ភ្នំពេញ៖ពលរដ្ឋនៅខេត្តកំពង់ចាម ម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីបានបញ្ជូនដល់ទៅបន្ទប់សង្គ្រោះបន្ទាន់ និងព្យាបាលនៅទីនោះ រយៈពេលមួយថ្ងៃ។
ការស្លាប់នោះ ធ្វើឱ្យក្រុមគ្រួសារសពនៅតែមិនអស់ចិត្ត ដោយអះអាង ថា ស្ថានភាពអ្នកជំងឺមិនគួរស្លាប់នោះទេ ប៉ុន្តែ គឺដោយសារការមិនយក ចិត្តទុកដាក់ចំពោះអ្នកជំងឺពីសំណាក់គ្រូពេទ្យ នៅទីនោះ បន្ទាប់ពីគ្រួសារអ្នកជំងឺប្រាប់ថា គ្មានថវិកាគ្រប់គ្រាន់សម្រាប់បង់ឱ្យ។ ក្រុមគ្រួសារសព គ្រោងនឹងប្ដឹងមន្ទីរពេទ្យមួយនេះ ចំពោះការស្លាប់របស់សមាជិកគ្រួសារខ្លួន។
ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីគ្រួសារអ្នកជំងឺម្នាក់ រស់នៅឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបញ្ជូនសមាជិករបស់ខ្លួន គឺអ្នកស្រី រុន គឹមស្រេន ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១៤ ខែកញ្ញា ហើយត្រូវបានស្លាប់នៅទីនោះនៅថ្ងៃដដែល។
និយាយសម្ដីម៉ឺងម៉ាត់ ទឹកមុខស្រងូតស្រងាត់ ចងបូកាន់ទុក្ខនៅជាប់នឹងសក់ កញ្ញា រុន គឹមស្រឿន ដែលត្រូវជាប្អូន អ្នកស្រី រុន គឹមស្រេន បានរៀបរាប់ថា ជំងឺបងកញ្ញា គឺមិនសមនឹងស្លាប់ឡើយ ព្រោះអាការៈអ្នកជំងឺមិនមានអ្វីធ្ងន់ធ្ងរទេ អាចដើរដោយខ្លួនឯងបាននៅពេលបញ្ជូនពីមន្ទីរខេត្តកំពង់ចាម នោះ។ កញ្ញាបន្តថា ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ដំបូង គឺគេតម្រូវឱ្យបង់ថ្លៃសេវាចំនួនជាង ៦០ដុល្លារ ហើយក៏យកអ្នកជំងឺទៅពិនិត្យនៅកន្លែងមានឧបករណ៍ទំនើបៗ ដែលទំនងជាគិតថាគ្រួសារកញ្ញាជាគ្រួសារធូរធារ។
កញ្ញា រុន គឹមស្រឿន៖ «ពេទ្យគាត់ខ្នះខ្នែងខ្លាំងណាស់ ពេលមានអ្នកជំងឺចូល ប៉ុន្តែប្រសិនបើអ្នកជំងឺហ្នឹងគ្មានលុយ ពួកគាត់អត់ខ្នះខ្នែងទេ គាត់អត់ជួយទេ ព្រោះអីខ្ញុំសង្កេតឃើញថា មុនដំបូងពេលខ្ញុំទៅដល់ គេប្រហែលជាគិតថា ខ្ញុំហ្នឹងមានលុយខ្លាំងហើយ គេមកជួយបងខ្ញុំយ៉ាងខ្លាំង គេមកចាក់ថ្នាំ បងខ្ញុំធូរស្រាល។ ពេលបន្ទាប់ពីពួកគាត់ដឹងថា ខ្ញុំអត់មានប្រាក់ ពួកគាត់ទុកចោល។ ហើយមួយទៀត ក្រុមពេទ្យទាំងអស់ដែលគាត់ធ្វើការ គាត់គិតតែប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់ពេទ្យរបស់ពួកគាត់ដោយមិន គិតពីសង្គម ខ្ញុំគិតថានឹងរលាយនៅថ្ងៃណាមួយ»។
