បន្ទាយមានជ័យ ៖ មនុស្សយ៉ាងហោចណាស់បីនាក់បានរងរបួសធ្ងន់ស្រាល រីឯរថយន្តចុះដេកក្នុងទឹក ខណៈដែលបុរសម្នាក់បង្រៀនប្រពន្ធអោយបើកបរ។ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២០ស្ថិតលើខ្នងអាងចំនុចស្ពានទី១រមណីយ៍ដ្ឋានអាងត្រពាំងថ្ម ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
យោងតាមសម្តីអ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2A 9331បើកពីកើតទៅលិចមកដល់ចំនុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកអ្នកលក់ឈូកលើខ្នងអាងពេញទំហឹងបណ្តាលអោយធ្លាក់ទាំងមនុស្ស រថយន្ត ចូលទៅក្នុងទឹកអាង។
លោក យ៉ត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានអោយដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមាន
១.ឈ្មោះ ព្រីញ ដា ភេទ ស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិ មាត់ស្រះ ឃុំ ស្រះជីក ស្រុក ភ្នំស្រុក ខេត្ត បន្ទាយមានជ័យ( របួសធ្ងន់ បែកក្រោមត្របកភ្នែកខាងឆ្វេង) ២.ឈ្មោះ លាង ភាឡៃ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ត្រូវជាប្តី រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ រលាត់ជញ្ជើមឆ្វេង)ជាម្ចាស់រថយន្ត និងទី៣- ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទ ស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំ ប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ជាអ្នកឈូក គៀនត្រជៀកស្ពានទី ១ ផ្នែកខាងលិច (របួសធ្ងន់ ) ។
លោកអធិការបានអោយដឹងទៀតថាក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក ដោយស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ។
ហេតុការណ៍នេះដែរ បើយោងតាមការបញ្ជាក់ពីលោកអធិការបានអោយដឹងថា គឺបណ្តាលមកពីឈ្មោះ ព្រីញ ដា រៀនបើកបរ ដោយខ្វះការប្រុងប្រយ័ត្ន ៕