ភ្នំពេញ៖ អតីតអ្នកជំនាញព្រំដែនកម្ពុជាលោក ស៊ាន ប៉េងសែ ដែលជាអ្នករិះគន់ឥតសំចៃមកលើរដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន និងជាអតីតមន្ត្រីជាន់ខ្ពស់ក្នុងរបបលោកសេនាប្រមុខ លន់ នល់ នាទសវត្សរ៍ទី ៧០ បានទទួលមរណភាពនៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃអង្គារក្នុងទីក្រុងប៉ារីស ទីដែលលោកបានរស់នៅដោយនិរទេសចាប់តាំងពីការដួលរលំនៃរបបសាធារណរដ្ឋខ្មែរដែលគាំទ្រដោយសហរដ្ឋអាមេរិកមក។
លោក ប៉េងសែ បានទទួលមរណភាពក្នុងជន្មាយុ ៨២ ឆ្នាំដោយរោគាពាធនៅមន្ទីរពេទ្យ (Centre Hospitalier d’Orgemont, 77100 Meaux, France) បន្ទាប់ពីលោកបានរស់នៅដោយនិរទេសខ្លួនតាំងពីឆ្នាំ ១៩៧៤ មក។ លោក ប៉េងសែ កើតនៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៣៦ នៅក្នុងឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី វណ្ណ ដារ៉េត ដែលត្រូវជាក្មួយបង្កើតរបស់ព្រឹទ្ធាចារ្យស្ថាបត្យករខ្មែរដ៏ល្បីល្បាញ វណ្ណ មូលីវណ្ណ នៅខែមករា ឆ្នាំ ១៩៦៦ ដោយមានកូនចំនួន ៤ នាក់ ប្រុស ៣ នាក់។ លោកមានឪពុកឈ្មោះ ស៊ាន ប៊ុនសេង និងម្តាយឈ្មោះ ហេង យូឡាយ។
តាមការបញ្ជាក់របស់លោក ឌី ការ៉េត អតីតអ្នកកាសែតជើងចាស់ និងជាមិត្តភក្តិជិតស្និទ្ធដែលបានសរសេរប្រវត្តិរបស់លោក ប៉េងសែ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីទីក្រុងប៉ារីសកាលពីម្សិលមិញថាលោក ប៉េងសែ បានសិក្សានៅវិទ្យាល័យព្រះសីហនុក្នុងខេត្តកំពង់ចាម និងបន្តទៅវិទ្យាល័យស៊ីសុវត្ថិក្នុងទីក្រុងភ្នំពេញ។ ចន្លោះពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៦០ លោកបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងនៅសាលាជាន់ខ្ពស់បារាំង សិក្សាអំពីរ៉ែ និងបានទទួលសញ្ញាបត្រជាវិស្វករ។
លោកបានត្រឡប់មកកម្ពុជាក្រោយពីបញ្ចប់ការសិក្សា និងធ្វើជានាយកមន្ទីររ៉ែ នៃក្រសួងឧស្សាហកម្ម ចន្លោះពីឆ្នាំ ១៩៦៧ ដល់ ១៩៧០។
នៅថ្ងៃទី ១១ ខែមេសាឆ្នាំ ១៨៧០ លោកត្រូវបានតែងតាំងជាអគ្គស្នងការទទួលបន្ទុកថាមពល រ៉ែ និងសមុទ្រ។ នៅខែឧសភាឆ្នាំ ១៩៧៣ របបសាធារណរដ្ឋខ្មែរបានតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្ម។ នៅខែឧសភា ១៩៧៤ លោកត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូកម្ពុជាដើម្បីចូលរួមការចរចាអំពីបញ្ហាព្រំដែនជាមួយវៀតណាម ខាងត្បូងនៅទីក្រុងប៉ារីស។
លោក ឌី ការ៉េត បញ្ជាក់ថាពេលនោះហើយដែលលោក ស៊ាន ប៉េងសែ ត្រូវជាប់គាំងនៅប្រទេសបារាំង ខណៈកងទ័ពខ្មែរក្រហមបានផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ និងចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ ១៩៧៥។ លោក ប៉េងសែ បានទទួលសញ្ជាតិបារាំងនៅឆ្នាំ ១៩៧៩។
លោកបានបង្កើតគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនាឆ្នាំ ១៩៩៩ ដែលមានលោកជាប្រធានរហូតមកដល់សព្វថ្ងៃ និងបានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០០០ ដើម្បីជួបជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីស្នើឲ្យព្រះអង្គ អន្តរាគមន៍លុបចោលសន្ធិសញ្ញាឆ្នាំ ១៩៨២ និង ១៩៨៥ ដែលចុះហត្ថលេខាដោយរដ្ឋាភិបាលខ្មែរសម័យនោះដែលលោកចាត់ទុកថា «បានធ្វើឲ្យបាត់បង់ទឹកដី សមុទ្រ កោះត្រល់ និងកោះក្រចកសេះទៅប្រទេសវៀតណាម ខណៈដែលពេលនោះប្រទេសកម្ពុជាគ្រប់គ្រងដោយកងទ័ពវៀតណាម»។
តាមការគ្រោងទុកសពលោក ស៊ាន ប៉េងសែ នឹងត្រូវបូជានៅថ្ងៃទី ២៩ ខែមករា និងធ្វើពិធីបុណ្យ ៧ ថ្ងៃនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅវត្តពោធិវង្ស នាក្រុង សង់ សួរម៉ាន ប្រទេសបារាំង៕