ប្រភពដដែលបន្ថែមថា ពីដំបូង មានគ្រូពេទ្យជាច្រើនបាននាំគ្នាយកចិត្តទុកដាក់ចំពោះអ្នកជំងឺជា ខ្លាំង រហូតធ្វើឱ្យអាការៈអ្នកជំងឺប្រែជាស្រស់ស្រាយភ្លាមៗ ដែលធ្វើឱ្យកញ្ញា និងក្រុមគ្រួសារ សង្ឃឹមថានឹងបានត្រឡប់មកផ្ទះវិញក្នុងពេលឆាប់ៗ។ ប៉ុន្តែ ក្តីសង្ឃឹមនោះប្រែជារលាយវិញ បន្ទាប់ពីកញ្ញាប្រាប់គ្រូពេទ្យនៅទីនោះថា គ្រួសារកញ្ញាមិនមានលទ្ធភាពបង់ថ្លៃព្យាបាលនោះទេ។ ក្រោយពីប្រាប់ដូច្នេះរួច គេក៏ចេញលិខិតព្យាបាលជំងឺដោយឥតគិតថ្លៃ ប៉ុន្តែប្រហែលមានតែលិខិតទេ ព្រោះគ្រូពេទ្យក៏លែងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ក្រៅតែពីមកដើម្បីសួរឈ្មោះប៉ុណ្ណោះ។
រូបថតសព រុន គឹមស្រេន និងអដ្ឋិធាតុ ទុកសម្រាប់ធ្វើបុណ្យ ៧ថ្ងៃ។ រូបថតថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ RFA/Saut Sokprathna
ខុសប្លែកពីបងស្រីកញ្ញាដែលគ្មានប្រាក់សម្រាប់បង់ រីឯអ្នកជំងឺផ្សេងៗដែលមានប្រាក់គ្រប់គ្រាន់សម្រាប់មើល គ្រូពេទ្យមកសួរនាំឥតឈប់ឈរ ធ្វើឱ្យគ្រួសារកញ្ញាគិតថា ទាល់តែមានលុយទៅបង់ឱ្យគេខ្លះ ទើបមានការមើលថែដិតដល់ដូចគេ។ ក្រោយមក ក៏សម្រេចរ៉ៃលុយគ្នាបានប្រមាណជា ៧០០ដុល្លារឱ្យពេទ្យ ប៉ុន្តែត្រូវបានខាងពេទ្យបញ្ជាក់ថា បងកញ្ញាបានបង់រួចហើយ គឺសំអាងទៅលើលិខិតឥតបង់ប្រាក់ដែលមន្ទីរពេទ្យចេញឱ្យនោះ។ ទីបំផុតទៅ បងកញ្ញាក៏បានស្លាប់នៅម៉ោងជាង ១១អាធ្រាត្រនៅថ្ងៃទី១៤ កញ្ញា។
កញ្ញា រុន គឹមស្រឿន៖ «ខ្ញុំឃើញអ្នកជំងឺមួយៗពេលដែលពួកគាត់យក អ្នកជំងឺទៅ ឃើញពួកគាត់ស្ពាយលុយទាំងកាបូបៗទៅហ្មង ហើយសុទ្ធតែឡានទំនើបៗ។ អ៊ីចឹងខ្ញុំគិតថាពួកខ្ញុំដែលខ្វះខាតលុយ ពេទ្យអត់សូវមកអើតមកឈ្ងោកពួកខ្ញុំ។ នេះ គឺជាបញ្ហាៗត្រង់ថាពួកខ្ញុំអត់មានលទ្ធភាពបង់ ហើយខ្ញុំឮសូរសម្ដីអ្នកនៅខាងក្រៅ ដែលគេនិយាយជាច្រើននាក់ថា ពេទ្យនីមួយៗយើងបង់លុយឱ្យហើយ ប៉ុន្តែយើងត្រូវយកលុយបន្តិចបន្តួចទៅសូកហោប៉ៅពេទ្យទៀតដើម្បីឱ្យ ពួកគាត់ឧស្សាហ៍មកមើល ឧស្សាហ៍មកឈ្ងោកអ៊ីចឹងទៀត។ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំបាក់ទឹកចិត្តមែនទែន ដោយសារតែបញ្ហាលុយបងខ្ញុំត្រូវបានជា ប៉ុន្តែដោយសារលុយ បងខ្ញុំត្រូវបាត់បង់ជីវិតនៅពេទ្យកាល់ម៉ែត»។
