ខេត្តក្រចេះ ៖ ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ បានឆេះរោលរាលខ្លោចលើដងខ្លួនបណ្តាលឲ្យស្លាប់នៅនឹងលើផ្ទះ នៅពេលដែលកុមារីរងគ្រោះកំពុងតែដេកមើលទូរទស្សន៍ជាមួយនិងឱពុកម្តាយក៏ត្រូវរន្ទះបាញ់ប្រហារកាលពីយប់ថ្ងៃទី២០ ខែមីនា នេះ។
ក្រៅពីក្មេងស្រីជាកូន ត្រូវបានប្រកាច់ស្លាប់ភ្លាមនៅក្នុងហេតុការណ៍គ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ភ្លៀងកក់ខែនៅរដូវដើមឆ្នាំ ក្នុងនោះក៏មានស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ ត្រូវរបួសចំជើងតែមិនធ្ងន់ធ្ងរ។នគរបាលស្រុកចិត្របុរី និយាយថា គ្រោះធម្មជាតិរន្ទះបាញ់ ដែលបានបាញ់ប្រហារសម្លាប់មនុស្សទៅលើលំនៅឋានគ្រួសារកសិករមួយនៅតំបន់ដាច់ស្រយ៉ាល ក្នុងភូមិស្រែមាស ឃុំថ្មី ស្រុកចិត្របុរី។ស្ត្រីរងគ្រោះជាម្តាយឈ្មោះជឿន សៃ អាយុ២៩ឆ្នាំ ដែលរងរបួសបានប្រាប់ឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ខណៈមេឃកំពុងភ្លៀងខ្លាំងនិងមានផ្គរន្ទៈទៀតផងនោះ។ គាត់កំពុងតែដេកមើលទូរទស្សន៍ជុំគ្នានៅនិងលើផ្ទះក៏ត្រូវរន្ទៈបានបាញ់ប្រហារមកលើផ្ទះរបស់គាត់លាន់កក្រើកដី។
ស្ត្រីជាម្តាយរូបនេះបន្តថា កូនស្រីរបស់គាត់ដែលស្លាប់ជាកូនស្រីពៅក្នុងចំណោមបងប្អូន៣នាក់ស្រី២នាក់។
បើតាមអាជ្ញាធរខេត្ត បានចាត់ទុកថា ករណីរន្ទះបាញ់នេះ ជាករណីគ្រោះថ្នាក់ធម្មជាតិមួយបង្កឲ្យមានមនុស្សស្លាប់នៅដើមឆ្នាំ២០១៨នេះ៕