បាល់ទាត់ ៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) បានសម្រេចលើកពេលជាផ្លូវការ នៃការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ឆ្នាំ២០២២ ដោយសាររីករាដាលនៃការផ្ទុះវីរុស COVID-19។
ការសម្រេចចិត្តប្រកាសលើកពេលប្រកួតនេះបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយតំណាងនៃបណ្តាប្រទេសនៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នាទីក្រុងគូឡាឡាំពួ កាលពីថ្ងៃចន្ទ។ ក្នុងសេចក្ដីសម្រេចនេះ AFC បានបញ្ជាក់ថាការប្រកួតដែលគ្រោងនឹងធ្វើនៅខែមីនានឹងត្រូវបានប្តូរទៅប្រកួតនៅខែតុលា និងការប្រកួតខែមិថុនាត្រូវលើកទៅប្រកួតនៅខែវិច្ឆិកា។
ដូច្នេះមានន័យថា កម្ពុជា ត្រូវជួបជាមួយ ជម្រើសជាតិបារ៉ែន នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ នឹងត្រូវលើកទៅថ្ងៃទី០៨ ខែតុលា និងប្រកួតដែលកម្ពុជា ត្រូវទទួលអ៊ីរ៉ង់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នឹងលើកទៅប្រកួតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ខណៈប្រកួតចុងក្រោយរបស់កម្ពុជា ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ត្រូវលើកទៅប្រកួតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០៕