ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីនៃកីឡារាំជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មចូលរួមប្រកួតព្រឹត្តិការណ៍ Taipei Open 2019 នៅតៃប៉ិ នឹងដណ្ដើមបានមេដាយ ៣គ្រឿងរួមមានមេដាយមាស ១ និងប្រាក់ ២ កាលពីចុងសប្ដាហ៍កន្លងទៅ។
ជាលទ្ធផលកីឡាករ ច័ន្ទ វិទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា ដណ្ដើមបានមេដាយមាស១ ក្នុងការប្រកួត ADSF Asain Adult Open Latin Dance 2019 និងមេដាយប្រាក់២ ក្នុងការប្រកួត ADSF Single Dance Cha ChaCha និង Paso Doble ។
លើសពីនេះអ្នកទាំងពីរ ក៏ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារាំពិភពលោក WDSF Taipei Open 2019 ផងដែរ។ ចំណែកកីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ទទួលចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារាំអាស៊ី ADSF Single Dance Jive និងទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងកាប្រកួត Youth U21 & Youth Open Grade C Latin Dance។ ឯកីឡាករ ភុន ស៊ីវុត្រា ក៏ទទួលបានលេខ៤ ក្នុងកាប្រកួត Junior Open Grade C Ladin Dace ផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Taipei Open 2019 គឺបានធ្វើការប្រកួតកាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលាសប្ដាហ៍មុន ដោយមានអត្តពលិក ១៧ប្រទេសចូលរួម ហើយក្នុងនោះក៏មានប្រតិភូ ចៅក្រម និងកីឡាករ-កីឡាការិនីកម្ពុជា ៧នាក់ទៅចូលរួមផងដែរ៕