព្រម​មក​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា ក៏​ក្រុមការងារ​លោក​ទាំងពីរ​គណបក្ស នឹង​ចុះទៅ​ខេត្តសៀមរាប ដើម្បី​ជួប​អាជ្ញាធរ​នេះ​តែម្តង​៖ «​ចង់ដឹង​ឲ្យ​បាន​ច្បាស់​ពីអ្វី​ដែល យើង​សង្ស័យ​។ ករណី​យើង​ឃើញច្បាស់​លាស់​ហើយ នឹង​បញ្ជូនទៅ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ តុលាការ និង​នគរបាល​យុត្តិធម៌​»​។​

ទាក់ទង​ចំណូល​ចំណាយ​របស់​អាជ្ញាធរ​អប្សរា​នេះដែរ កាលពី​ខែធ្នូ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ចុះទៅ​អង្កេត​ម្តង​រួច​ហើយពី​ចំណូល​ចំណាយ​របស់​អាជ្ញាធរ​អប្សរា​។ នៅពេលនោះ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ឯកភាព​ចំពោះ​ការបង្ហាញ​របស់​អាជ្ញាធ​រ​នេះ​។ ប៉ុន្តែ​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង មិនទាន់​ឯកភាព​ចំពោះ​របាយការណ៍​របស់​អាជ្ញាធរ​អប្សរា​ទេ និង​ថា​អាជ្ញាធរ​នេះ​លាក់លៀម​ព័ត៌មាន​ពិត​ពី​ការលក់​សំបុត្រ​ភ្ញៀវ​ចូល ទស្សនា​នៅ​តំបន់​អង្គរ​។​

លោក ហូរ វ៉ាន់ បញ្ជាក់ថា ក្រុមការងារ​លោក​ទៅ​អង្កេត ឬ​សាកសួរ​នៅ​កន្លែង​ណាមួយ​របស់​អាជ្ញាធរ​អប្សរា ដែល​លោក​សង្ស័យថា​មាន​លាក់លៀម​ព័ត៌មាន ឬ​មាន​អំពើពុករលួយ​។​
​វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការឆ្លើយតប​ពី​អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណា​រិ​ទ្ធិ បានទេ ដោយ​ទូរស័ព្ទ​លោក​នៅក្រៅ​តំបន់​សេវា​។​

អាជ្ញាធរ​អប្សរា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៤ មាន​ភ្ញៀវទេសចរ​ជាង ៥​លាន​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង ២​លាន​នាក់ បាន​ទៅ​ទស្សនា​តំបន់​អង្គរ​ដោយ​ទិញ​ប័ណ្ណ​ក្នុង​ប្រាក់ចំណូល​ទទួលបាន​ជិត ៦០​លាន​ដុល្លារ​។ ប៉ុន្តែ​មន្ត្រី​បក្សប្រឆាំង​អះអាងថា ចំណូល​បាន​ពី​លក់​សំបុត្រ​យ៉ាងហោចណាស់​អាច​បាន ១៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​៕

mek05