បរទេស ៖ លីគកំពូល ២ ប្រទេសមានដូចជា Bundesliga និង Serie A បានត្រៀមប្រកួតវិញ ដោយបិទទ្វារគ្មានអ្នកគាំទ្រ។ នេះបើយោងតាម ESPN FC ។
សម្រាប់លីគកំពូលអ៊ីតាលី Serie A អនុញ្ញាតឲ្យកីឡាករហ្វឹកហាត់រៀងខ្លួនៗចាប់ផ្តើមពីថ្ងៃទី៤ និងចូលហ្វឹកហាត់ជាក្រុមចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ សម្រាប់កាលបរិច្ឆេទនៃការប្រកួតជាថ្មីនៅ Serie A គឺចាប់ពីថ្ងៃទី២៧ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនា តែនៅតែមិនទាន់បើកឲ្យមានអ្នកចូលមើលនោះទេ ត្រូវលេងដោយបិទទ្វារ។
នៅលីគកំពូលអាល្លឺម៉ង់ Bundesliga ក៏បានដំណឹងថា អនុញ្ញាតឲ្យកីឡាករគ្រប់ក្រុមចូលហ្វឹកហាត់វិញ ដោយចាប់ផ្តើមពីថ្ងៃទី៩ ខែឧសភា។ វិធានការនៅអាល្លឺម៉ង់ គឺសម្រាប់ការប្រកួតដែលនៅសល់នឹងត្រូវអនុញ្ញាតឲ្យមនុស្សចូលក្នុងកីឡដ្ឋានត្រឹមតែ២៤០នាក់ប៉ុណ្ណោះមានដូចជា កីឡាករ គ្រូ មន្ត្រីអាជ្ញាកណ្ដាល បុគ្គលិកពេទ្យ និងក្រុមការងារថត ហើយក៏ត្រូវអនុវត្តវិធានការការពារ ឬតាមដានសុខភាពកីឡាករ និងបុគ្គលិកក្លឹបនីមួយៗផងដែរ។ ចំណែកនៅ La Liga និង Premire League នៅមិនទាន់ដឹងនៅថ្ងៃវិលវិញនៅឡើយទេ៕