ភ្នំពេញ ៖ អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាថ្មីពីក្រសួងទេសចរណ៍ NOCC បានត្រៀមរៀបចំការប្រកួតកីឡាមហាជន កីឡាប្រពៃណី និងកីឡាពាក់កណ្ដាលអាជីពជាច្រើន ដោយមានការប្រកួតកីឡាពីព្រលឹម ទល់ព្រលប់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះក៏មានការប្រកួតលក្ខណៈអន្ដរជាតិ ២ប្រភេទកីឡាផងដែរ គឺកីឡាគុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក។
លោកបន្តថា ចំពោះប្រដាល់គុនខ្មែរអន្ដរជាតិ នឹងមានការចូលរួមពីកីឡាករ-កីឡាការិនីមកពី ៨ប្រទេសឯណោះ។ ឯកីឡាមហាជនមានដូចជាការរត់កម្សាន្ដ និងជិះកង់ជាដើម។ ហើយកីឡាប្រពៃណី គឺមានការប្រកួតអុកចត្រង្គ ដែលប្រជុំដោយជើងខ្លាំងទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ក៏មានការប្រកួតបុរសខ្លាំងផងដែរ។
លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ បានបន្ថែមថា សម្រាប់ប្រដាល់គុនខ្មែរអន្ដរជាតិ នឹងត្រូវរៀបចំក្រោមស្ដង់ដារមួយ ដែលឆ្លងកាត់ការវាស់ស្ទង់កម្រិតសមត្ថភាពត្រឹមត្រូវ មុននឹងផ្គូរផ្គង់។ កីឡាករ-កីឡាការិនីទាំងអស់មាន ១៩គូ ដែលត្រូវប្រកួតរយៈពេល ៣ថ្ងៃ ហើយក្នុងមួយថ្ងៃ ក៏មានគូអន្តរជាតិយ៉ាងតិច ២គូ រវាងកីឡាករជើងខ្លាំងកម្ពុជា និងកីឡាករបរទេសទៀតផង។ លោករំពឹងថាកម្មវិធីនេះ នឹងក្លាយជាផ្នែកមួយ ធ្វើឲ្យពិធីបុណ្យសមុទ្រកាន់តែទាក់ទាញថែមទៀត៕