ហ្វីលីពីន ៖ បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានជាច្រើនស្ដីពីកំហុសដែលបានកើតឡើងអំឡុងពេលស៊ីហ្គេម២០១៩ នេះលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានបង្ហាញការមិនពេញចិត្តចំពោះអ្នករៀបចំព្រឹត្តិការណ៍នេះ។
ហ្វីលីពីនធ្វើម្ចាស់ផ្ទះនេះហាក់មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់រៀបចំឡើយ។ ការធ្វើដំណើរ កន្លែងស្នាក់នៅ អាហារហូបចុក និងកន្លែងទីលានហ្វឹកហាត់ប្រកួត ជាដើមនោះ សុទ្ធតែមានបញ្ហាទាំងអស់។ ក្រុមបណ្ដាប្រទេសដែលចូលរួមសុទ្ធតែរិះគន់ទៅលើប្រព័ន្ធគ្រប់គ្រង ដែលផ្ដល់ឱ្យពួកគេមិនបានល្អ សម្រាប់ការប្រកួត។
អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Duterte បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងកង្វល់ជុំវិញការរៀបចំផែនការនិងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ ដោយសារបញ្ហាមួយចំនួនកំពុងប្រឈមទាកទងនឹងកន្លែងស្នាក់នៅ អាហារហូបចុក របស់អត្តពលិក។
លោក Panelo បាននិយាយប្រាប់ CNN ថាប្រធានាធិបតីហ្វីលីពីន មិនពេញចិត្តសម្រាប់ការរៀបចំបែបនេះទេ។ ជាធម្មតា វាមិនសមកើតឡើងក្នុងប្រទេសហ្វីលីពីនឡើយ វាគួរតែដំណើរការទៅដោយរលូន មិនគួររញ៉េរញ៉ៃទេ។ ដូច្នេះហើយ ទើបបានជាលោក Duterte ខឹងចំពោះក្រុមអ្នករៀបចំនេះ៕