បាល់ទាត់ ៖ Cristiano Ronadlo បានឈ្នះពានកីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០១៧ របស់ FIFA (The Best FIFA Football Awards 2017) ក្រោយទទួលសំឡេងគាំទ្រឈ្នះដាច់គូប្រជែង Lionel Messi និង Neymar ដែលត្រូវបានបោះឆ្នោតនារាត្រីថ្ងៃចន្ទយប់មិញ។ នេះបើយោងតាមសារព័ត៌មានBBC ។
នេះជាលើកទី៥ ស្មើនឹង Messi សម្រាប់កីឡាករវ័យ៣២ឆ្នាំ ដែលកំពុងលេងឲ្យក្លឹប Real Madrid នៃប្រទេសអេស្ប៉ាញបច្ចុប្បន្ន និងជាលើកទី២ ជាប់គ្នាផងដែរ បន្ទាប់ពីឈ្នះឆ្នាំ២០១៦។ Ronaldo ត្រូវបានក្រុមអ្នកសារព័ត៌មាននៅជុំវិញពិភពលោកបោះឆ្នោតជាប់ ក្រោមការគាំទ្រ៤៣.១៦% ខណៈ Messi ទទួលបាន ១៩.២៥% និង Neymar ទទួលបាន ៦.៩៧%។ ទន្ទឹមគ្នានោះគ្រូបង្វឹក Real Madrid លោក Zinedine Zidane ក៏ត្រូវបានបោះឆ្នោតជាប់គ្រូបង្វឹកដឹកនាំល្អបំផុត ប្រចាំឆ្នាំ២០១៧ ផងដែរ។
សូមបញ្ជាក់ថា Ronaldo ជាកីឡាករលេងល្អបំផុត២ឆ្នាំជាប់គ្នា (ឆ្នាំ២០១៦-២០១៧) ដែលបានជួយឲ្យ Real Madrid ឈ្នះពាន៤ក្នុងមួយរដូវកាលរួមមាន La Liga, UEFA Super Cup, Spanish Super Cup និងពានធំ UEFA Champions League ជាមួយនឹងការជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ឡើងទៅ World Cup នៅរុស្ស៊ីឆ្នាំក្រោយផងដែរ៕