បាល់ទាត ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជាបានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។
៥គ្រាប់ដ៏សំខាន់នេះដែរបានជួយឲ្យក្រុមកម្ពុជាយកបាន៣ពិន្ទុឡើងឈរលេខ១ ក្នុងពូលបណ្ដោះអាសន្ន (លេង២ ប្រកួត ស្មើ១ ឈ្នះ១ មាន៤ពិន្ទុ)។
១ គ្រាប់ដំបូងរកបានដោយ ស៊ីន កក្កដា(នាទី ៧) ចំណែក ៤ គ្រាប់ទៀតត្រូវចាំដល់តង់ទី ២ នាទី ៧០ ទើបរកបានដោយ រឹង ប៊ុនហៀង (ទើបនឹងដូរចូល) រំលងបាន ៥ នាទីក្រោយ សៀង ចន្ធា ដូរចូលដែរហើយក៏រកបាន ១ គ្រាប់នាទី ៧៧។ នាទី ៨២ កែវ សុខផេង ដែលបញ្ជូនឲ្យគេច្រើនគ្រាប់ក៏រកបាន ១ ដែរ បន្តដល់នាទី ៩១ គ្រាប់ទី ៥ ស៊ុតបានដោយរឹង ប៊ុនហៀង ចប់ការប្រកួត។
សម្រាប់ប្រកួតបន្ទាប់ទៀតកម្ពុជា ប៉ះសុទ្ធតែក្រុមខ្លាំងមាន មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ ព្រឹត្តិការណ៍ស៊ីហ្គេម២០១៩ នេះក្រុមកម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រ។ ក្រុមក្នុងពូល លេខ ១ និងលេខ២ នឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