ការស្លាប់របស់ អ្នកស្រី រុន គឹមស្រេន ជាស្ត្រីមេម៉ាយដែលមានអាយុ ៣២ឆ្នាំនោះ បានបន្សល់ទុកនូវកូនតូចៗចំនួនពីរនាក់ រស់នៅជាមួយជីដូន និងបន្សល់ទុកនូវភាពមិនអស់ចិត្ត ពីព្រោះជំងឺអ្នកស្រី គឺកើតឡើងបានតែមួយសប្ដាហ៍ប៉ុណ្ណោះ។
ចំណែក កញ្ញា រុន គឹមស្រឿន វិញយល់ថា ពេទ្យនេះមើលឃើញតែលុយ និងសម្រាប់តែអ្នកមាន៖ «ខ្ញុំ គិតថា ប្រសិនបើពេទ្យនៅប្រទេសកម្ពុជា យើង បើសិនពេទ្យនៅតែរបៀបនេះ ប្រជាពលរដ្ឋដែលគ្មានលុយ គឺគ្មានសង្ឃឹមទេ។ ហើយខ្ញុំសូមដាក់ឈ្មោះពេទ្យនេះថា ជាពេទ្យទេវតាសម្រាប់អ្នកមាន តែជាពេទ្យឃាតកសម្រាប់អ្នកក្រ។ ដោយសារអ្នកក្រគ្នាខ្វះខាតលុយអ៊ីចឹង ហើយពេទ្យហ្នឹងគាត់នៅតែប្រកាន់ថា គាត់ត្រូវការលុយដោយសារគ្មានក្រមសីលធម៌អាណិតអ្នកជំងឺអ៊ីចឹង អ្នកជំងឺនៅក្នុងប្រទេសទាំងអស់ នឹងត្រូវបានស្លាប់ ប្រសិនបើបញ្ជូនទៅពេទ្យហ្នឹងដូចបងស្រីខ្ញុំអ៊ីចឹង»។
កញ្ញា គឹមស្រឿន ចង់ឱ្យគ្រប់មន្ទីរពេទ្យ និងគ្រូពេទ្យទាំងអស់ គប្បីមិនត្រូវគិតតែប្រាក់នោះទេ ពោល គឺត្រូវគិតរឿងអាយុជីវិតមនុស្សជាសំខាន់។ បន្ថែមពីនេះទៀត កញ្ញាស្នើឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសស្ថាប័នអំពើពុករលួយ គប្បីពិនិត្យមន្ទីរពេទ្យនេះ ពីព្រោះមានអ្នកជំងឺក្រីក្រជាច្រើនត្រូវការយុត្តិធម៌។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងទៅប្រធានមន្ទីរពេទ្យកាល់ម៉ែត លោក ឈៀង រ៉ា និងប្រធានផ្នែករដ្ឋបាលជាច្រើនលើកច្រើនសា នៅតែគ្មានការឆ្លើយតបនៅថ្ងៃទី១៨ កញ្ញា។
ប៉ុន្តែ បុគ្គលិកផ្នែករដ្ឋបាលក្នុងមន្ទីរពេទ្យនេះ សុំមិនឱ្យបញ្ចេញឈ្មោះឱ្យដឹងថា ក្នុងមន្ទីរពេទ្យកាល់ម៉ែត មិនប្រកាន់អ្នកមាន ឬអ្នកក្រទេ។ ចំពោះអ្នកបង់ប្រាក់ និងអ្នកមិនបង់ប្រាក់ គឺព្យាបាលដូចគ្នា ពោល គឺគ្រូពេទ្យយកចិត្តទុកដាក់ដូចគ្នា ពីព្រោះសុទ្ធតែជាខ្មែរ។ បុគ្គលិកដដែលបន្តថា ករណីខ្លះអាចមានស្លាប់ ដោយសារតែជំងឺនោះមានសភាពធ្ងន់ធ្ងរទៅហើយ ប៉ុន្តែក្រុមគ្រួសារមិនដឹងពីស្ថានភាពក្នុងខ្លួនរបស់អ្នកជំងឺ ឃើញតែសភាពខាងក្រៅថាប្រសើរ ដល់ពេលអ្នកជំងឺស្លាប់ ក៏មិនសប្បាយចិត្តចំពោះគ្រូពេទ្យ៖ «អាចតាមដានអាការៈជំងឺរបស់ គាត់ ប្រសិនបើគាត់ទន់ហើយ ឬយ៉ាងម៉េចហើយ។ ពេលខ្លះអាហ្នឹងបងធ្លាប់ឃើញទេណា៎ ពេលខ្លះអ្នកជំងឺខ្លះ គាត់មើលឃើញថាស្រួល ប៉ុន្តែតាមពិតខាងក្នុងគាត់មិនមែនស្រួលទេ។ អ្នកជំងឺខ្លះមើលថាទន់ ប៉ុន្តែពេលខ្លះគាត់អាចមានកម្លាំងឡើងវិញ។ អាហ្នឹងអាស្រ័យលើអ្នកជំងឺ។ ហើយទទួលបានហើយថាក្នុងមន្ទីរពេទ្យយើងបានព្យាបាលអីហើយ ប៉ុន្តែអាការៈថាមកពីខាងកំពង់ចាម ថាគាត់គ្រុនឈាម។ គ្រុនឈាម អូនដឹងហើយថា បើសិនជាលើសចំនួនថ្ងៃរបស់គេ វាមានគ្រោះថ្នាក់ ឬមួយគាត់ទុកដល់ថ្ងៃទីប៉ុន្មាន? កម្រិតទីម៉ានដែលគាត់មកដល់មន្ទីរពេទ្យធំ»។
ប្រភពដដែលបន្ថែមថា គ្មានមន្ទីរពេទ្យណា ឬគ្រូពេទ្យណាចង់ឱ្យអ្នកជំងឺរបស់ខ្លួនស្លាប់ឡើយ ហើយកន្លងមក ក៏មិនដែលមានការចោទប្រកាន់ដូចនេះទេ។ ចំណែកការចោទប្រកាន់ណាមួយនោះ គឺវាជារឿងមិនត្រឹមត្រូវ និងគ្មានភស្តុតាងច្បាស់លាស់ ព្រោះគ្រូពេទ្យទាំងអស់គោរពតាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយមិនចង់បានអ្វីក្រៅពីជួយជីវិតអ្នកជំងឺឡើយ៖ «គ្រូពេទ្យមួយៗ គាត់ព្យាយាមព្យាបាលអ្នកជំងឺអស់ពីសមត្ថភាពរបស់គាត់។ ទោះបីជាស្លាប់ ឬក៏ត្រូវត្រឡប់ទៅផ្ទះវិញ គឺអស់ពីសមត្ថភាពរបស់គ្រូពេទ្យ។ ហើយក្នុងខណៈថាស្លាប់ អាចអាការៈរបស់គាត់ទន់ហើយ ឬក៏ជំងឺរបស់គាត់ធ្ងន់ធ្ងរហ្នឹងជាអាការៈរបស់បុគ្គលមួយៗណា៎! ប្រសិនបើនិយាយពីបច្ចេកទេសរបស់ពេទ្យ គេព្យាបាលអស់ពីសមត្ថភាពរបស់គេហើយ។ ចា៎! អ្នកនៅក្នុងស្ថានភាពយ៉ាងម៉េចក៏ដោយ គ្រូពេទ្យអត់មានទាមទាររកអីផ្សេងទៀតទេ គឺមុខជំនាញរបស់គាត់ព្យាបាលអ្នកជំងឺ»។
ប្រសិនបើមានអ្នកជំងឺស្លាប់ក្នុងមន្ទីរពេទ្យនេះ គេតែងចេញនូវលិខិតមរណភាពឱ្យ ដោយក្នុងលិខិតមរណៈនោះ គឺមានបញ្ជាក់ពីអាការៈអ្នកស្លាប់ ព្រោះបើគ្មានលិខិតនេះទេ គឺគេមិនអាចយកសពទៅបូជា ឬបញ្ចុះបានឡើយ ប៉ុន្តែខាងគ្រួសារសព អ្នកស្រី រុន គឹមស្រេន អះអាងថា ខាងមន្ទីរពេទ្យមិនបានចេញលិខិតមរណៈនោះឱ្យឡើយ វាហាក់មានចេតនាបិទបាំងចំពោះការស្លាប់នេះ។ យ៉ាងណាក៏ដោយ បុគ្គលិកផ្នែករដ្ឋបាលរូបនោះ នឹងសាកសួរទៅខាងបច្ចេកទេសបន្ថែមទៀត ជុំវិញករណីនេះ។
ទាក់ទងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តកំពង់ចាម លោក នាង សុវ៉ាត មានប្រសាសន៍ថា កន្លងមក គឺមានការត្អូញត្អែរចំពោះមន្ទីរពេទ្យមួយនេះពីសំណាក់ពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាប្រាក់ រួមទាំងគ្រួសារលោកផង។ លោកបន្តថា កន្លងមក មន្ទីរពេទ្យនេះហាក់គិតរឿងប្រាក់ច្រើនជាងរឿងជីវិត ដែលវាធ្វើឱ្យខុសពីក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ពីព្រោះគ្រូពេទ្យ គឺជាឪពុកម្ដាយទីពីររបស់មនុស្ស តែបើឪពុកម្ដាយគិតតែប្រាក់ហើយនោះ ជីវិតមនុស្សនឹងត្រូវរលាយ។ លើសនេះ ការមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺដែលក្រីក្រ គឺជារឿងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោក នាង សុវ៉ាត៖ «វារំលោភដល់សិទ្ធិមនុស្សដែលជាសិទ្ធិទទួលបាន សុខភាពស្មើគ្នា វារំលោភដល់មនុស្សធ្ងន់ធ្ងរណាស់។ ព័ត៌មាននេះត្រូវតែចាត់ការជាបន្ទាន់ បើមិនចាត់ការជាបន្ទាន់ទេ គោលនយោបាយកែទម្រង់ប្រឆាំងអំពើពុករលួយណាគេជឿ។ បើមានរឿងអាសូរមានរឿងនៅស្ទឹងត្រែង រតនគិរី រឿងនៅកាល់ម៉ែត រឿងនៅភ្នំពេញ។ គណៈកម្មាធិការប្រឆាំងអំពើពុករលួយ គណៈកម្មាធិការកើតក្រោយនៅភ្នំពេញហ្នឹងដែរតា! រឿងអីបានអត់ធ្វើ ហើយបើធ្វើមិនបានទេ ចប់ហើយ កែទម្រង់ទៀតនោះកែទម្រង់អីក៏គេអត់ជឿដែរ»។
លោកបន្ថែមថា បញ្ហានេះហើយបានធ្វើឱ្យអ្នកជំងឺនៅស្រុកខ្មែរមួយភាគធំ តែងតែទៅមើលជំងឺរបស់ខ្លួននៅប្រទេសក្រៅ ជាជាងជឿលើប្រព័ន្ធសុខាភិបាលក្នុងស្រុករបស់រដ្ឋ ដែលតែងតែមានអំពើពុករលួយ រួមនិងការរិះគន់ថាមិនបានយកចិត្តទុកដាក់ និងប្រើសម្ដីមិនសមរម្យចំពោះអ្នកជំងឺ ជាដើម។ លោកបញ្ជាក់ថា ក្នុងច្បាប់បានចែងថា ប្រជាពលរដ្ឋអាចប្ដឹងទៅអង្គការរដ្ឋ ឬអង្គការសង្គម ឬបុគ្គលិកនៃអង្គការទាំងនោះបាន។ ដូច្នេះ ខាងគ្រួសារសពក៏អាចប្ដឹងទៅមន្ទីរពេទ្យនេះ ដើម្បីទាមទារសំណង និងឱ្យទទួលខុសត្រូវចំពោះការស្លាប់នោះ៕ប្រភព៖rfa
រូបថតសព រុន គឹមស្រេន និងអដ្ឋិធាតុ ទុកសម្រាប់ធ្វើបុណ្យ ៧ថ្ងៃ រូបថតថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